រសៀលថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ទិវាសប្តាហ៍សហគ្រិនភាពសកល ក្រោមប្រធានបទ “ធុរកិច្ចក្នុងរបត់ថ្មី នៃសេដ្ឋកិច្ចឌីជីថល ថ្នាល និងធនធានមនុស្សឌីជីថល” ប្រារព្វធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន តាមប្រព័ន្ធវិដេអូ Zoom Meeting និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ព្រមទាំងលោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ សមាជិក សមាជិកា ក្រុមប្រឹក្សាភិបាលសមាគមសហគ្រិនវ័យក្មេងកម្ពុជា សភាពាណិជ្ជកម្មក្រុងព្រះសីហនុ សហគ្រាសខ្នាតមីក្រូ តូចនិងមធ្យម សិស្សនិសិ្សត ប្រជុំដោយផ្ទាល់ប្រមាណ ៥០នាក់ និងចូលរួមពីចំងាយតាមរយៈប្រព័ន្ធវិដេអូ Zoom Meeting និងផ្សាយផ្ទាល់តាមហ្វេសប៊ុក។
នាឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថ្លែងក្នុងទិវាសប្តាហ៍សហគ្រិនភាពសកល-កម្ពុជា ក្រោមប្រធានបទ«ធុរកិច្ចក្នុងរបត់ថ្មី នៃសេដ្ឋកិច្ចឌីជីថល ថ្នាល និងធនធានមនុស្សឌីជីថល» ដោយបានសហការរៀបចំដោយសមាគមពាណិជ្ជករវ័យក្មេងកម្ពុជា និងសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានជ្រើសរើសយកខេត្តព្រះសីហនុសម្រាប់ការរៀបចំទិវាខាងលើនេះ សបញ្ជាក់ឱ្យឃើញពីជំនឿទុកចិត្តរបស់សមាគមមកលើរដ្ឋបាលខេត្តព្រះសីហនុ និងសូមធ្វើការកោតសរសើរដោយស្មោះចំពោះសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលខិតខំយកអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតីចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកសាង និងគាំទ្រសហគ្រាសធុនតូច និងមធ្យម ហើយទិវាសប្តាហ៍សហគ្រិនភាពសកល រៀបចំឡើងដើម្បីជាការអបអរសាទរដ៏ធំបំផុត នៅលើពិភពលោកដល់អ្នកផ្តួចផ្តើមគំនិតធុរកិច្ចថ្មី និងអ្នកបង្កើតការងារថ្មី ដែលបានចាប់ផ្តើមនាំយកនូវគំនិតល្អៗសម្រាប់ដឹកនាំឱ្យមានការរីកចម្រើនលើវិស័យសេដ្ឋកិច្ច។
ឯកឧត្តម ម៉ាង ស៊ីណេត បានបន្តទៀតថា ទិវានេះត្រូវបានរៀបចំឡើងនៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំក្នុងសប្តាហ៍ជាមួយគ្នា នាខែវិច្ឆិកា ចាប់ពីឆ្នាំ២០០៨មក ដែលមានទីតាំងកណ្តាលរួមស្ថិតនៅសហរដ្ឋអាមេរិក មានកម្មវិធី និងសកម្មភាពប្រកួតប្រជែងច្រើនប្រភេទ ដើម្បីទាក់ទាញឱ្យមានអ្នកចូលរួមច្រើនលាននាក់ ដើម្បីស្វែងរកនូវសក្តានុពលរបស់ពួកគេ ក្នុងនាមជាសហគ្រិន ព្រមទាំងជម្រុញឱ្យមានការកសាងទំនាក់ទំនង និងសហការគ្នានៅក្នុងប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រិនភាព ហើយប្រធានបទក្នុងឆ្នាំ២០២១ សម្រាប់ប្រទេសកម្ពុជាគឺ៖ការអភិវឌ្ឍថ្នាល និងធនធានមនុស្សបច្ចេកវិទ្យាឌីជីថល សម្រាប់ធុរកិច្ចក្នុងរបត់ថ្មី នៃសេដ្ឋកិច្ចឌីជីថល គឺពិតជាមានសារៈសំខាន់ និងធ្វើឱ្យមានការផ្លាស់ប្តូរជាច្រើនលើការរស់នៅរបស់យើង ជាពិសេសវាធ្វើឱ្យប្រសើរឡើងនូវលក្ខខ័ណ្ឌការងារ ប្រតិបត្តិការអាជីវកម្ម និងភាពប្រសើរជាងមុនក្នុងការផ្តល់នូវអ្វីដែលល្អបំផុត និងថ្មីសម្រាប់វិស័យធុរកិច្ច ដើម្បីធានាឱ្យមានការប្រកួតប្រជែងថ្នាក់តំបន់លើធុរកិច្ចបែបបច្ចេកវិទ្យាឌីជីថល អាជីវកម្មបែបពេញលេញ ការច្នៃប្រឌិត និងការបង្កើតថ្មីរបស់សហគ្រាសធុនតូចនិងមធ្យមនៅក្នុងប្រទេសកម្ពុជា៕