Home / ព័ត៌មានទូទៅ / កិច្ចប្រជុំផ្សព្វផ្សាយច្បាប់ទេសចរណ៍ និងវិធានសុវត្ថិភាពកូវីដ-១៩

កិច្ចប្រជុំផ្សព្វផ្សាយច្បាប់ទេសចរណ៍ និងវិធានសុវត្ថិភាពកូវីដ-១៩

ព្រឹកថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ សហការជាមួយរដ្ឋបាលខេត្ត ផ្សព្វផ្សាយច្បាប់ទេសចរណ៍ និងវិធានសុវត្ថិភាពកូវីដ-១៩ ក្រោមអធិបតីលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានការចូលរួមពីអភិបាលរងក្រុង ស្រុក មន្ត្រីនគរបាលទេសចរណ៍ មន្ត្រីអាវុធហត្ថ និងប្រតិបត្តិករទេសចរណ៍ក្នុងខេត្តព្រះសីហនុ ។
លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ បើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ទេសចរណ៍ និងវិធានសុវត្ថិភាពកូវីដ-១៩ បានបញ្ជាក់ថា ព្រឹត្តិការណ៍កូវីដ ២០កុម្ភ: ឆ្នាំ២០២១នេះ បានឆ្លងចូលក្នុងសហគមន៍នៅរាជធានីភ្នំពេញ ដែលមានទីតាំងចំនួន២៣ ត្រូវបានបិទជាបណ្តោះអាសន្ន ដោយឡែកសម្រាប់ខេត្តព្រះសីហនុ មិនទាន់មានការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក៍ប៉ុន្តែយើងត្រៀមលក្ខណការពារទុកជាមុន ត្រូវចូលរួមការពារ ទប់ស្កាត់ ពីបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មផ្ទះសំណាក់ និងសេវាកម្មទេសចរណ៍ទាំងអស់ស្របពេលដែលពិភពលោកបានរកឃើញវ៉ាក់សាំងចាក់ការពារ និងកំពុងបន្តចាក់វ៉ាក់សាំងការពារ ដោយឡែកកម្ពុជា ក៍បានកំពុងចាក់វ៉ាក់សាំងការពារផងដែរ ។

លោក ម៉ាង ស៊ីណេត បានបន្តថាបញ្ហាកូវីដ-១៩ ជាបញ្ហាប្រឈមចំបងដែលទាមទារឱ្យប្រជាពលរដ្ឋ ក៍ដូចជាម្ចាស់អាជីវកម្ម និងអ្នកបំរើសេវាកម្មទេសចរណ៍ក្នុងខេត្តព្រះសីហនុ ត្រូវចូលរួមអនុវត្តតាមគោលការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៣.ការពារ និង៣.កុំ និងអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ។ ដូច្នេះប្រតិបត្តិករទេសចរណ៍ក្នុងខេត្តព្រះសីហនុ ទាំងអស់ត្រូវចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា កសាងហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវ ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ និងរៀបចំខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាទីផ្សារហិរញ្ញវត្ថុនាពេលខាងមុខ ដូច្នេះយើងត្រូវរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ រួមគ្នាទទួលផលប្រយោជន៍ទាំងអស់គ្នា ដើម្បីបង្កើនសោភ័ណភាព បរិស្ថានក្រុង ខេត្តរបស់យើង ។
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានធ្វើការបង្ហាញសារាចរណែនាំស្តីពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ក្រសួងទេសចរណ៍បាធ្វើការណែនាំដល់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅទូទាំងប្រទេសនូវវិធានសុវត្ថិភាពដូចខាងក្រោម:
-អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការទាំងឡាយដាក់ចេញដោយក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ- ១៩។
-ត្រូវកត់ត្រាភ្ញៀវទេសចរ ដែលចូលមកកម្សាន្តក្នុងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ពិសេសអាស័យដ្ឋាន និងលេខទំនាក់ទំនង។
-រៀបចំការត្រួតពិនិត្យវ៉ាស់កំដៅភ្ញៀវទេសចរដែលចូលទៅ មកកម្សាន្តនៅតាមសហ គមន៍ទេសចរណ៍ និងអេកូទេសចរណ៍។
-រៀបចំបាញ់អាល់កុលសំលាប់មេរោគមុនចូលទៅកម្សាន្តក្នុងរមនីយដ្ឋាន។
-ភ្ញៀវទេសចរតម្រូវឱ្យប្រើម៉ាស់ ឬក្រមា និងការលាងសំអាតដៃពេលចាប់កាន់វត្ថុថ្មី។
-រៀបចំអាល់កុលបាញ់សំលាប់មេរោគ និងលាងដៃ នៅតាមទីកន្លែងដែលចាំបាច់។
-បញ្ចៀសការជួបជុំក្រុមធំ រក្សាគម្លាតសវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីធានាសហគមន៍យើងមិនមានការឆ្លងជំងឺកូវីដ-១៩ ៕