Home / ព័ត៌មានទូទៅ / ការយកអំណោយមនុស្សធម៌របស់កាកបាទក្រហម ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ

ការយកអំណោយមនុស្សធម៌របស់កាកបាទក្រហម ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ

នៅរសៀលថ្ងៃព្រហស្បតិ៍ ០៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានចាត់ឲ្យលោក គាំ សុខុម នាយកសាខា មន្រ្តីសាខា អនុសាខាបាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហម ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន ១៨២គ្រួសារ រស់នៅភូមិ០១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ជាមួយគ្នានោះ លោកនាយកសាខា សុំឲ្យក្រុមគ្រួសារចូលរួមពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ និងត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុលហ្សែល ហើយ ត្រូវពាក់ម៉ាស់ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ក្រុមការងារបានធ្វើការណែនាំអំពីរបៀបរស់នៅធម្មតា តាមបែបគន្លងថ្មី និងរក្សាការពារការឆ្លងជំងឺកូវីដ-១៩ ÷
១.អនុវត្តរក្សាគម្លាតសុវត្ថិភាពឱ្យបានពី ១,៥០ម៉ែត្រ
២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល
៣.ពាក់ម៉ាស់ការពារពេលធ្វើដំណើរទៅទីប្រជុំជន
តាមរយះការចៀសវាងទីកន្លែងបី គឺ៖
១.កន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់
២.កន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន
៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម
សម្ភារដែលផ្តល់ជូនក្នុងមួយគ្រួសារមាន ៖ អង្ករ៣០ គីឡូក្រាម មី ១កេស ត្រីខ ០៤កំប៉ុង ទឹកត្រី ១យួរ និងថវិកា ១០ម៉ឺនរៀល ៕