ព្រឹកថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យទីតាំងសាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេស ត្រូវយកចិត្តទុកដាក់ពន្លឿនការសាងសង់ស្របតាមស្តង់ដារបច្ចេកទេស និងគុណភាពខ្ពស់។
បន្ទាប់មកឯកឧត្តម អភិបាលខេត្ត ក៏បានអញ្ជើញទៅពិនិត្យមើលទីតាំងនៅជុំវិញអគារធ្វើការនៅក្នុងមន្ទីរពេទ្យ ព្រមទាំងបានណែនាំឱ្យក្រុមការងារធ្វើការឈូសឆាយពង្រាបដីដោយធ្វើផ្លូវចេញចូល និងរៀបចំសួនច្បារ ដាំស្មៅ ដើម្បីធ្វើយ៉ាងណាឱ្យមន្ទីរពេទ្យបង្អែកខេត្តរបស់យើងមានសោភ័ណភាពស្រស់ស្អាត និងមានពណ៌បៃតង។
ចំពោះគម្រោងសាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ ដែលកម្ពស់០១ជាន់ ទំហំ ៣៣ម៉ែត្រ x ៩០ម៉ែត្រ ធ្វើពីគ្រឹះសសរបេតុង ដំបូលប្រក់ស័ង្កសី នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ អគារព្យាបាលនេះ អាចដាក់គ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលបានចំនួន ៣៥៦ គ្រែ (គ្រែ០១ជាន់) ឬអាចបានចំនួន ៧១២ គ្រែ ប្រសិនប្រើគ្រែ០២ជាន់។ គម្រោងនេះប៉ាន់ស្មានត្រូវចំណាយថវិកាអស់ប្រមាណ៧០មុឺនដុល្លាអាមេរិក ដែលជាថវិកាចូលរួមពីសប្បុរសជន។
តាមការបញ្ជាក់របស់ក្រុមការងារជំនាញ គម្រោងសាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុនេះ នឹងត្រូវបញ្ចប់ការសាងសង់ក្នុងរយៈពេល០៣ខែ។
សូមជម្រាបជូនផងដែរថា នៅក្នុងយុទ្ធនាការនៃប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នៅខេត្តព្រះសីហនុ រដ្ឋបាលខេត្តបានទទួលនូវ អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺមន្ទីរពិសោធន៍វិជ្ជសាស្ត្រដើម្បីវិភាគសំណាកមេរោគកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានរៀបចំតម្លើងម៉ាស៊ីនផលិតអុកស៊ីសែនដោយខ្លួនឯង ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់នៅក្នុងមន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកជំងឺដែលត្រូវសង្រ្គោះបន្ទាន់ ជាពិសេសការព្យាបាលអ្នកជំងឺកូវីដ-១៩ និងអគារព្យាបាលជំងឺកូវីដ-១៩ សម្រាប់ពិរុទ្ធជន និងជនត្រូវចោទនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ក្នុងរយៈពេលកន្លងមករដ្ឋបាលខេត្ត ក៏បានជួលអគារចំនួន០៥កន្លែង សម្រាប់ធ្វេីជាអគារព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល។ ទន្ទឹមនឹងនេះ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ “បញ្ហាជំងឺកូវីដ-១៩ វានឹងមិនងាយបញ្ចប់ទេ” ដូច្នេះរដ្ឋបាលខេត្តត្រូវសាងសង់អគារ០១ខ្នងនេះឡើង ដេីម្បីធានានិរន្តរភាពសម្រាប់ការព្យាបាលអ្នកជំងឺកូវីដ-១៩ បានយូរអង្វែងនៅខេត្តព្រះសីហនុរបស់យើង៕