រសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធចុះពិនិត្យផ្លូវ និងស្ពានអូរស្តេចមឹក ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ រួចបន្តពិនិត្យទីតាំងសិលាបណ្តាសារទី២ ដែលមានទីតាំងនៅក្បែរដើមឈើចាំសេ្នហ៍។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំឱ្យក្រុមការងារបច្ចេកទេស ត្រូវពន្លឿនការសាងសង់ និងធានាពីគុណភាពក្នុងការប្រើប្រាស់ឱ្យបានយូអង្វែង។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តដំណើរទៅពិនិត្យទីតាំងសិលាបណ្តាសារទី២ ដែលកំពុងធ្វើការកែលម្អសោភ័ណភាព ដាំស្មៅ និងដាំដើមឈើ ដើម្បីលើកសម្រស់ឱ្យកាន់តែមានភាពស្រស់ស្អាត និងបៃតង សម្រាប់ជាការទាក់ទាញបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកលេងកម្សាន្ត និងស្នាក់នៅខេត្តព្រះសីហនុកាន់តែយូរ៕