នៅព្រឹកថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីប្រកាសកំណត់តំបន់វិនិច្ឆ័យ (សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ)។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយជាសាធារណៈ អំពីដំណើរការនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិបឹងជុំ និងភូមិភ្នំតូច ឃុំបឹងតាព្រហ្ម នៃស្រុកព្រៃនប់ ដែលត្រូវប្រកាសបើកជាផ្លូវការជាតំបន់ធ្វើការវិនិច្ឆ័យសំរាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងដើម្បីជំរាបជូនបងប្អូនឱ្យបានយល់ដឹងអំពីដំណើរការ នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ភារកិច្ច និងកាតព្វកិច្ចរបស់បងប្អូនជាម្ចាស់ដែលត្រូវបំពេញ និងគ្រប់សមត្ថកិច្ចពាក់ព័ន្ធ។
យោងតាមរបាយការណ៍ពីលោក ចេង ស្រុង ប្រធានមន្ទីររៀបបំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុបានអោយដឹងថា ខេត្តព្រះសីហនុ ជាខេត្តមួយដែលបានអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធតាមរយៈគម្រោងរៀបចំដែនដី និង រដ្ឋបាលដីធ្លីតាំងពីឆ្នាំ ២០០៣ ហើយបានប្តូរមកជាកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីនៅក្នុងឆ្នាំ២០០៩ រហូតមកដល់បច្ចុប្បន្ន ដោយមានការគាំទ្រផ្នែកហិរញ្ញូវត្ថុពីរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍មានប្រទេសអាល្លឺម៉ង និងហ្វាំងឡង់ និងជំនួយបច្ចេកទេស ពីអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ របស់ក្រសួងរៀបចំដែនដីដរូបនីយកម្ម និងសំណង់ ជាពិសេស គឺការយកចិត្តទុកដាក់របស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីធ្វើការចុះបញ្ជីដីធ្លី និងចេញប័ណ្ណកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋ។ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺជាទិសដៅរបស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ ជំរុញឱ្យមានស្ថេរភាពសង្គម ការអភិវឌ្ឍន៍សេដ្ឋកិច្ច ធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងជំរុញការអភិវឌ្ឍន៍ទីផ្សារដីធ្លីប្រកបដោយប្រសិទ្ធិភាព ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រកាសចេញនូវគោលនយោបាយដីធ្លី ក្នុងគោលបំណងពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ទីផ្សារដីធ្លីទប់ស្កាត់ និងដោះស្រាយទំនាស់ដីធ្លី រៀបចំដែនដី ជំរុញការបែងចែកដីធ្លី ប្រកបដោយសមធម៌ និងគ្រប់គ្រងធនធានធម្មជាតិប្រកបដោយប្រសិទ្ធិភាព។
នាឱកាសនោះ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អំពីការអភិវឌ្ឍន៍ប្រទេសជាតិរីកចម្រើនដូចបច្ចុប្បន្ន ហើយចំពោះការរៀបចំផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ ម្ចាស់កម្មសិទ្ធិដីធ្លីជាបន្តបន្ទាប់កន្លងមកនេះ ក៏ស្ថិតនៅក្នុងគោលនយោបាយដ៏សំខាន់ក្នុងអភិវឌ្ឍន៍ប្រទេសជាតិ។ នេះជាការសមស្របបំផុតដែលបានកំណត់នៅក្នុងគោលនយោបាយ ដីធ្លីរបស់រាជរដ្ឋាភិបាលដើម្បីលើកស្ទួយដល់ការអភិវឌ្ឍន៍របស់ប្រទេសជាតិ ជាប្រយោជន៍ដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋជាម្ចាស់ដីផងគឺ រដ្ឋគ្រប់គ្រងដីធ្លីបាន ទាំងដីរដ្ឋ និងដីឯកជន ដែលធ្វើឱ្យរដ្ឋមានការងាយស្រួលក្នុងការរៀបចំដែនដី រដ្ឋបាលដីធ្លី ការ បែងចែកដី និងកាត់បន្ថយទំនាស់ដីធ្លីធានាសុវត្តិភាពនៃការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ បម្រើដល់ការវិនិយោគប្រជាពលរដ្ឋធ្វើការបង្ករបង្កើនផល អាចជារបស់សំរាប់ដាក់បញ្ចាំ ឬជាសំអាងបាន ឬអាចប្រកបមុខរបរផ្សេងៗទៀតលើដីធ្លីរបស់ខ្លួនដោយគ្មានការព្រួយបារម្ភ និងលើកស្ទួយជីវភាពរស់នៅ។
ឯកឧត្ដមសង្ឃឹមថា ក្រោយពីការចុះបញ្ជីដីថ្មីនេះប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី និងអ្នកកាន់កាប់ដីទាំងអស់នឹងទទួលបានប័ណ្ណកម្មសិទ្ធិ ហើយតាមរយៈនៃប័ណ្ណកម្មសិទ្ធិនេះ បងប្អូននឹងក្លាយជាម្ចាស់ដីពិតប្រាកដ មានសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ប្រើប្រាស់ អាស្រ័យផល និងចាត់ចែង មិនត្រឹមតែប៉ុណ្ណោះ ប័ណ្ណកម្មសិទ្ធិនេះ គឺជាឯកសារគតិយុត្តិសំរាប់ជាសំអាង ទៅពេលមានជំលោះដីធ្លីកើតឡើង ថាខ្លួនជាម្ចាស់ដីពិតប្រាកដ។ ក្រៅពីនេះក្រោយពីទទួលបានប័ណ្ណកម្មសិទ្ធិនេះរួចហើយ ក៏ពុំមាននរណាម្នាក់ត្រូវបានគេដកហូតកម្មសិទ្ធិរបស់ខ្លួនបានឡើយ ប្រសិនបើការដកហូតនេះមិនមែដើម្បីប្រយោជន៍សាធារណៈ ការដកហូតត្រូវធ្វើទៅតាមទម្រង់និងនីតិវិធីបញ្ញត្តិដោយច្បាប់ និងបទបញ្ជា បន្ទាប់ពីបានផ្តល់សំណងជាមុនដោយសមរម្យ និងយុត្តិធម៌។
សូមបញ្ជាក់បន្ថែមថា នៅក្នុងស្រុកព្រៃនប់នាពេលកន្លងមក បានធ្វើការចុះបញ្ជីដីធ្លីនៅឃុំជើងគោ និងឃុំអូរឧកញ៉ាហេង ចុះវាស់វែងក្បាលដីសរុបបានចំនួន ៩,៩១៨ ក្បាលដី បំពេញទម្រង់បែបបទនៃការប្រមូលទិន្នន័យក្បាលដីសរុបបានចំនួន ៩,៤៣៧ក្បាលដី និងចែកប័ណ្ណកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋបានចំនួន ១,០៤០ប័ណ្ណ៕