Home / សេចក្តីជូនដំណឹង / សេចក្តីប្រកាសព័ត៌មានជូនម្ចាស់មន្ទីរពេទ្យឯកជន ម្ចាស់មន្ទីរពហុព្យាបាលឯកជន ម្ចាស់គ្លីនិកឯកជន និងម្ចាស់បន្ទប់ព្យាបាលឯកជន

សេចក្តីប្រកាសព័ត៌មានជូនម្ចាស់មន្ទីរពេទ្យឯកជន ម្ចាស់មន្ទីរពហុព្យាបាលឯកជន ម្ចាស់គ្លីនិកឯកជន និងម្ចាស់បន្ទប់ព្យាបាលឯកជន

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបលោក លោកស្រីជា ម្ចាស់មន្ទីរពេទ្យឯកជន ម្ចាស់មន្ទីរពហុព្យាបាលឯកជន ម្ចាស់គ្លីនិកឯកជន និងម្ចាស់បន្ទប់ព្យាបាលឯកជនជ្រាបថា ក្នុងរយៈពេលនៃឆ្លងរាលដាលជំងឺកូវីដ-១៩នៅខេត្តព្រះសីហនុជិត ១ខែកន្លងមកនេះ មានអ្នកផ្ទុកវីរុសវីដ-១៩ ចំនួន ២នាក់បានទៅពិគ្រោះ និងពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យឯកជន។ ដោយមានការសង្ស័យ ម្ចាស់មន្ទីរពេទ្យបានអនុញ្ញាតឱ្យអ្នកជំងឺចាកចេញទៅយកសំណាកដោយខ្លួនឯង ការធ្វើបែបនេះជាហេតុបណ្តាលឱ្យមានការឆ្លងជំងឺដ៏កាចសាហាវនេះដល់អ្នកដទៃផ្សេងទៀត។

ដូច្នេះដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងឈានទៅផ្ដាច់ឬសគល់មេរោគ និងប្រភពចម្លងមេរោគឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាបង្ហាញឱ្យឃើញនូវការចូលរួមចំណែកទាំងអស់គ្នាក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រដ្ឋបាលខេត្តព្រះសីហនុសូមណែនាំដល់លោក លោកស្រីអនុវត្តតាមការណែនាំដូចខាងក្រោម៖
-ត្រូវកត់ឈ្មោះ អាសយដ្ឋាន ឬទីកន្លែងស្នាក់នៅ និងលេខទូរសព្ទទំនាក់ទំនងរបស់ភ្ញៀវ ឬអ្នកជំងឺដែលមកពិគ្រោះយោបល់ ពិនិត្យ ព្យាបាលជំងឺឱ្យបានច្បាស់លាស់តាមអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន
-ត្រូវពិនិត្យ សាកសួរជាបឋមអំពីអាការៈជំងឺដែលពាក់ព័ន្ធបញ្ហាផ្លូវដង្ហើមជាមុន ហើយកត់ត្រាឱ្យបានច្បាស់លាស់ និងរក្សាទុកដើម្បីពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យនានា ក្រែងមានកំរណីពាក់ព័ន្ធនឹងជំងឺកូវីដ-១៩
-ក្នុងករណីមានការសង្ស័យពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ត្រូវរក្សាទុកភ្ញៀវ ឬអ្នកជំងឺនោះឱ្យនៅដាច់ដោយឡែកមួយកន្លែង ក្នុងទីតាំងរបស់ខ្លួន ហើយត្រូវទំនាក់ទំនងជាបន្ទាន់មកមន្ទីរសុខាភិបាលខេត្ត ឬមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ តាមរយៈទូរសព្ទលេខ 012 888 737 ឬ 016 526 520 ដើម្បីក្រុមគ្រូពេទ្យ និងក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរ សុខាភិបាលខេត្តរៀបចំអន្តរាគមន៍បានទាន់ពេលវេលា
-ត្រូវសហការផ្តល់ភាពងាយស្រួលដល់ក្រុមគ្រូពេទ្យ និងក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត
ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចដែលចុះបំពេញការងារនៅតាមទីតាំងរបស់ខ្លួន។
អាស្រ័យហេតុនេះសូមលោក លោកស្រីជាម្ចាស់មន្ទីរពេទ្យឯកជន៍ម្ចាស់មន្ទីរពហុព្យាបាលឯកជនម្ចាស់គ្លីនិកឯកជន និងម្ចាស់បន្ទប់ព្យាបាលឯកជន នៅក្នុងខេត្តព្រះសីហនុជ្រាប និងចូលរួមសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។