Home / ព័ត៌មានទូទៅ / ការចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវសម្តេចសង្ឃរាជទេពវង្ស

ការចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវសម្តេចសង្ឃរាជទេពវង្ស

រសៀលថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវសម្តេចសង្ឃរាជទេពវង្ស តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់រង្វង់មូលសម្តេចសង្ឃរាជទេពវង្ស ឆ្ពោះទៅកាន់រង្វង់មូលស្រុកស្ទឹងហាវ និងពីរង្វង់មូលស្រុកស្ទឹងហាវ ឆ្ពោះមកកាន់វិថីផែ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការណែនាំដល់ក្រុមហ៊ុនទទួលការសាងសង់ត្រូវយកចិត្តទុកដាក់ជួសជុលផ្លូវជាប្រចាំ ដោយដាក់គ្រឿងចក្រឈូសឆាយផ្លូវឱ្យបានរាបស្មើល្អ ដើម្បីសម្រួលការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ។
បន្ទាប់មកគណៈប្រតិភូ ក៏បានអញ្ជើញចុះពិនិត្យផ្លូវលេខ៨០០ និងពិនិត្យសកម្មភាពការកាយស្តារអូរ ប្រឡាយនៅចំនុចស្ពានអូរ១ និងអូរ២ រួចបន្តទៅអាងច្រោះទឹកកខ្វក់ ១៦ហិកតា នៅចុងឆ្នេរអូរឈើទាល ក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុផងដែរ៕