ព្រឹកថ្ងៃអង្គារ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យមើលស្ថានភាពនៅរោងចក្រតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតនៅឃុំបិតត្រាំង និងរោងចក្រតំបន់សេដ្ឋកិច្ចពិសេស ចេជាង ស្ថិតនៅឃុំជើងគោ និងបន្តអប់រំណែនាំប្រជាពលរដ្ឋ ក្នុងភូមិត្រពាំងគារ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា រោងចក្រភាគច្រើនបានគោរពតាមការណែនាំរបស់រដ្ឋបាលខេត្ត បានបំពាក់ទូរបាញ់ថ្នាំសម្លាប់មេរោគ កន្លែងលាងដៃ នៅមុខរោងចក្រ ព្រមទាំងបានធ្វើការណែនាំដល់មន្ត្រីប្រចាំការនៅគោលដៅរោងចក្រតំបន់សេដ្ឋកិច្ចទាំងពីរខាងលើ ត្រូវបន្តពិនិត្យរោងចក្រទាំងអស់ឱ្យបំពាក់ទូបាញ់ថ្នាំ អាល់កុលសម្លាប់មេរោគឱ្យបានពីរ ឬបី បើអាចដាក់កាន់តែច្រើនរឹតតែល្អ ដើម្បីងាយស្រួលឱ្យកម្មករ កម្មការិនីយើងចូលធ្វើការ និងចេញពីធ្វើការបានបាញ់សម្លាប់មេរោគបានគ្រប់គ្នា ជាជំរើសល្អក្នុងការជួយកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ទន្ទឹមនោះត្រូវពិនិត្យការទទួលទានរបស់កម្មករ មិនត្រូវប្រមូលផ្តុំ ត្រូវមានបាយកញ្ចប់រៀងៗខ្លួននៅពេលថ្ងៃត្រង់ ដោយរក្សាគម្លាតសុវត្ថិភាពជាចំបង។
ឯកឧត្តមអភិបាលខេត្តបានបន្តថា រោងចក្រនីមួយៗត្រូវរៀបចំបញ្ជីឈ្មោះកម្មករ បុគ្គលិករបស់ខ្លួន ដើម្បីមានភាពងាយស្រួលដល់ក្រុមការងាររបស់យើង ប្រសិនបើមានការសង្ស័យរោងចក្រណាមួយមានឆ្លងជំងឺកូវីដ-១៩ យើងនឹងយកសំណាកពួកគាត់បានទាន់ពេលវេលា បញ្ចៀសការឆ្លងរីករាលដាលទៅរោងចក្រដទៃទៀត ម្យ៉ាងទៀតម៉ោងចេញ និងចូលធ្វើការត្រូវតែខុសគ្នា ដើម្បីបញ្ចៀសការកកស្ទះបណ្តាលឱ្យមានការឆ្លងជំងឺកូវីដ-១៩។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានអញ្ជើញបន្តចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិត្រពាំងគារ ឃុំជើងគោ ស្រុកព្រៃនប់ ដែលមានសមាជិករបស់ពួកគាត់មានវិជ្ជមានកូវីដ-១៩ ដោយធ្វើការណែនាំត្រូវរស់នៅតាមបែបកន្លងថ្មី មិនត្រូវចេញទៅក្រៅ ត្រូវធ្វើចត្តាឡីស័កនៅក្នុងផ្ទះឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣.ការពារ ៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមគ្នាកាត់ផ្តាច់ប្រភពចម្លងជំងឺកូវីដ-១៩ ឱ្យទទួលបានជោគជ័យ៕