ព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំថតស្បត វីដេអូផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង និងម្ចាស់អាជីវកម្មទេសចរណ៍ក្នុងខេត្តព្រះសីហនុ។
កិច្ចប្រជុំនេះផ្តោតលើចំនុចសំខាន់ៗដូចជា៖
១.ផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ខេត្តព្រះសីហនុ
២.បង្កើនការទាក់ទាញទេសចរណ៍
៣.បង្កើនការទាក់ទាញអ្នកទេសចរណ៍ និងវិនិយោគ
៤.ជម្រុញការទាក់ទាញទេសចរណ៍មកកាន់ខេត្តព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត បានមានប្រសាសន៍ថា ខេត្តព្រះសីហនុ ជាខេត្តមួយដែលដើរតួនាទីសំខាន់ផ្នែកសេដ្ឋកិច្ច និងទេសចរណ៍ យើងត្រូវរួមគ្នាបង្ហាញពីសក្តានុពល និងគោលដៅទេសចរណ៍របស់ខេត្តព្រះសីហនុដល់ភ្ញៀវទេសចរតាមរយៈស្បតវីដេអូខ្លី នៃពីសក្តានុពលដ៏សម្បូរបែបរបស់យើង ទាំងនៅលើគោក និងធនធានធម្មជាតិបាតសមុទ្រ ដូចជាផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រជាដើម ទន្ទឹមនោះក៏ត្រូវមានការចូលរួមពីវិស័យឯកជន ដែលបំរើការងារក្នុងវិស័យទេសចរណ៍ឱ្យទទួលបានជោគជ័យ។
ឯកឧត្តមបានបន្តថា ការបង្ហាញពីសក្តានុពលធម្មជាតិរបស់ខេត្តព្រះសីហនុ និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយប្រសិទ្ធភាព គុណភាព និងនិរន្តរភាព ដើម្បីចូលរួមចំណែកការពារ និងថែរក្សាធនធានធម្មជាតិ វប្បធម៌ និងទំនៀមទម្លាប់ដែលជាមូលដ្ឋានបំរើឱ្យវិស័យទេសចរណ៍ និងចូលរួមកាត់បន្ថយភាពក្រីក្រ។ ដោយធានាលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសេវាកម្មទេសចរណ៍ក្នុងខេត្តព្រះសីហនុ តាមរយៈការបង្កើតប្រព័ន្ធធានាគុណភាព ដោយផ្តល់សន្តិសុខ សុវត្ថិភាព ផាសុខភាព និងបង្កើនការពេញចិត្តដល់ភ្ញៀវទេសចរជាដើម៕