ព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំប្រជុំត្រៀមប្រឡងក្របខណ្ឌមន្រ្តីរាជការក្រសួងមហាផ្ទៃ បម្រើការងារនៅខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាល និងនាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត។
ការប្រឡងជ្រើសរើសមន្ត្រីរាជការខេត្តព្រះសីហនុ ប្រចាំឆ្នាំ២០២០ ប្រព្រឹត្តិទៅនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ នៅមណ្ឌលសាលាបឋមសិក្សា ហ៊ុន សែន ក្រុង ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលមានបេក្ខជនដាក់ពាក្យប្រឡងចំនួន ១៣១នាក់ ស្រី ៥៤នាក់ លទ្ធផលប្រឡងជ្រើសរើសមន្ត្រីចំនួន ១០នាក់ ក្នុងនោះសម្រាប់សាលាខេត្តព្រះសីហនុ ចំនួន ៦នាក់ និងក្រុងកោះរ៉ុង ចំនួន ៤នាក់ ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់មន្ត្រីដែលមានតួនាទី ភារកិច្ចធ្វើជាគណកម្មការ អនុគណៈកម្មការ ក្នុងការប្រឡង ត្រូវយកចិត្តទុកដាក់អនុវត្តតាមតួនាទី ភារកិច្ចតាមដំណាក់កាលនីមួយៗ ប្រសិនបើមានកិច្ចការលើសពីដែនសមត្ថកិច្ចទទួលខុសត្រូវ ត្រូវស្នើសុំទៅប្រធានគណៈកម្មការ ដើម្បីរួមគ្នាដោះស្រាយបានទាន់ពេលវេលា តាមគោលការណ៍ និងលក្ខន្តិកៈនៃការប្រឡងតាមឋានានុក្រម។
ឯកឧត្តមអភិបាលខេត្តបន្តថា នេះជាផ្លែផ្កានៃលទ្ធផលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ ហើយការងារប្រឡងជ្រើសរើសមន្ត្រីរាជការខេត្តព្រះសីហនុ ជាឱកាសសម្រាប់កូនចៅរបស់អ្នកខេត្តព្រះសីហនុ បានចូលធ្វើជាមន្ត្រីរាជការ។ សូមឱ្យម្នាក់ៗត្រូវទទួលខុសត្រូវ ធានាបាននូវគុណភាព តម្លាភាព ហើយមន្ត្រីដែលយើងជ្រើសរើស ត្រូវមានសមត្ថភាពបម្រើប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា យើងត្រូវត្រួតពិនិត្យនៅតាមក្រុងស្រុក ដើម្បីសុំគោលការណ៍ជ្រើសរើសមន្ត្រីដើម្បីបំពេញបន្ថែម ចៀសវាងការប្រមូលផ្តុំនៅតែទីប្រជុំជន ហើយត្រូវពង្រាយមន្ត្រីទៅដល់ក្រុងស្រុកដែលខ្វះមន្ត្រី ដើម្បីផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន៕