Home / ព័ត៌មានទូទៅ / ការចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំទៅដល់ក្រោម១៨ឆ្នាំ ក្នុងភូមិសាស្រ្តស្រុកព្រៃនប់

ការចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំទៅដល់ក្រោម១៨ឆ្នាំ ក្នុងភូមិសាស្រ្តស្រុកព្រៃនប់

ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំទៅដល់ក្រោម១៨ឆ្នាំ ក្នុងភូមិសាស្រ្តស្រុកព្រៃនប់ មានឃុំអូរឧកញ៉ាហេង ឃុំសំរុង ឃុំជើងគោ និងឃុំទឹកល្អក់។

លោក ស កក្កដា អភិបាលស្រុកព្រៃនប់ បានរាយការណ៍ថា កុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំទៅដល់ក្រោម១៨ឆ្នាំ ដែលត្រូវទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងស្រុកព្រៃនប់ មានចំនួនជាង ១៤០០០នាក់ និងមានមណ្ឌលចាក់វ៉ាក់សាំងចំនួន៤ទីតាំង រួមមានទីតាំង ឃុំអូរឧកញ៉ាហេង ឃុំសំរ៉ុង ឃុំជើងគោ និងឃុំទឹកល្អក់ ហើយយុទ្ធនាការចាក់វ៉ាក់សាំងនេះ គ្រោងនឹងបញ្ចប់ក្នុងរយៈពេលមួយសប្តាហ៍។
នៅក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថារដ្ឋបាលខេត្តបានដាក់ចេញនូវផែនការលម្អិតបន្ថែម ដោយចាត់ក្រុមគ្រូពេទ្យ និងក្រុមការងារយុវជន ដើម្បីចាត់ចែងទទួលបងប្អូនប្រជាពលរដ្ឋ និងក្មួយៗកុមារទាំងអស់ ឱ្យមានសណ្តាប់ធ្នាប់ ស្របតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការណ៍ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ និងអាចជួយពន្លឿនដល់ការចាក់វ៉ាក់សាំងបានកាន់តែលឿន និងបានជ្រាបចូលក្នុងខ្លួនប្រជាពលរដ្ឋ និងក្មួយៗបានឆាប់រហ័ស។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់ មាតាបិតា និងអាណាព្យាបាលទាំងអស់ត្រូវនាំកូនចៅមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា។ ដោយវ៉ាក់សាំងទាំងអស់នេះគឺបានដោយការខិតខំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្វះស្វែងរកដើម្បីចាក់ជូនប្រជាពលរដ្ឋ យុវវ័យ និងក្មួយៗកុមាររបស់យើងដោយឥតគិតថ្លៃ។
ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរឱ្យក្មួយៗកុមារទាំងអស់ បន្ទាប់ពីទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចរាល់ត្រូវខិតខំសិក្សារៀនសូត្រតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញឱ្យបានគ្រប់ៗគ្នា ដើម្បីជាការចូលរួមលើកស្ទួយចំណេះដឹងនៅក្នុងបរិបទនៃជំងឺកូវីដ-១៩ មិនទាន់បានធូរស្បើយនៅឡើយ ព្រោះប្អូនៗទាំងអស់នេះហើយ គឺជាទំពាំងស្នងឬស្សី ក្នុងការចូលរួមអភិវឌ្ឍ សង្គម គ្រួសារ និងសង្គមជាតិនៅថ្ងៃអនាគត។ សូមក្មួយៗត្រូវចូលរួមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល រក្សាគម្លាតសុវត្ថិភាព និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺ ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន ទើបយើងអាចចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺដ៏កាចសាហាវនេះបាន៕