រសៀលថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍បានអញ្ជើញសម្ពោធដាក់ឱ្យដំណើការមណ្ឌលកំសាន្តឆ្នេរសមុទ្រ (BeachClub) ដែលមានទីតាំងនៅឆ្នេរអូរត្រេះ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ្នកឧកញ៉ា កុក អាន ឯកឧត្តមអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពក្នុងខេត្តព្រះសីហនុ ភ្ញៀវជាតិ និងអន្តរជាតិ។
លោក ហេង តុង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហ្គោលដិន សាន់ស្តាយ អេនធើធេនម៉ិន បានមាន ប្រសាសន៍ថា ការបើកសម្ពោធមណ្ឌលកម្សាន្តឆ្នេរសមុទ្រថ្ងៃនេះ គឺផ្ដោតសំខាន់លើការលំហែកាយ កម្សាន្តលក្ខណៈស៊ីវិល័យ កន្លែងមើលទេសភាពដ៏ល្អឥតខ្ចោះ ចំណតកប៉ាល់ និងឧទ្ធម្ភាចក្រ រួមទាំងភោជនីយដ្ឋាន កន្លែងកម្សាន្តបន្ទប់សម្រាក និងសណ្ឋាគារលំដាប់។ មណ្ឌលកម្សាន្តឆ្នេរសមុទ្រ ជាផ្នែកបន្ថែមនៃគម្រោងរបស់ ហាយ ហ្គ្រេន ហូថេល និងក្រុមហ៊ុន ហ្គោលដិន សាន់ស្កាយ ជាការចាប់ផ្ដើមដ៏ល្អមួយ បានបោះជំហានយ៉ាងម៉ឺងម៉ាត់ នឹងក្លាយជាចំណុចទាក់ទាញភ្ញៀវទេសចរដ៏ពេញនិយម ក៏ដូចជាបង្ហាញអត្តសញ្ញាណទីក្រុងនៃខេត្តព្រះសីហនុ និងរួមចំណែកដល់ការអភិវឌ្ឍទេសចរណ៍ខេត្តព្រះសីហនុផងដែរ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអបអរសាទរ ការបើកសម្ពោធមណ្ឌលកំសាន្តឆ្នេរសមុទ្រ ដែលបានបង្ហាញពីសកម្មភាពថ្មី នៃការបើកសេដ្ឋកិច្ចនៅកម្ពុជា នេះជាការចាប់ផ្ដើមដំបូងនៃការបើកដំណើរការសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុ ជាពេលវេលាដ៏សមស្របបំផុត ក៏ដូចជាឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។ ការវិនិយោគបានផ្ដល់ឱកាសការងារដល់ប្រជាជន និងយុវជនកម្ពុជារបស់យើងយ៉ាងច្រើនសន្ធឹកសន្ធាប់ ព្រមទាំងផ្តល់ឱកាសទទួលបានប្រាក់ចំណូល រួមចំណែកជម្រុញកំណើនសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុ ក៏ដូចជានៅកម្ពុជា។ រយៈពេលពីរឆ្នាំកន្លងមកនេះ ជំងឺកូវីដបានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ច វិស័យឯកជន និងរដ្ឋមានផលប៉ះពាល់យ៉ាងច្រើន បណ្ដាក្រុមហ៊ុនឯកជនមួយចំនួនឈានទៅដល់ការបិទទ្វារ ឬផ្អាកសកម្មភាព។ ប៉ុន្តែក្រុមហ៊ុន ហ្គោលដិន សាន់ស្កាយ ក៏មានការប៉ះពាល់ ដូចបណ្ដាក្រុមហ៊ុនផ្សេងៗដែរ ប៉ុន្តែក្រុមហ៊ុននៅតែបន្តសកម្មភាពនៃការវិនិយោគអភិវឌ្ឍន៍ការសាងសង់ដំណើរការមកដល់ពេលនេះ។ យើងខ្ញុំពិតជាកោតសរសើរលើកទឹកចិត្តឱ្យក្រុមហ៊ុន និងបណ្ដាក្រុមហ៊ុនផ្សេងៗទៀត បន្តការជម្រុញសកម្មភាពរបស់ខ្លួនបន្ថែមទៀតឱ្យបានជោគជ័យគ្រប់ៗគ្នា។ រាជរដ្ឋាភិបាលបានលើកទឹកចិត្តឱ្យបុគ្គលិក មន្ត្រីរាជការចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា យើងត្រូវរៀនរស់ក្នុងបរិបទកូវីដដោយចាប់ផ្ដើមបើកដំណើរការសកម្មភាពសេដ្ឋកិច្ច និងសង្គមដោយការប្រុងប្រយ័ត្នព្រមៗគ្នាសម្រាប់ខេត្តព្រះសីហនុរបស់យើងការអនុវត្តគោលនយោបាយ “ផ្លូវមួយ ខ្សែក្រវាត់មួយ ” របស់សាធារណរដ្ឋប្រជាមានិតចិន និងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ពិតជាបានរួមចំណែកក្នុងការកែលម្អសោភ័ណភាពទីក្រុង និងផ្លូវថ្នល់ជាច្រើនក្នុងខេត្តព្រះសីហនុ។
ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលបានសម្រេចបង្កើតក្រុមប្រឹក្សាសម្រាប់រៀបចំផែនការមេ ការអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក្រុមប្រឹក្សានេះ ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានក្រុមប្រឹក្សាភិបាល ហើយកន្លងមកសម្តេចតេជោ ក៏បានផ្តល់កញ្ចប់ថវិកាធ្វើការអភិវឌ្ឍក្រុង និងខេត្តព្រះសីហនុ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ភ្លើងបំភ្លឺសាធារណៈ ភ្លើងស្តុប កាមេរ៉ាសុវត្ថិភាព ផ្លូវថ្មើរជើង ការកែលម្អសោភ័ណឆ្នេរសមុទ្រ បន្ទប់ទឹកសាធារណៈ និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់។ល។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានជម្រុញការវិនិយោគកំពង់ផែទឹកជ្រៅ ដោយសហការជាមួយរដ្ឋាភិបាលជប៉ុន ពង្រីកកំពង់ផែឱ្យមានសមត្ថភាពទទួលនាវាដែលមានជំរៅទឹក ១៤,៥០ម៉ែត្រ ចូលចតបាន។ ខេត្តព្រះសហនុមានអាកាសយានដ្ឋានអន្តរជាតិ កសាងផ្លូវរត់មានរហូតដល់ ៣,៤០០ ម៉ែត្រ វែងជាងគេនៅកម្ពុជា មានសមត្ថភាពឱ្យយន្តហោះពីរជាន់អាចចុះចតបាន។ កសាងផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញ មកខេត្តព្រះសីហនុ បានបើកការដ្ឋានកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ រហូតមកដល់ពេលនេះសម្រេចបានជាង ៧០ភាគរយ ត្រូវបញ្ចប់នៅខែ១០ ឆ្នាំ២០២២ខាងមុខ ទាំងនេះជាសក្តានុពលដែលផ្តល់ឱកាសឱ្យអ្នកវិនិយោគ និងអ្នកទេសចរ បន្តការចាប់អារម្មណ៍ និងមកវិនិយោគនៅខេត្តព្រះសីហនុបន្តទៀត៕