រសៀលថ្ងៃសៅរ៍ ១១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួចចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ មន្ទីរអង្គភាពពាក់ព័ន្ធ ចុះត្រួតពិនិត្យបន្ទប់ទឹកសាធារណៈនៅតាមបណ្ដោយឆ្នេរ ចាប់ពីឆ្នេរអូរឈើទាល២ រហូតដល់ចំនុចដើមឈើចាំស្នេហ៍។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ចាប់ពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១នេះតទៅ យើងនឹងបើកឱ្យដំណើរការជាផ្លូវការនូវបន្ទប់ទឹកសាធារណៈចំនួន៦ទីតាំងសិន ក្នុងចំណោម៩ទីតាំង ដោយសារតែបន្ទប់ទឹក៣ទីតាំងទៀត ក្នុងនោះ២ទីតាំង មិនទាន់បំពាក់សម្ភារ:រួចរាល់ និង១ទាក់ទងទៅនឹងបច្ចេកទេសទឹកនាំមកអត់ទាន់ដល់ ដូច្នេះយើងបើកបន្ទប់ទឹកសាធារណៈចំនួន៦ទីតាំងឱ្យដំណើរការ សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងភ្ញៀវបរទេស ក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីខ្មែរនាពេលខាងមុខនេះ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឱ្យមន្ទីរទេសចរណ៍ខេត្ត ត្រូវរៀបចំឯកសណ្ឋានអ្នកអនាម័យឱ្យត្រឹមត្រូវ ដើម្បីឱ្យភ្ញៀវដែលមកប្រើប្រាស់បន្ទប់ទឹកសាធារណៈរបស់យើង ពួកគាត់បានដឹង។ ទន្ទឹមនោះឯកឧត្ដមអភិបាលខេត្ត ក៏បានធ្វើការណែនាំឱ្យអាជីវករត្រូវរៀបចំដាក់លក់ម្ហូបអាហារប្រចាំតំបន់ ព្រោះខេត្តយើងជាតំបន់សមុទ្រ ដូច្នេះយើងចង់ផ្សព្វផ្សាយម្ហូបសមុទ្ររបស់យើង ដែលមានគុណភាព និងរស់ជាតិឆ្ងាញ់ពិសារសម្រាប់ទាក់ទាញភ្ញៀវមកលេងកម្សាន្តខេត្តរបស់យើង ឱ្យបានកាន់តែច្រើននាពេលខាងមុខ៕