ព្រឹកថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការផ្តល់សេវារដ្ឋបាលជូនដល់ប្រជាពលរដ្ឋ ដោយមានការចូលរួមលោក លោកស្រីជាអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុងស្រុក ការិយាល័យប្រជាពលរដ្ឋខេត្ត និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បើកកិច្ចប្រជុំ ដោយតាមដានត្រួតពិនិត្យ កែលម្អ និងជម្រុញការផ្តល់សេវាសាធារណៈ នៅតាមអង្គភាពច្រកចេញចូលតែមួយខេត្ត និងការិយាល័យច្រកចេញចូលតែមួយ នៅតាមក្រុងស្រុក។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អភិបាលក្រុងស្រុកត្រូវយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ នៅតាមការិយាល័យច្រកចេញចូលតែមួយ ជូនប្រជាពលរដ្ឋ និងអតិថិជនឱ្យមានតម្លាភាព កាត់បន្ថយពេលវេលា និងលុបបំបាត់អំពើពុករលួយ។
ឯកឧត្តមអភិបាលខេត្តបន្តថា អង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តព្រះសីហនុ កំពុងអនុវត្តសេវាចំនួន១២ ដែលបានប្រតិភូកម្មពីក្រសួង មន្ទីរ អង្គភាពនាពេលកន្លងមក ក៏ប៉ុន្តែមានសេវាមួយចំនួនមកដល់ពេលនេះមិនទាន់បានដំណើរការនៅឡើយ។ ចំពោះក្រុងស្រុក ត្រូវរកធាតុចូល ដើម្បីធ្វើការជជែក ពិភាក្សា ពិចារណាទាក់ទងនឹងប្រភេទសេវា ដែលមិនមានអតិថិជនមកសុំសេវានៅតាមច្រកចេញចូលតែមួយក្រុងស្រុករបស់ខ្លួន។ យើងត្រូវបង្កើនការផ្តល់សេវាជូនប្រជាពលរដ្ឋ និងអតិថិជនឱ្យបានលឿន មានតម្លាភាព និងលុបបំបាត់អំពីពុករលួយ ដើម្បីឱ្យប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការមកទទួលសេវានៅតាមអង្គភាព និងការិយាល័យច្រកចេញចូលតែមួយរបស់យើង។ រាជរដ្ឋាភិបាលកម្ពុជា បានរំកិលសេវាឱ្យមកកៀកនឹងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដូច្នេះយើងជាអ្នកផ្តល់សេវាត្រូវរួមគ្នារកដំណោះស្រាយ ពិនិត្យ និងពិចារណាក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ និងអតិថិជនរបស់យើង ឱ្យកាន់តែរហ័ស លឿន តម្លាភាព និងភាពជឿជាក់ពីប្រជាពលរដ្ឋ។