រសៀលថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញប្រគល់រង្វាន់ជ័យលាភីសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ សម្ពោធសួនជីវៈចម្រុះ សួនព្រឹទ្ធាចារ្យ ជុំ ហ៊ល សួនអំណានព្រឹទ្ធាចារ្យ លឹម ណៃ និងតារាងប៉េតង់ ស្ថិតនៅក្នុងបរិវេណសាលាវិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីប្រតិភូក្រសួងបរិស្ថាន លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើនរូបទៀត។
ឯកឧត្តម ជួប ប៉ារីស អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងពត៌មានបរិស្ថាន បានរាយការណ៍ជូនអង្គពិធីថា ឆ្នាំ២០២១ ជាឆ្នាំប្រឡងប្រណាំងសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ដែលប្រារព្ធធ្វើជារៀងរាល់ពីរឆ្នាំម្តង កម្មវិធីនេះចាប់ផ្តើមរៀបចំតាំងពីឆ្នាំ២០១៧មក ដើម្បីលើកកម្ពស់ប្រតិបត្តិមេត្រីបរិស្ថានសំដៅចូលរួមការអភិវឌ្ឍប្រកបដោយចីរភាព។ ជាលទ្ធផលសាលាបឋមសិក្សាចំនួន៦ និងវិទ្យាល័យចំនួន៦ ត្រូវបានជ្រើសរើសជាសាលាមេត្រីជ័យលាភីសម្រាប់ឆ្នាំ២០២១នេះ ក្នុងនោះ៖
-ជ័យលាភីមាស បានទៅវិទ្យាល័យហ៊ុនសែន មិត្តភាព ខេត្តព្រះសីហនុ
-ជ័យលាភីប្រាក់ បានទៅវិទ្យាល័យហ៊ុន សែន សម្ភុបុរៈ ខេត្តក្រចេះ
-ជ័យលាភីសំរិទ្ធ បានទៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហនុ ខេត្តកំពង់ឆ្នាំង។
ដោយឡែកជ័យលាភីសាលាបឋមសិក្សា៖
-ជ័យលាភីមាស បានទៅសាលាបឋមសិក្សាវត្តចែង ខេត្តបាត់ដំបង
-ជ័យលាភីប្រាក់ បានទៅសាលាបឋមសិក្សាក្រវ៉ាន់ ខេត្តសៀមរាប
-ជ័យលាភីសំរឹទ្ធ បានទៅសាលាបឋមសិក្សាឈើខ្លឹម ខេត្តត្បូងឃ្មុំ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងការកោតសរសើរគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា នៅវិទ្យាល័យហ៊ុន សែន មិត្តភាព ដែលបានខិតខំប្រឹងប្រែងថែរក្សាការពារបរិស្ថានរហូតទទួលបានជ័យលាភីសាលាមេត្រីបរិស្ថានឆ្នាំ២០២១ ជ័យលាភីមាស ពីក្រសួងបរិស្ថាន លើការបញ្ជ្រាបចំណេះដឹង ការផ្លាស់ប្ដូរផ្នត់គំនិត ការលើកកម្ពស់ស្មារតីស្រលាញ់បរិស្ថាន និងជំរុញប្រតិបត្តិការមេត្រីភាពបរិស្ថាន សំដៅគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្រប មាននិរន្តរភាព និងការរស់នៅដោយចីរភាព ។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍កោតសរសើររដ្ឋបាលខេត្តព្រះសីហនុ ជាខេត្តមួយ ដែលមានមន្ត្រីរាជការ មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ម្យ៉ាងទៀតការប្រឡងប្រណាំងសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ទទួលបានមេដាយមាស និងទទួលបានរង្វាន់ជ័យលាភីសាលាមេត្រីបរិស្ថាននាពេលនេះ ជាចំណែកមួយក្នុងការគាំពារបរិស្ថាន ដើម្បីចូលរួមប្រកួតប្រជែង ព្រោះសាលាជាថ្នាលបណ្តុះនូវចំណេះដឹង និងបណ្តុះបណ្តាលធនធានមនុស្ស ភាសា កីឡា ដើម្បីប្រែក្លាយធនធានសិស្សឱ្យស្របតាមការវិវឌ្ឍនៃសង្គមរីកចម្រើន ផ្នែកវីទ្យាសាស្ត្រ បង្កើតបានអ្នកធុរកិច្ចកាន់តែច្រើននាពេលខាងមុខ។
ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ និងឯកឧត្ដម គួច ចំរើន បានអញ្ជើញកាត់ខ្សែបូសម្ពោធ សួនជីវ:ចម្រុះ សួនព្រឹទ្ធាចារ្យ ជុំ ហ៊ល សួនអំណានព្រឹទ្ធាចារ្យ លឹម ណៃ និងតារាងប៉េតង់ ក្នុងបរិវេណសាលាវិទ្យាល័យ ហ៊ុន សែន មិត្តភាពដោយបរិយាកាសរីករាយក្រៃលែង៕