ព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ រួមទាំងសមាជិកសមាជិកា មន្ត្រីសាខា អនុសាខា និងអ្នកស្ម័គ្រចិត្ត បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយស្តីពី «ការលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយពីម្តាយទៅកូន» ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២១ និងនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនអ្នកផ្ទុកមេរោគអេដស៍ចំនួន១២០នាក់ មកពី៥ឃុំ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
នាឱកាសនោះ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក អាណិតអាសូរ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ជូនចំពោះបងប្អូនអ្នកផ្ទុកមេរោគអេដស៍ទាំងអស់។
ឯកឧត្តម គួច ចំរើន សូមឱ្យបងប្អូនដែលមានផ្ទុកមេរោគអេដស៍ ត្រូវថែទាំសុខភាពផ្ទាល់ខ្លួន ឱ្យបានរឹងមាំល្អ ក្នុងនោះថ្នាក់ដឹកនាំរបស់យើងមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំខេត្ត រួមទាំងសាខាកាកបាទក្រហមខេត្តព្រះសីហនុ ជាពិសេសក្រុមគ្រូពេទ្យរបស់យើង បានឈរនៅចាំគាំទ្របងប្អូនគ្រប់ពេលវេលា និងគ្រប់រាល់បញ្ហា។ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមកម្មវិធីក្នុងថ្ងៃនេះ សូមទៅចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ព្រមទាំងជួយបន្តផ្សព្វផ្សាយដល់សហគមន៍ មិត្តភក្តិ បងប្អូនបន្ថែមទៀត ឱ្យទៅទទួលការចាក់វ៉ាក់សាំងដើម្បីចូលរួមក្នុងការទប់ស្កាត់មេរោគកូវីដ-១៩ ចម្លងដល់ក្រុមគ្រួសារ និងសហគមន៍ និងអំពាវនាវដល់គ្រួសារទាំងអស់ សូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ៖ ៣ការពារ និង ៣ កុំ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា។
ឯកឧត្តម គួច ចំរើន ក៏បានកោតសរសើរដល់អាជ្ញាធរឃុំតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងបានជួយដោះស្រាយបានទាន់ពេលវេលា ទោះបីការដោះស្រាយបញ្ហាប្រឈមនានាទៅតាមលទ្ធភាព ក្នុងនោះការងារសន្តិសុខសុវត្ថិភាព និងការអភិវឌ្ឍមូលដ្ឋាន ដែលបានបំពេញការងារយ៉ាងសកម្មបំរើប្រជាពលរដ្ឋ។
អំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនអ្នកផ្ទុកមេរោគអេដស៍ក្នុងម្នាក់ៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរកន្ទេល១ ទឹកសុទ្ធ១កេស ទឹកក្រូច១កេស ម៉ាស់ ១ប្រអប់ ជែល១ដប ឃីត១(ភួយ១ មុង១ សារុង១ ក្រមា១) និងថវិកា១០ម៉ឺនរៀល៕