ព្រឹកថ្ងៃអង្គារ ៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យសកម្មភាពនៃការបង្រៀន និងការរៀន ព្រមទាំងការធ្វើតេស្តតាមប្រព័ន្ធ Online នៅវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ស្ថិតនៅឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកស្រី អ៊ុច សោភា ប្រធានមន្ទីរ អប់រំយុវជន យុវជន និងកីឡាខេត្ត បានឱ្យដឹងថា មន្ទីរបានធ្វើការបណ្តុះបណ្តាលបច្ចេកទេស ICT ដល់លោកគ្រូ អ្នកគ្រូនៅតាមសាលាបណ្តាញទាំង១០២ នៅក្នុងខេត្តព្រះសីហនុ ដើម្បីបង្រៀនតាមប្រព័ន្ធ Online តាមស្របតាមបរិបទនៃជំងឺកូវីដ-១៩។
សូមបញ្ជាក់ជូនផងដែរថាកន្លងមក ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យសកម្មភាពនៃការបង្រៀនតាមប្រព័ន្ធ Online របស់លោកគ្រូ អ្នកគ្រូ និងការរៀនរបស់សិស្សនៅវិទ្យាល័យហ៊ុន សែន ស្ទឹងហាវ និង វិទ្យាល័យ ហ៊ុន សែន វាលរេញ រួចមកហើយ ដោយព្រឹកនេះបន្តចុះត្រួតពិនិត្យវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ដែលជាសាលាបណ្តាញមេទាំងបីនៅក្នុងខេត្តព្រះសីហនុ ក្នុងការជួយបណ្តុះបណ្តាលបច្ចកទេស ICT ដល់លោកគ្រូ អ្នកគ្រូ សម្រាប់សាលាទាំង១០២ ក្នុងខេត្តព្រះសីហនុ។
ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានថ្លែងការកោតសរសើរលោកស្រីប្រធាន មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងថ្នាក់ដឹកនាំទាំងអស់ ពិសេសសាលាមេបណ្តាញទាំងបី ដែលបានជួយបណ្តុះបណ្តាលចែករំលែកបទពិសោធន៍ នៃការបង្រៀនដល់សាលាទាំង១០២ ក្នុងខេត្តព្រះសីហនុ។ ទន្ទឹមនឹងនេះឯកឧត្ដមអភិបាលខេត្ត ពិតជាមានមោទនភាពដោយបានឃើញចំនួនសិស្សចូលរៀនតាមប្រព័ន្ធ Online នៅវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ មានចន្លោះពី៣០ ទៅ៥០នាក់ ដែលបញ្ជាក់ថាសិស្សានុសិស្សមានការយល់ដឹង និងបានចូលរៀនតាមប្រព័ន្ធ Online កាន់តែច្រើន។ ដូច្នេះលោកគ្រូ អ្នកគ្រូ ត្រូវបន្តជម្រុញលើកទឹកចិត្តសិស្សឱ្យចូលរៀនកាន់តែច្រើនឡើងបន្ថែមទៀត ដោយត្រូវសហការជាមួយអាជ្ញាធរភូមិ ឃុំ ស្រុក ក្នុងការលើកកម្ពស់ចំណេះដឹងតាមប្រព័ន្ធបច្ចេកវិជ្ជា ស្របតាមបរិបទនៃការរាតត្បាតនៃជំងឺកូវីដ-១៩។ ដោយឡែកចំពោះការរៀនតាមបែបប្រពៃណី ត្រូវធ្វើការកែលម្អ ដើម្បីបញ្ចៀសការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង។
ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ ឱ្យបន្តអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្ស និងមាតាបិតាសិស្សជួយជម្រុញកូនចៅឱ្យរៀនតាមប្រព័ន្ធ Online និងការត្រៀមប្រឡងតេស្តតាមបែបថ្មី តាម Google Form ឱ្យទទួលបានលទ្ធផលល្អគ្រប់សាលាទាំងអស់ក្នុងខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភថវិកាជូនលោកគ្រូ អ្នកគ្រូ វិទ្យាល័យហ៊ុន សែន ព្រៃនប់ ចំនួន ៥៩នាក់ ក្នុងម្នាក់ៗ ១០ម៉ឺនរៀល ជូនវិទ្យាល័យហ៊ុន សែន ព្រៃនប់ ២លានរៀល និងលោកគ្រូ ICT ០៤នាក់ ក្នុងម្នាក់ៗ ១លានរៀល៕