ល្ងាចថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចយាងប្រោសព្រំព្រះបដិមាឧមា-មហេសូរ នៅរង្វង់មូលរាម ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានប្រោសព្រំ សុំពរជ័យ សិរីសួស្តី និងសេចក្តីសុខជូនដល់ឯកឧត្តមអភិបាលខេត្ត និលោកជំទាវ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ សម្រាប់ឆ្នាំថ្មី ២០២២ខាងមុខនេះ និងចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា ដើម្បីកសាង និងអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។
សូមបញ្ជាក់ថា ព្រះបដិមាឧមា- មហេសូរ នៅរង្វង់មូលរាម ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានអភិសេកកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ កន្លងមក។ បដិមាព្រះឧមា-មហេសូរ ធ្វើពីលោហធាតុ មានកម្ពស់ ៩ម៉ែត្រ គង់នៅលើបល្ល័ង្កកម្ពស់ ៦,១៥ម៉ែត្រ ជានិមិត្តរូប នៃការបង្កើតលោក និងតំណាងឱ្យសេចក្តីសុខ សុភមង្គល ភាពសុខសាន្ត សុខដុមនីយកម្មក្នុងគ្រួសារ និងសង្គម៕