ថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨-៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ស៊ វរិន អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការផ្លាស់ប្តូរបទពិសោធន៍ និងគំនិតផ្តួចផ្តើមទីក្រុងឆ្លាតវៃសម្រាប់ក្រុងព្រះសីហនុ ក្រោមកិច្ចសហការ និងការសម្របសម្រួលដោយអង្គការសហប្រជាជាតិសម្រាប់លំនៅឋានមនុស្សជាតិ (UN-habitat) ដោយមានការចូលរួមពីតំណាងរដ្ឋបាលរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តសៀមរាប ព្រមទាំងមន្ទីរអង្គភាពជំនាញ ក្រុមការងារទីក្រុងឆ្លាតវៃខេត្តព្រះសីហនុ និងអាជ្ញាធរមូលដ្ឋានក្នុងខេត្តប្រមាណ ៤០ នាក់។
ទន្ទឹមនឹងការចែករំលែកចំណេះដឹង និងបទពិសោធន៍អំពីការរៀបចំទីក្រុងឆ្លាតវៃ ដល់ក្រុមការងារទីក្រុងឆ្លាតវៃក្រសួងមហាផ្ទៃ និងទីក្រុងដែលត្រូវបានជ្រើសរើសជាសមាជិកនៃកម្មវិធីទីក្រុងឆ្លាតវៃអាស៊ាន មានដូចជារាជធានីភ្នំពេញ ខេត្ត-ក្រុងសៀមរាប និងបាត់ដំបង។ សិក្ខាសាលានេះត្រូវបានរៀបចំជាពិធីប្រគល់នូវឯកសារ «ទស្សនទានទីក្រុងឆ្លាតវៃ ប្រកបដោយនិរន្តរភាព និងបរិយាបន្ន សម្រាប់ក្រុងព្រះសីហនុ» ដល់រដ្ឋបាលខេត្តព្រះសីហនុ ក្រុងព្រះសីហនុ ក្រុមការងារទីក្រុងឆ្លាតវៃខេត្តព្រះសីហនុ និងអ្នកពាក់ព័ន្ធដ៏ទៃទៀត។