នៅរសៀលថ្ងៃពុធ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខាខេត្ត រួមទាំងសមាជិកសមាជិកា មន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយ ស្តីពី «ការលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយពីម្តាយទៅកូន» ដើម្បីចូលរួមទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២១ និងនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនអ្នកផ្ទុកមេរោគអេដស៍ ចំនួន ៣២នាក់ មកពី ៩ឃុំ ក្នុងស្រុកព្រៃនប់ ព្រមទាំងបានប្រគេនទេយ្យទានជាគ្រឿងឧបភោគបរិភោគនឹងបច្ឆ័យប្រគេនព្រះសង្ឃដែលគង់នៅវត្តព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
នាឱកាសនោះឯកឧត្តម គួច ចំរើន ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក អាណិតអាសូរ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី -ប៉ាស៊ីហ្វិកឆ្លើយយតបមេរោគអេដស៍ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការ សហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ជូន ចំពោះបងប្អូនអ្នកផ្ទុកមេរោគអេដស៍ទាំងអស់។
ឯកឧត្តម គួច ចំរើន សូមឱ្យបងប្អូនដែលមានផ្ទុកមេរោគអេដស៍ ត្រូវថែទាំសុខភាពផ្ទាល់ខ្លួនឱ្យបានរឹងមាំល្អ ក្នុងនោះថ្នាក់ដឹកនាំរបស់យើងមានសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ ដឹកនាំខេត្ត រួមទាំងសាខាកាកបាទក្រហមខេត្តព្រះសីហនុ ជាពិសេសក្រុមគ្រូពេទ្យរបស់យើងបានឈរនៅចាំគាំទ្របងប្អូនគ្រប់ពេលវេលា និងគ្រប់រាល់បញ្ហា។ ឯកឧត្តម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមកម្មវិធីក្នុងថ្ងៃនេះសូមទៅចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ព្រមទាំងជួយបន្ត ផ្សព្វផ្សាយដល់សហគមន៍ មិត្តភក្តិ បងប្អូនបន្ថែមទៀត ឱ្យទៅទទួលការចាក់វ៉ាក់សាំងដើម្បីចូល រួមក្នុងការទប់ស្កាត់មេរោគកូវីដ-១៩ ចម្លងដល់ក្រុមគ្រួសារ និងសហគមន៍ និងអំពាវនាវដល់គ្រួសារទាំងអស់ សូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ៖ ៣ការពារ និង ៣ កុំ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ។
ឯកឧត្តម ក៏បានកោតសរសើអាជ្ញាធរឃុំតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់បងប្អូនប្រជាពល រដ្ឋនៅក្នុងមូលដ្ឋាន និងបានជួយដោះស្រាយបានទាន់ពេលវេលា ទោះបីការដោះស្រាយបញ្ហាប្រឈមនានាទៅតាមលទ្ធភាព ក្នុងនោះការងារសន្តិសុខសុវត្ថិភាព ការអភិវឌ្ឍមូលដ្ឋាន និងការដោះស្រាបញ្ហាប្រឈមនៅក្នុងមូលដ្ឋានជាសកម្មភាពរបស់អាជ្ញាធររបស់យើងែលបានបំពេញការងារយ៉ាង សកម្មបំរើប្រជាពលរដ្ឋ។
អំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនអ្នកផ្ទុកមេរោគអេដស៍ក្នុងម្នាក់ៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ កន្ទេល១ ទឹកសុទ្ធ ១កេស ភេជ្ជៈ ១កេស ម៉ាស់ ១ប្រអប់ ឃីត១(ភួយ១ មុង១ សារុង១ ក្រមា១) និងថវិកាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ១០ម៉ឺនរៀល។ រីឯកទេយ្យទានជាគ្រឿងឧបភោគបរិភោគដែលបានប្រគេនជូនក្នុងមួយវត្តចំនួន ០១រួមមាន៖ អង្ករ ១០០គីឡូក្រាម ទឹកត្រី ១កេស ត្រីខ ១កេស មី ១កេសធំ ម៉ាស់ ២ប្រអប់ ទឹកសុទ្ធ ១០កេស ទឹកក្រូច ១០កេសនិងបច្ច័យចំនួន ១លានរៀល៕