ព្រឹកថ្ងៃអាទិត្យ ១២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមសាខាខេត្តព្រះសីហនុ អញ្ជើញសំណេះ សំណាលជាមួយអ្នកផ្ទុក និងអ្នកកើតជំងឺអេដស៍ចំនួន ៣០នាក់ ក្នុងក្រុងព្រះ សីហនុ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវក្រុមប្រឹក្សាខេត្ត លោកស្រីអភិបាលរងក្រុង លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត និងសមាជិកសាខាកាកបាទក្រហមខេត្ត នៅសាលាដុនបូស្កូ ស្ថិតសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ នឹងសេចក្តីនឹករលឹកពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមនៃវេទិកាតំបន់អាស៊ីប៉ាស៊ីហ្វិក ជូនចំពោះ បងប្អូនផ្ទុកមេរោគអេដស៍ ដែលបានចូលរួមនាពេលនេះ ព្រមទាំងបាននាំយកគ្រឿង ឧបភោគបរិភោគ និងសម្ភារ:ចែកជូនបងប្អូនក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌប្រពៃណីខ្មែរផងដែរ។
ឯកឧត្តមបានបន្ត តាមការពិនិត្យឃើញថា បងប្អូនអ្នកផ្ទុកមេរោគអេដស៍របស់យើងមានសុខភាពល្អ និងស្នើសុំឱ្យបងប្អូនត្រូវថែទាំសុខភាពរបស់ខ្លួនឱ្យបានរឹងមាំ ព្រោះថ្នាក់ដឹកនាំរបស់យើង មានសម្ដេចតេជោ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត អាជ្ញាធរខេត្ត សាខាកាកបាទក្រហមកម្ពុជាខេត្ត ពិសេសក្រុមគ្រូពេទ្យរបស់យើង នៅរង់ចាំ និងគាំទ្រដល់បងប្អូនគ្រប់ពេលវេលា និងគ្រប់បញ្ហាទាំងអស់ ។ ក្នុងបេសកកម្មឥស្សរជនឆ្នើម សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ជាមួយអ្នកផ្ទុក មេរោគអេដស៍ ជំងឺអេដស៍ ដោយឱ្យក្រុមគ្រូពេទ្យជួយផ្ដល់ប្រឹក្សា និងផ្ដល់ថ្នាំយកទៅប្រើប្រាស់ព្យាបាល ដើម្បីរក្សាសុខភាពឱ្យបានល្អប្រសើរ ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា បើតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តព្រះ សីហនុ ក្នុងឆ្នាំ២០២១ ប្រជាពលរដ្ឋដែលបានឆ្លងជំងឺអេដស៍មាន ៤១នាក់ និងជំងឺស្វាយមាន ៥នាក់ ដូច្នេះបងប្អូនត្រូវតែទៅប្រឹក្សាជាមួយក្រុមគ្រូពេទ្យ និងលេបថ្នាំឱ្យបានទៀងទាត់ វាអាចជួយពន្យាឱ្យយើងរស់នៅរយៈពេលវែងបន្តទៀត ម្យ៉ាងទៀតសង្គមរបស់យើងមិនមានការរើសអើង ស្អប់ខ្ពើមបងប្អូននោះទេ យើងត្រូវមានសេចក្តីសង្ឃឹម នៃការរស់នៅថែទាំសុខភាពឱ្យបានល្អ និងចូលរួមអនុវត្តវិធានការ ដើម្បីកាត់ផ្តាច់ការចម្លងមេរោគអេដស៍ ។ រាជរដ្ឋាភិបាល ក៏បានដាក់ចេញទិសដៅក្នុងការកាត់ផ្តាច់ការចម្លងជំងឺអេដស៍នៅឆ្នាំ២០២៥ ។
ជាមួយគ្នានេះ ឯកឧត្តម ក៏បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងនាមឥស្សរជនឆ្នើមនៃវេទិកាតំបន់អាស៊ី ប៉ាស៊ីហ្វិក ឧបត្ថម្ភជូនបងប្អូនផ្ទុក មេរោគអេដស៍ក្នុងក្រុងព្រះសីហនុចំនួន ៣០នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ៦ដប កន្ទេល ១ ឃីតមួយកញ្ចប់ (មុង១ ភួយ១ ក្រមា១ សារុង១) ម៉ាស ១ប្រអប់ និងថវិកា ១០ម៉ឺនរៀល៕