នាព្រឹកថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ជា កុកហុង អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ និងជាប្រធានក្រុមការងារបច្ចេកទេស នៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួលរៀបចំផែនការមេ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា ក្នុងគោលដៅទាក់ទាញការវិនិយោគ ដើម្បីចូលរួមចំណែកអភិវឌ្ឍខេត្តព្រះសីហនុ។
ឯកឧត្តមជា កុកហុង មានប្រសាសន៍ថាដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ជាតំន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មានក្រុមហ៊ុនចំនួន០៤ បានផ្តួចផ្តើមចងក្រងសហការគ្នា និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ។ ផ្តើមចេញពីផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាចក្ខុវិស័យរយៈពេលវែងក្នុងការប្រែក្លាយខេត្តព្រះសីហនុ ឱ្យមានការអភិវឌ្ឍផ្នែកឧស្សាហកម្ម ទេសចរណ៍ កសិកម្ម និងហិរញ្ញវត្ថុ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប និងវ័យឆ្លាត មានសេវាសាធារណៈល្អ និងការរស់នៅប្រកបដោយរិស្ថានបៃតង។ ផែនការនេះមានការគិតគូគ្រប់ជ្រុងជ្រោយ រួមបញ្ចូលទាំងការកំណត់តំបន់អភិវឌ្ឍច្បាស់លាស់ ការរៀបចំគោលនយោបាយគាំទ្រ ពង្រឹងសមត្ថភាពស្ថាប័នរបស់ខេត្ត ដើម្បីធានាការទាក់ទាញអ្នកវិនិយោគពីបរទេស និងក្នុងស្រុក ប្រកបដោយគុណភាព ចីរភាព និងនិរន្តភាព។ រាជរដ្ឋាភិបាល បានជ្រើសរើសយកវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញ សិន ជិន ជាវិទ្យាស្ថានដឹកមុខក្នុងរៀបចំផែនការអភិវឌ្ឍទីក្រុង សិន ជិន និងមានបទពិសោធន៍ បានរៀបចំគម្រោងប្រមាណ៥៨០០គម្រោងនៅទូទាំងពិភពលោក។
នាឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានមតិស្វាគមន៍ និងចូលរួមជាសក្ខីភាព ក្នុងការចុះហត្ថលេខាដែលមានក្រុមហ៊ុនចំនួន០៤ សម្រាប់ការជម្រុញគាំទ្រ កៀរគរអ្នកវិនិយោគ និងអភិវឌ្ឍនៅខេត្តព្រះសីហនុជាបន្តបន្ទាប់ ក៏ដូចជាការដាក់ចេញនូវគម្រោងនវានុវត្តន៍ថ្មីៗ ដើម្បីចូលរួមជំរុញការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្តព្រះសីហនុបន្ថែមទៀត ទាំងពេលបច្ចុប្បន្ន និងទៅអនាគត ព្រោះខេត្តព្រះសីហនុគឺជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់របសព្រះរាជាណាចក្រកម្ពុជា។ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងចាប់អារម្មណ៍ដាក់ចេញផែនការមេ ប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងដាក់ខេត្តព្រះសីហនុ ជាទីផ្សារហិរញ្ញវត្ថុ ផ្ដល់ភាពទាក់ទាញដល់អ្នកវិនិយោគក្រៅស្រុក និងការអភិវឌ្ឍន៍ខេត្តព្រះសីហនុ។
ឯកឧត្តមអភិបាលខេត្តបន្តថា សម្ដេចតេជោបានមើលឃើញពីការអភិវឌ្ឍរបស់វិស័យឯកជន ការសាងសង់អគារដ៏ស្កឹមស្កៃខ្ពស់នៅទីនេះ ប៉ុន្តែផ្លូវថ្នល់មានការលំបាកសម្ដេចក៏បានដាក់ចេញនូវគោលនយោបាយពីរ សម្រាប់ការកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយដកកញ្ចប់សន្សំថវិការបស់រាជរដ្ឋាភិបាលចំនួន ១០០លានដុល្លារ កសាងបណ្ដាញខ្សែផ្លូវ និងអូរប្រឡាយមួយចំនួន។ ទី២ ប្រើប្រាស់គោលនយោបាយស្លឹកត្នោត ខ្ចប់ស្ករត្នោត កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន ៣៤ខ្សែ ហើយសមិទ្ធផលនេះ បានដាក់ឱ្យប្រើប្រាស់ជាបណ្ដើរហើយ នឹងសម្ភោធជាផ្លូវការនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ខាងមុខ។ ការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន០២ បានដាក់ឱ្យដំណើរការ ដោយស្ថានីយទីមួយមានសមត្ថភាពច្រោះទឹកកខ្វក់ ៥,២០០ ម៉ែត្រគីបក្នុងមួយថ្ងៃ ស្ថានីយ៍ទី២ មានសមត្ថភាពច្រោះទឹកកខ្វក់ ៧,២០០ ម៉ែត្រគីបក្នុងមួយថ្ងៃ និងបន្តសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ដែលមានសមត្ថភាពច្រោះទឹកកខ្វក់ ២០,០០០ម៉ែត្រគីបក្នុងមួយថ្ងៃ៕