រសៀលថ្ងៃអាទិត្យ ៩រោច ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល ជាមួយក្រុមម៉ូតូកង់បី នៃសាខាសមាគមសម្ព័ន្ធសេដ្ឋកិច្ច រ៉ឺម៉កសន្តិភាព និងសមាគមរួមគ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជាចំនួន ៤០០នាក់ នៅសាលាដុនបូស្កូ មានទីតាំងនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹក ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដល់បងប្អូន ក្រុមម៉ូតូកង់បី នៃសាខាសមាគមសម្ព័ន្ធសេដ្ឋកិច្ច និងរ៉ឺម៉កសន្តិភាព និងសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលបានចូលរួមនាពេលនេះ និងជូនពរឱ្យរកស៊ីទទួលទានមានបានទាំងអស់គ្នា ទន្ទឹមនឹងនេះ យើងក៏ត្រូវចូលរួមការពារសន្តិភាព ដើម្បីបង្កើតមុខរបររបស់យើងបន្ថែមទៀត។
ឯកឧត្តមអភិបាលខេត្តបន្តថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា ជាណាចក្រកម្ពុជា បានខិតខំរំដោះប្រទេសជាតិឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន មកដល់បច្ចុប្បន្ននេះ បង្កើតការងារជូនបង ពិសេសយុវជនរបស់យើងមានការងារ បង្កើនចំណូល កាត់បន្ថយភាពក្រីក្រនៅក្នុងគ្រួសារ និងសង្គមជាតិ។ ជាក់ស្តែងនៅខេត្តព្រះសីហនុ សម្តេចតេជោ បានធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បន្ទប់ទឹកសាធារណៈ អាងប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលជាច្រើន ប្រកបដោយសោភ័ណភាព និងបរិស្ថានល្អ។ ហើយការអភិវឌ្ឍទាំង នេះ គឺជួយបង្កើតការងារជូនយុវជនយើងកាន់តែច្រើនបន្ថែមទៀត និងបង្កើតផលរបរជូនប្រជាពលរដ្ឋ ព្រមទាំងផ្តល់ឱកាសឱ្យបងប្អូនប្រកបមុខរបរម៉ូតូឌុបម៉ូតូកង់បីផងដែរ ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានសំណូមពរដល់បងប្អូនរត់ម៉ូតូឌុប និងម៉ូតូកង់បី សូមជួយ រាយការណ៍ករណីប្រទះឃើញមុខសញ្ញាចោរឆក់ ចោរលួចតាមដងផ្លូវ និងទីសាធារណៈ តាមរយៈលេខទូរស័ព្ទ Hot Line ដើម្បីសមត្ថកិច្ចចេញអន្តរាគមន៍ទាន់ពេលវេលា គឺមានតែយើងចូលរួមទាំងអស់គ្នា ដើម្បីឱ្យខេត្តយើង ក្រុងយើងគ្មានកអំពើលួចឆក់។ ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្ត ក៏បានអំនាវពាវដល់បងប្អូន រត់ម៉ូតូឌុប និងម៉ូតូកង់បី ករណីភ្ញៀវមានការជ្រុះរបស់នៅលើម៉ូតូរបស់ខ្លួន សូមជួយប្រគល់ជូនម្ចាស់គេវិញផង ដែលទង្វើនេះគឺបានស្តែងចេញពីគុណធម៌ និងគុណតម្លៃរបស់បងប្អូន ព្រមទាំងបានផ្តល់នូវទំនុកចិត្ត និងភាពកក់ក្តៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តនៅខេត្តរបស់យើងកាន់តែច្រើនឡើង ហើយបងប្អូនក៏អាចរកចំណូលបានពីមុខរបរនេះកាន់តែយូរអង្វែងផងដែរ៕