រសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភជូនកីឡាករបាល់ទាត់ ដែលរងរបួសក្នុងការហ្វឹកហាត់ ត្រៀមចូលរួមក្រកួតបាល់ទាត់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
យុវសិស្ស សៀន ភិរ: ភេទប្រុស ជាសិស្សថ្នាក់ទី១១ នៃសាលា ហ៊ុន សែន មិត្តភាព មានទីលំនៅក្រុមទី២៧ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ បានរងគ្រោះដាច់សសៃជើងទប់លំនឹងក្បាលជង្គង់ ក្នុងពេលហ្វឹកហាត់បាល់ទាត់ ដើម្បីត្រៀមចូលរួមប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សម្តេចតេជោ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ដ បានធ្វើការសំណេះសំណាល និងលើកទឹកចិត្តដល់យុវសិស្ស សៀន ភិរ: ព្រមទាំងបានផ្តល់នូវអនុសាសន៍មួយចំនួន ដោយត្រូវខិតខំព្យាបាលតាមការណែនាំរបស់គ្រូពេទ្យឱ្យបានឆាប់ជាសះស្បើយ ត្រូវខិតខំរៀនសូត្រយកចំណេះដឹង ចំណេះធ្វើ និងបន្តហ្វឹកហាត់ផ្នែកកីឡាបន្តទៀត បើអាចធ្វើបាន ព្រោះការលេងកីឡានាំមកនូវសុខភាព នាំមកមិត្តភាពកាន់តែច្រើន និងចៀសផុតពីគ្រឿងញៀនផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភដល់យុវសិស្ស សៀន ភិរ: នូវ ផ្លែឈើមួយកន្ត្រក ទឹកដោះ គោឆៅពីរឡូ និងថវិកា ៣.០០០ ដុល្លាអាមេរិក។