Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញធ្វើបទបង្ហាញ ស្តីពីហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន(អាងប្រព្រឹត្តកម្មទឹកកខ្វក់) បទពិសោធន៍ និងវឌ្ឍនភាពនៃការអភិវឌ្ឍខេត្តព្រះសីហនុ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញធ្វើបទបង្ហាញ ស្តីពីហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន(អាងប្រព្រឹត្តកម្មទឹកកខ្វក់) បទពិសោធន៍ និងវឌ្ឍនភាពនៃការអភិវឌ្ឍខេត្តព្រះសីហនុ

ព្រឹកថ្ងៃពុធ ១៣កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញធ្វើបទបង្ហាញ ស្តីពីហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន(អាងប្រព្រឹត្តកម្មទឹកកខ្វក់) បទពិសោធន៍ និងវឌ្ឍនភាពនៃការអភិវឌ្ឍខេត្តព្រះសីហនុ ជូនដល់មន្រ្តីក្របខណ្ឌលេខាធិការរដ្ឋបាល និងមន្រ្តីកម្មសិក្សាការីស្ម័គ្រចិត្តរបស់រដ្ឋបាលខេត្តកណ្តាល ចំនួន៤២នាក់ ស្រី២១នាក់ ។

ឯកឧត្តមអភិបាលខេត្ត បានជម្រាបជូនពីការអភិវឌ្ឍខេត្តព្រះសីហនុ ស្របពេលដែលវិស័យឯកជនកំពុងតែធ្វើការសាងសង់អគារដ៏ធំស្កឹមស្កៃជាច្រើន ផ្លូវថ្នល់របស់បានរងនូវការខូចខាតជាច្រើន ពិបាកធ្វើដំណើរ ផ្តើមចេញពីចំណុចនេះ សម្ដេចតេជោ បានធ្វើការសម្រេចចិត្តដកថវិកាសន្សំរបស់ជាតិចំនួន១០០លានដុល្លារ ដើម្បីយកមកធ្វើការអភិវឌ្ឍន៍ខេត្តព្រះសីហនុ ក្នុងនោះមានផ្លូវតភ្ជាប់ពីតំបន់ទំនប់រលក ទៅមហាវិថីសម្តេចសង្ឃទេព វង្ស ភ្ជាប់ទៅផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់ ដែលនឹងស្ថាបនាអាចរួចរាល់នៅខែ១០ ឆ្នាំ២០២២ ការស្ដារអូរប្រឡាយ និងកសាងផ្លូវមួយចំនួនផ្សេងទៀតក្នុងក្រុងព្រះសីហនុ។ ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានផ្ដល់គោលនយោបាយ “ស្លឹកត្នោត ខ្ចប់ស្ករត្នោត” ប្រើប្រាស់ធនធានក្នុងខេត្ត ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែក្នុងខេត្តព្រះសីហនុ ដែលបានបើកការដ្ឋានកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នាពេលកន្លងមក ដោយផ្លូវទាំង៣៤ខ្សែនេះ មានប្រវែង៨៤,៥០៥ គីឡូម៉ែត្រ ស្មើជាង ១៤០០០០០ម៉ែត្រការ៉េ ស្ថាបនាដោយក្រុមហ៊ុនក្នុងស្រុកចំនួន០៨ក្រុមហ៊ុន។ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុ គឺមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយ៉ាងសកម្ម។ ខេត្តព្រះសីហនុមានឆ្នេរ ១៧៥គីឡូម៉ែត្រ ក្នុងនោះមានឆ្នេរខ្សាច់ ឆ្នេរភក់ ឆ្នេរកោងកាង និងឆ្នេរថ្ម ហើយក្នុងនោះឆ្នេរ១៦គីឡូម៉ែត្រ ចាប់ពីកំពង់ផែក្រុងព្រះសីហនុ ទៅពយជំទាវម៉ៅ ជាឆ្នេរលំហរសាធារណៈសម្រាប់បងប្អូនដើលេងកម្សាន្ត និងមានឆ្នេរព្រែកត្រែងទទួលភ្ញៀវទេសចរ។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សម្រេចបានជោគជ័យជាបន្តបន្ទាប់ យើងក៏គិតពីការរៀបចំបេតុង បេទីម ចិញ្ចើមក្រានីត កម្រាលក្រានីត សួនជំរាបទឹក ការដាំរុក្ខ ជាតិ ភ្លើងបំភ្លឺសាធារណៈ ភ្លើងស្តុបចរាចរ និងការបំពាក់កាំម៉េរាសុវត្ថិភាព។ល។ ក្រៅពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ក៏មានការរៀបចំសាងសង់ខ្ចូស នៅឆ្នេរអូឈើទាលតាមគំរូប្លង់គោលរបស់គណ:កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាផងដែរ។
ឯកឧត្តមអភិបាលខេត្តបន្តថា នៅតាមបណ្តោយឆ្នេរលំហរសាធារណ: គណ:កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានសាងសង់បន្ទប់ទឹកសាធារណៈចំនួន០៧កំពុងដាក់ឱ្យដំណើរការ និង ០២ទៀតត្រៀមបើកឱ្យដំណើរការនាពេលខាងមុខ។ ខេត្តមានអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន០៣ ក្នុងនោះ ០២សាងសង់រួច បានដាក់ឱ្យដំណើរការ អាងប្រព្រឹត្តកម្មទី១ មានសមត្ថភាពច្រោះទឹកកខ្វក់ ៥,២០០ម៉ែត្រគីបក្នុងមួយថ្ងៃ អាងប្រព្រឹត្តកម្មទី២ មានសមត្ថភាពច្រោះទឹកកខ្វក់ ៧,២០០ម៉ែត្រគីបក្នុងមួយថ្ងៃ និងអាងប្រព្រឹត្តកម្មទី៣ កំពុងដំណើរការសាងសង់ មានសមត្ថភាពច្រោះទឹកកខ្វក់បាន ២០,០០០ម៉ែត្រគីបក្នុងមួយថ្ងៃ ហើយសមិទ្ធផលទាំងអស់នេះ បានធ្វើឱ្យខេត្តព្រះសីហនុប្រែមុខមាត់ថ្មី ដែលរាជរដ្ឋាភិបាលកំណត់យកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនាពេលខាងមុខ៕