ព្រឹកថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ លោក គង់ វិតាណៈ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក បានអញ្ជើញស្វាគមន៍ និងទទួលនូវសម្ភារៈវេជ្ជៈសាស្ត្រប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ ពីនាវាចម្បាំងរបស់កង ទ័ពជើង ទឹកអូស្ត្រាលី
ដែលប្រគល់ជូនក្នុងពេលតែមួយ ជូនរដ្ឋបាលខេត្តព្រះសីហនុ មូលដ្ឋានសមុទ្ររាម យោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ។ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា មានប្រសាសន៍ថ្លែងអំណគុណដល់កម្ពុជា ដែលបានធ្វើឱ្យសកម្មភាព Indo-Pacific Endeavour ទទួលបានជោគជ័យ និងការគាំទ្រកិច្ចសហប្រតិបត្តិការទៅវិញទៅមកក្នុងការដោះស្រាយជំងឺកូវីដ-១៩។ ឯកឧត្តមបានបន្តរថា ដំណើរទស្សនកិច្ចនេះ ពង្រឹងដល់ការប្ដេជ្ញាចិត្តរបស់ប្រទេសអូស្ត្រាលីក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសកម្ពុជា រួមមានការស្ដារសេដ្ឋកិច្ច និងសុខាភិបាលឡើងវិញពីជំងឺកូវីដ-១៩ និងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី។ ហើយទស្សនកិច្ចនេះកើតឡើងក្នុងសប្តាហ៍នៃខួបអនុស្សាវរីយ៍លើកទី៣០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដែលបានត្រួសត្រាយផ្លូវបញ្ចប់ជម្លោះជាច្រើនទសវត្សនៅក្នុងប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងនេះនាំមកអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិក្នុងប្រទេសកម្ពុជា ដែលមានកងទ័ពអូស្ត្រាលីជាវីរបុរស និងស្ត្រីជាច្រើនរូបបានចូលរួមបំពេញការងារប្រកបដោយកិត្តិយស ។ ក្នុងអំឡុងទស្សនកិច្ចរបស់នាវាកងទ័ព ជើងទឹកអូស្រ្តាលី នាវិកក៏រៀបចំធ្វើសិក្ខាសាលាតាមប្រព័ន្ធអនឡាញមួយស្ដីពីស្ត្រីសន្តិភាព និងសន្តិសុខ ជាមួយអ្នក តំណាងខាងកងយុទ្ធពលខេមរៈភូមិន្ទផងដែរ ដែលជាមូលដ្ឋានសម្រាប់ការគាំទ្រគោលនយោបាយ និងហិរញ្ញវត្ថុរបស់អូស្ត្រាលី ចំពោះដំណើរការជោគជ័យ ក្នុងវេទិកាស្តីពីស្ត្រី សន្តិភាព និងសន្តិសុខនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប ដែលក្រសួងកិច្ចការនារីរបស់ប្រទេសកម្ពុជាបានរៀបចំធ្វើកាល ពីសប្តាហ៍មុន ។
លោក គង់ វិតាណ: អភិបាលរងខេត្ត បានមាន ប្រសាសន៍ថា ក្នុងនាមឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ សូមថ្លែងអំណរគុណចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងកងទ័ពជើងទឹកអូស្ត្រាលីទាំងអស់ដែលបាននាំយកអំណោយសម្ភារៈ វេជ្ជសាស្ត្រប្រឆាំងជំងឺកូវីដ-១៩ មកឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ យោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ដែលបង្ហាញពីចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា អូស្ត្រាលី និងជា ផ្នែកមួយនៃសកម្មភាពកិច្ចសហប្រតិបត្តិការជើងទឹកដ៏សំខាន់របស់ប្រទេសអូស្ត្រាលីនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកឆ្នាំ ២០២១ សូមឱ្យចំណងសាមគ្គីភាពនេះកាន់តែមានភាពស្អិតរមួតបន្ថែមទៀត រវាងប្រទេសទាំងពីរ ប្រជាជននៃប្រទេសទាំងពីរ ។
សូមជម្រាបជូនផងដែរថា នាវាចម្បាំងកងទ័ពជើងទឹកអូស្រ្តាលី ១គ្រឿងនេះ ឈ្មោះ HMAS ANZAC (FFH 150) បណ្តោយប្រវែង ១១៨ ម៉ែត្រ ទទឹង ១៤,៨ម៉ែត្រ ទម្ងន់ផ្ទុក ៣,៨១០ តោន មាននាវឹកចំនួន ១៥៨នាក់ ដឹកនាំដោយលោកឧត្តមនាវីត្រី Mal Wise មេបញ្ជាការ នាវាឥណ្ឌូ-ប៉ាសុីហ្វិក នៃកងទ័ពជើងទឹកអូស្ត្រាលី ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៨- ២០ ខែតុលា ឆ្នាំ២០២១ ។ ចំពោះសម្ភារៈ បរិក្ខារវេជ្ជសាស្ត្រចំនួន ១កេសធំ រួមមាន៖ ស្រោមដៃ (non-sterile) ចំនួន៦០ប្រអប់ , ស្រោមដៃ (sterile) ចំនួន ១៧ ប្រអប់ ,បង់រុំរបួស ចំនួន ១៧០ ប្រអប់, ថាសពេទ្យចំនួន ១០ថាស ,ម៉ាសចំនួន ១៦៥ ប្រអប់។