Home / ព័ត៌មានទូទៅ / ពិធីអបអរសាទរខួបកំណើតកាកបាទក្រហមកម្ពុជា ១៨ កុម្ភៈ ១៩៥៥ – ១៨ កុម្ភៈ ២០២១

ពិធីអបអរសាទរខួបកំណើតកាកបាទក្រហមកម្ពុជា ១៨ កុម្ភៈ ១៩៥៥ – ១៨ កុម្ភៈ ២០២១

ព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៧៤ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានចាត់ឲ្យសាខាកាកបាទក្រហមកម្ពុជាខេត្ត រៀបចំពិធីអបអរសាទរខួបកំណើតកាកបាទក្រហមកម្ពុជា ១៨ កុម្ភៈ ១៩៥៥ – ១៨ កុម្ភៈ ២០២១ ក្រោមការដឹកនាំលោក ម៉ាង ស៊ីណេត អនុប្រធានគណៈកម្មាធិការសាខា ដោយបានរៀបចំជាពិធីសំអាតបរិស្ថានតំបន់ឆ្នេរ (ចាប់ពីឆ្នេរអូរឈើទាល រហូតដល់ឆ្នេរអូរត្រេះ) ដោយមានការចូលរួមពីមន្ទីរអប់រំយុវជននិងកីឡា មន្ទីរទេសចរណ៍ សាលាក្រុងព្រះសីហនុ និងកម្លាំងអ្នកស្ម័គ្រចិត្ត កម្លាំងយុវជនកាកបាទក្រហមមកពីវិទ្យាល័យក្រុងព្រះសីហនុ និងវិទ្យាល័យហ៊ុន សែនមិត្តភាព អនុវិទ្យាល័យសម្តេចឪសរុប ៣០០ នាក់ ស្រី ១២៥នាក់ នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ក្នុងឱកាសនោះដែរ លោក ម៉ាង ស៊ីណេត អនុប្រធានគណៈកម្មាធិការសាខា បានសំណេះសំណាលលើកពីប្រវត្តិថ្ងៃកំណើតកាកបាទក្រហមកម្ពុជា ដែលបានបង្កើតឡើងនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ ដែលមកដល់ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២១ នេះ មានអាយុកាល ៦៦ឆ្នាំ ។កាកបាទក្រហមកម្ពុជា ជាអង្គការមនុស្សធម៌ធំជាងគេនៅក្នុងប្រទេសកម្ពុជា ។ ស្ថាប័នមួយនេះត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាល ជាជំនួយការអាជ្ញាធរសាធារណៈក្នុងការងារមនុស្សធម៌ ដើម្បីសម្រាលទុក្ខលំបាកប្រជាពលរដ្ឋងាយរងគ្រោះបំផុត។ បច្ចុប្បន្ននេះកាកបាទក្រហមកម្ពុជា បានផ្តល់កម្មវិធីជាច្រើនប្រភេទ រួមមានការងារថែទាំសុខភាពនៅតាមសហគមន៍ ការលើកម្ពស់គោលការណ៍គ្រឹ: និងតម្លៃមនុស្សធម៌ ការឆ្លើយតបគ្រោះមហន្តរាយ និងត្រៀមបង្ការគ្រោះមហន្តរាយនៅទូទាំងប្រទេស ។ ការផ្តល់សេវាកម្មទាំងនេះបានចូលទៅដល់សហគមន៍តាមរយ:បណ្តាញសាខាដ៏ទូលំទូលាយគ្របដណ្តប់ ២៥ ខេត្ត-រាជធានី ដោយមានការចូលរួមយ៉ាងសកម្មពីបណ្តាញអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម ដែលពួកគេកំពង់ផ្តល់សេវាកម្ម និងអនុវត្តគម្រោងនានា ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅក្នុងប្រទេស និយាយជារួមដោយឡែកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏កំពុងបំពេញការងារយ៉ាងសកម្មក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ។
ក្នុងនោះដែរ លោក ម៉ាង ស៊ីណេត អនុប្រធានគណៈកម្មាធិការសាខា បានផ្តល់អនុសាសន៍ដល់ចំពោះបងប្អូនអ្នកស្ម័គ្រចិត្តកាកបាទក្រហម ប្អូនៗយុវជនកាកបាទក្រហមនូវចំនុចសំខាន់ៗដូចខាងក្រោម៖
-ត្រូវធ្វើជាគំរូក្នុងការចូលរួមសម្អាតអនាម័យបរិស្ថាននៅតាមទីសាធារណៈ និងនៅក្នុងលំនៅឋាន ជាពិសេសគឺលំនៅឋានបៃតង
-នៅពេលទៅកំសាន្តនៅតាមទីសាធារណៈឬតំបន់រមណីយដ្ឋានផ្សេងៗ ត្រូវថតវីដេអូខ្លីបពីការថែរក្សាអនាម័យ ជាពិសេសការវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ និងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ។
ជាចុងក្រោយលោក ម៉ាង ស៊ីណេត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនអ្នកស្ម័គ្រចិត្តកាកបាទក្រហម ប្អូនៗយុវជនកាកបាទក្រហម ដែលបានចូលរួមបញ្ចេញសកម្មភាពយ៉ាងសកម្មជាមួយសាខាកន្លងមក ក៏ដូចក្នុងពេលនេះដែលជាថ្ងៃខួបកំណើតកាកបាទក្រហមកម្ពុជា ឲ្យទៅជាសកម្មភាពពិតចូលរួមសំអាតបរិស្ថានតំបន់ឆ្នេរសមុទ្រយើង ដែលជាឆ្នេរដ៏ស្រស់ស្អាតជាប់ចំណាត់ថ្នាក់ទូទាំងពិភពលោក ៕