ព្រឹកថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ជាម ហ៊ីម និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមន្ទីរអង្គភាពពាក់ព័ន្ធ អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ដើម្បីថ្វាយមហាព្រះរាជកុសល គម្រប់ខួប ៩ឆ្នាំ នៃការយាងសោយព្រះទិវង្គត ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្នុងនាមគណ:អភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ សូមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមនររតនកោដ្ឋ គម្រប់ខួប ៩ឆ្នាំ នៃការយាងសោយព្រះទិវង្គត ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាឧត្តុង្គឧត្តមវិសេសវិសាលរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សារជាតិ បង្រួបបង្រួមជាតិ និងអភិវឌ្ឍលើគ្រប់វិស័យ។
ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ គឺជាថ្ងៃគម្រប់ខួប ៩ឆ្នាំ ដែលសម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះនរោត្ដមសីហនុ ព្រះអង្គបានសោយទិវង្គត។ ប្រជារាស្រ្តទូទាំងប្រទេស ពិសេសប្រជារាស្ត្រខេត្តព្រះសីហនុ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយចំពោះព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេង ចំពោះជាតិ មាតុភូមិកម្ពុជា។ កូនចៅប្រជារាស្រ្ត និងមន្រ្តីរាជការ សូមថ្វាយមហាព្រះរាជកុសល ថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភព កុំបីឃ្លាងឃ្លាតឡើយ៕