ឯកឧត្តម គួច ចំរើន ណែនាំដល់មន្ត្រីផ្តល់សេវាសាធារណៈទាំងអស់នៅថ្នាក់ខេត្ត ក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវរួមគ្នាបង្កើតគំនិតថ្មី ឆ្លើយតបនឹងការដោះស្រាយបញ្ហាប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយគុណភាព គុណតម្លៃ សមត្ថភាព និងគណនេយ្យភាព។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍បែបនេះ នៅក្នុងកិច្ចប្រជុំពិភាក្សាលើការផ្តល់សេវាដីធ្លី សេវាសំណង់ និងសេវាច្រកចេញចូលតែមួយ
ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាព អង្គភាពច្រកចេញចូលមួយខេត្ត ប្រធានការិយាល័យភូមិបាលក្រុងស្រុកទាំង ៥ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ។
ឯកឧត្តម អភិបាលខេត្តបានមានប្រសាសន៍ណែនាំដល់មន្ត្រីផ្តល់សេវាសាធារណៈទាំងអស់នៅថ្នាក់ខេត្ត ក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវរួមគ្នាបង្កើតគំនិតថ្មី ឆ្លើយតបនឹងការដោះស្រាយបញ្ហាប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយគុណភាព គុណតម្លៃ សមត្ថភាព និងគណនេយ្យភាព ដើម្បីឱ្យប្រជាពលរដ្ឋមានទំនុកចិត្ត គាំទ្រការផ្តល់សេវាសាធារណៈរបស់អង្គភាពច្រកចេញចូលតែមួយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយមន្ត្រីត្រូវចេះច្នៃប្រឌិតធ្វើយ៉ាងណាឱ្យការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែមានតម្លាភាព ប្រសិទ្ធភាព និងប្រសិទ្ធផលកាន់តែខ្ពស់ ដោយគ្មានការប្រកាន់បក្សពួក និងគ្រួសារនិយម ដើម្បីឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តលើសេវាសាធារណៈរបស់យើង។
ចំនុចដែលត្រូវធ្វើការកែប្រែគឺ ទីមួយ ឥរិយាបថមន្ត្រីក្នុងការផ្តល់សេវា ដោយមិនត្រូវប្រើពាក្យសំដីមិនសមរម្យទៅកាន់ប្រជាពលរដ្ឋមកទទួលសេវា និងទីពីរ គឺត្រូវពន្លឿនការផ្តល់សេវាឱ្យបានកាន់តែឆាប់រហ័ស។
ឯកឧត្តមបានបន្តថា ដោយការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ ឥរិយាបថមន្ត្រីរបស់យើងគឺមិន ទាន់ឆ្លើយតបទៅនឹងតម្រូវការនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅឡើយ ព្រមទាំងស្នើឱ្យមន្ត្រីផ្តល់សេវាសាធារណ: នៅតាមច្រកចេញចូលតែមួយខេត្ត ក្រុង ស្រុករបស់យើង បន្តកែលម្អឥរិយាបថ ស្របតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “មន្រ្តីរាជការជាខ្ញុំបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រ” និងអភិក្រមរបស់សម្តេចតេជោ គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់” ។ ហើយចំណុចខ្វះខាតយើងត្រូវធ្វើការកែលម្អ ច្នៃប្រឌិត និងឥរិយាបថ ដើម្បីបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស។
ឯកឧត្តមក៏បានបញ្ជាក់ថា យើងត្រូវប្រមូលផ្តុំ ពិនិត្យសេវាស្មុគស្មាញ បង្កើនការទទួលខុសត្រូវ ដើម្បីពន្លឿនការផ្តល់សេវាសាធារណៈ និងកាត់បន្ថយមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធលើសេវា (ដីចុះបញ្ជីលក្ខណៈជាប្រព័ន្ធរួច) ដើម្បីធានាការផ្តល់សេវាបានលឿន។ យើងត្រូវរួមគ្នាគិត រួមគ្នាដោះស្រាយ រួមគ្នារកវិធីថ្មីៗដើម្បីដោះស្រាយ ដូច្នេះមន្ទីរជំនាញ និងអាជ្ញាធរក្រុង ស្រុក ត្រូវជម្រុញការចុះបញ្ជីដីធ្លីឱ្យបានលឿន ដែលជាវិធានការល្អ មានយុត្តិធម៌សង្គម មានភាពសុខសាន្តផ្លូវចិត្ត ម្យ៉ាងទៀតប័ណ្ណរបស់គាត់អាចយកទៅដាក់ធនាគារ ដើម្បីយកលុយបង្កើតមុខរបរថ្មី និងបង្កើនជីវភាពគ្រួសារ៕