នៅព្រឹកថ្ងៃ២២ ខែកុម្ភៈ ឆ្នាំ២០២១ ពិធីសម្ពោធជាផ្លូវការគម្រោងក្រុមហ៊ុន លន សុីធី ឡូតធឺសសុីថោន មានទីតាំងស្ថិតក្នុងឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមជាកិត្តិយស ពីសំណាក់ឯកឧត្តមអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី អភិបាលក្រុងស្រុក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងវិស័យឯកជន។
ឯកឧត្តម តុល លន ស្ថាបនិកក្រុមហ៊ុន លន សុីធី ឡូតធឺសសុីថោន ក្រុងព្រះសីហនុ មានប្រសាសន៍ថា គម្រោងនេះនឹងអភិវឌ្ឍន៍លើផ្ទៃដីប្រមាណ ៦៦ ហិកតា ដែលមានការសាងសង់ជាលំនៅដ្ឋាន ផ្ទះល្វែង បុរី វីឡា សម្រាប់លក់ជូនអតិថិជន និងសាងសង់បន្ថែម នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតរួមមាន សាលារៀន សួនច្បារ ស្ថានីយ៍ប្រេងឥន្ទនៈ អាហារដ្ឋាន និងកន្លែងហាត់ប្រាណជាដើម ដែលមានទុនវិនិយោគជាង ១០០លានដុល្លាអាមេរិក ក្នុងនោះក្រុមហ៊ុនក៏បានគោរពថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសជាតិនាំមកនូវសុខសន្តិភាព បង្កឱកាសដល់ការវិនិយោគ និងការអភិវឌ្ឍន៍ប្រទេសជាតិ។ លោក រុណ រដ្ឋា នាយកប្រតិបត្តិគម្រោង លន សុីធី ឡូតធឺសសុីថោន បានធ្វើរបាយការណ៍ជូនអង្គពិធីថា ក្រុមហ៊ុននឹងសាងសង់នូវសំណង់លំនៅដ្ឋាន ផ្ទះវីឡា ព្រមទាំងហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗ ដែលធានាគុណភាពស្តង់ដា តាមបទដ្ឋានវិស្វកម្ម និងស្ថាបត្យកម្ម ប្រកបសោភ័ណ្ឌភាព និងភាពសុីវិល័យសម័យថ្មី ដើម្បីផ្តល់ជូនអតិថិជន។
មានប្រសាសន៍សំណេះសំណាលក្នុងពិធីនេះឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ លើកឡើងថា ទោះបីជាប្រទេសកម្ពុជា និងពិភពលោកព្រួយបារម្ភចំពោះជម្ងឺកូវីដ-១៩ក្តី ប៉ុន្តែចំពោះការវិនិយោគលើវិស័យអចលនៈទ្រព្យ និងការសាងសង់សំណង់ផ្ទះល្វែង វីឡា បុរី លំនៅដ្ឋានក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងខេត្តព្រះសីហនុ នៅតែមានសកម្មភាពជាបន្តបន្ទាប់ ស្របពេលដែលខេត្តព្រះសីហនុ គឺជាខេត្តតំបន់ឆ្នេរមួយមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ភ្លើងបំភ្លឺផ្លូវ និងសំណង់អាគារតូច ធំ ក្នុងក្រុងព្រះសីហនុ ក៏ដូចជាតាមតំបន់ទេសចរណ៍នានា ហើយមួយវិញទៀតខេត្តព្រះសីហនុ សំបូរទៅដោយរមណីយ៍ដ្ឋានទេសចរណ៍ដើម្បីឱ្យភ្ញៀវមកទស្សនា និងលេងកំសាន្ត។
ជាមួយនឹងការគាំទ្រ លើកទឹកចិត្តចំពោះដំណើរការអភិវឌ្ឍន៍របស់ក្រុមហ៊ុន លន សុីធី ក្នុងខេត្តព្រះសីហនុ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បានណែនាំដល់ក្រុមហ៊ុនឲ្យយកចិត្តទុកដាក់ អនុវត្តន៍វិធានការ បង្ការទប់ស្កាត់ជំងឺកូវីដ-១៩ តាមគោលការណ៍របស់ក្រសួងសុខាភិបាលជាចាំបាច់ នៅក្នុងការដ្ឋានផ្ទាល់ ស្របពេលដែលវិធានការ បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ កំពុងធ្វើឡើងគ្រប់ទីកន្លែង៕