ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បើកសិក្ខាសាលាស្ដីពី “បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព”
សិក្ខាសាលានៅធ្វើឡើង នៅព្រឹកថៃ្ងចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នៅសាលាខេត្តព្រះសីហនុ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០២១ ក្រោមវត្តមាន ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងលោកនាយឧត្ដមសេនីយ៍ ឃុន សំបូរ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ឯកឧត្តម ម៉ាង ស៊ីណេត មានប្រសាសន៍ថា សិក្ខាសាលានេះ មានសារៈសំខាន់ស្របពេលដែលយើងកំពុងប្រឈមនឹងវិបត្តិកូវីដ។ ឯកឧត្តមបានបញ្ជាក់ថាឆ្នាំ២០២០ អាជីវកម្មទេសចរណ៍ ៧៦៨ទីតាំងត្រូវបានផ្អាកដំណើការ បុគ្គលិក៧,០០០នាក់ បាត់បង់ការងារ។ រដ្ឋបាលខេត្តបានយកចិត្តទុកដាក់អនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ទប់ស្កាត់ជំងឺកូវីដ អនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងប្រតិបត្តិស្តង់ដារអប្បរមាក្រសួងទេសចរណ៍ ក៏ដូចជាវិធានការរបស់ក្រសួងសុខាភិបាល រក្សាស្ថិរភាពទេសចរណ៍ ឱ្យមានដំណើរការអាជីវកម្ម សេវាកម្មទេសចរណ៍ក្នុងទម្លាប់ថ្មី។
ឯកឧត្តមបានថ្លែងអំណរគុណក្រសួងទេសចរណ៍ រៀបចំសិក្ខាសាលាបណ្តុះបណ្តាលនេះ ដើម្បីបង្កើនចំណេះដឹង និងសមត្ថភាពដល់មន្ត្រីរបស់យើងធានាបានសុវត្ថិភាពពីជំងឺកូវីដតាមគន្លងថ្មី ស្របពេលដែលរាជរដ្ឋាភិបាលប្រកាសបើកដំណើរការអាជីវកម្មគ្រប់ប្រភេទឡើងវិញដើម្បីធ្វើអោយងើបឡើងវិញនូវសេដ្ឋកិច្ចសង្គម។
លោកនាយឧត្តមសេនីយ៍ ឃុន សំបូរ គូសបញ្ជាក់ថា សិក្ខាសាលានេះពិតជាបានផ្តល់បទពិសោធន៍ និងចំណេះដឹងថ្មីៗបន្ថែមទៀតដល់មន្ត្រីអន្តោប្រវេសន៍ ទី១.យល់ដឹងបទពិសោធន៍ក្នុងការធ្វើបដិសណ្ឋារកិច្ចភ្ញៀវបរទេស និងគណ:ប្រតិភូ ២.ពង្រឹងសេវាកម្មជំនាញ ៣.ការធ្វើអំពើល្អ។ លោកបន្ថែមថាក្នុងនាមជាមន្ត្រីជំនាញត្រូវទទួលខុសត្រូវ និងគិតពីក្រមសីលធម៌ដូចជា ១.គោរពវិន័យកងកម្លាំង ២.សម្លៀកបំពាក់សមរម្យ ៣.ពាក្យសម្តីទន់ភ្លន់រាក់ទាក់ ៤.ការផ្តល់ពត៌មាន និងការជួយសម្របសម្រួល ៥.រៀបចំកន្លែងធ្វើការ និងកន្លែងទទួលភ្ញៀវស្អាត ដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៍នេះឱ្យដំណើរការល្អនៅតាមច្រកទ្វាអន្តរជាតិទាំងអស់ក្នុងខេត្តព្រះសីហនុ មានដូចជាផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសកាន់តែល្អបន្ថែមទៀត។
ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថាដោយមានកិច្ចសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងរដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីមន្ត្រីអន្តោប្រវេសន៍ មន្ត្រីគយ មន្ត្រីចត្តាឡីស័កប្រចាំអាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ ក្នុងគោលបំណងកសាងសមត្ថភាព និងផ្តល់នូវចំណេះដឹងលើការងារបដិសណ្ឋារកិច្ច រួសរាយដល់ភ្ញៀវទេសចរនៅតាមច្រកទ្វារអាកាសយានដ្ឋានកងកេង។ ត្រូធានាឱ្យមានប្រសិទ្ធិភាពខ្ពស់ ក្នុងការធ្វើបដិសណ្ឋារកិច្ច រក្សាសន្តិសុខ សុវត្ថិភាពទេសចរ ពិសេសសម្រាប់ការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍គណ:ប្រតិភូ ចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ASEAN Tourism Forum-ATF) ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ក្នុងខេត្តព្រះសីហនុ។
ឯកឧត្តមបន្តថា ក្នុងបរិបទវិបត្តិសកលនៃជំងឺកូវីដ-១៩ បានរាតត្បាតពេញសកលលោក វិស័យទេសចរណ៍មានការប៉ះពាល់យ៉ាងខ្លាំង។ ក្នុងឆ្នាំ២០២០ កម្ពុជាទទួលភ្ញៀវទេសចរបរទេសប្រមាណ១,៣លាននាក់ ថយចុះ៨០,២ភាគរយ ធៀប២០១៩។ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១ កម្ពុជាទទួលភ្ញៀវទេសច់របរទេស១៤៤.៤៣៣នាក់ ថយចុះ ៨៨,៦ភាគរយ ធៀបឆ្នាំ២០២០។
ក្រសួងទេសចរណ៍ ជំរុញចលនាផ្សព្វផ្សាយ បង្កើនចលនាទេសចរណ៍ផ្ទៃក្នុង សម្របសម្រួលការធ្វើដំណើរ ពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍ និងសមត្ថភាពជំនាញក្នុងវិស័យទេសចរណ៍។ ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនឹងក្រោយវិបត្តិកូវីដ-១៩ (២០២០-២០២៥) រាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តកាលពីថ្ងៃ៣០ ខែមីនា ឆ្នាំ២០២១ ដោយចែកជា៣ ដំណាក់កាលទី១. Resilience & Restart ការគ្រប់គ្រងវិបត្តិក្នុងទម្លាប់ថ្មី និងរៀបចំការស្តារឡើងវិញ (២០២០-២០២១)ដំណាក់កាលទី២. Recovery ការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ (២០២២-២០២៣) ដំណាក់ កាលទី៣. Relaunch ការរៀបចំឆ្ពោះទៅអនាគតថ្មីនៃវិស័យទេសចរណ៍កម្ពុជា (២០២៤-២០២៥)។
ឯកឧត្តមបានស្នើឱ្យសិក្ខាកាមទាំង អស់ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ភ្ញៀវទេសចរដោយទឹកមុខញញឹម រួសរាយរាក់ទាក់ ទន់ភ្លន់ តែម៉ឺងម៉ាត់ក្នុងការងារ បង្កើនការប្រុងប្រយ័ត្នចាត់វិធានការប្រកបដោយប្រសិទ្ធភាព ទប់ស្កាត់ និងបង្ការការនាំចូលវីរុសកូវីដ-១៩ ចូលក្នុងព្រះរាជាណាចក្រកម្ពុជា៕