រសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំលើដំណើរការគ្រប់គ្រងបន្ទប់ទឹកសាធារណៈ និងការសម្អាតបរិស្ថាននៅតំបន់ឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានណែនាំអ្នកគ្រប់គ្រងបន្ទប់ទឹក ដែលបានចុះកិច្ចព្រមព្រៀងរួចជាមួយរដ្ឋបាលខេត្ត ត្រូវទទួលខុសត្រូវក្នុងការថែទាំសម្អាតជាប់ជាប្រចាំ ត្រូវមើលបរិស្ថាននៅតាមទីតាំងបន្ទប់ទឹកនីមួយៗត្រូវតែស្អាត ដើម្បីរៀបចំឱ្យសោភ័ណភាពសម្រាប់ភ្ញៀវទេសចរជាតិ និងទេសចរបរទេសមកលេងកម្សាន្ត និងប្រើប្រាស់បន្ទប់ទឹក។
ទន្ទឹមនេះ លោក ឡុង ឌីម៉ង់ បញ្ជាក់ថាបន្ទប់ទឹកនេះ វាជាសម្បត្តិសាធារណៈ ដូច្នេះយើងត្រូវមានកាតព្វកិច្ចចូលរួមថែរក្សាឱ្យបានស្អាត និងមិនត្រូវភ្លេចខ្លួនក្នុងការការពារកុំអោយឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តវិធានសុខាភិបាល និងវិធាន”៣កុំនិង៣ការពារ” ឱ្យបានខ្ជាប់ខ្ជួន៕