ព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៧៤ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរផែនការខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ គណៈប្រតិភូក្រសួងផែនការ អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព មេឃុំ ចៅសង្កាត់ ក្នុងខេត្តព្រះសីហនុ ។
តាមប្រកាសលេខ ០៤៣៦ ផក.ប្រ.ក របស់ក្រសួងផែន ការស្ដីពីការតែងតាំងមន្ត្រីរាជការ សម្រេចតែងតាំងលោក តោ មុនីសាក់ ជាប្រធានមន្ទីរផែនការខេត្តព្រះសីហនុនៃក្រសួងផែនការ ជំនួសលោក ហុង ម៉េងហួរ ដែលបានទទួលភារកិច្ចថ្មី ។
លោក តោ មុនីសាក់ ប្រធានមន្ទីរផែនការ បានធ្វើការបេ្តជ្ញាចិត្តដូចជា ÷
-គោរពឱ្យបានខ្ជាប់ខ្ជួននិងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ប្រកាន់ខ្ជាប់នូវស្មារតីមនសិការទទួលខុសត្រូវសំដៅរួមចំណែកអភិវឌ្ឍសង្គមជាតិតាមបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាល។
-ខិតខំពង្រឹងសមត្ថភាពដកស្រង់នូវបទពិសោធន៍ល្អពីរៀមច្បង សិក្សាស្រាវជ្រាវលើលិខិតបទដ្ឋានគតិយុត្ត គោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង និងខេត្តផ្សារភ្ជាប់ជាមួយចំណេះដឹងផ្នែកទ្រឹស្ដីសម្រាប់អភិវឌ្ឍសមត្ថភាពជំនាញក្នុងការអនុវត្តការងារឱ្យមានប្រសិទ្ធភាព។
-ខិតខំអភិវឌ្ឍសមត្ថភាពជំនាញវិជ្ជាជីវៈដើម្បីធានានូវការអនុវត្តភារកិច្ចប្រកាន់ឥរិយាបថជាមន្ត្រីរាជការបំរើសេវាសាធារណៈ ប្រកាន់ភ្ជាប់គុណសម្បត្តិ និងឥរិយាបថលើលក្ខណៈសម្បត្តិស្នូលទាំងបួន ១.ឆន្ទៈម្ចាស់ការ គឺការខិតខំកាត់បំពេញការងារដែលត្រូវធ្វើឱ្យអស់លទ្ធភាព ២.ភក្តីភាពចំពោះប្រជាពលរដ្ឋ និងស្ថាប័នរដ្ឋ ៣.មានសិកាវិជ្ជាជីវៈសមត្ថភាពបំពេញការងារប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព ៤.វប្បធម៌ សេវាសាធារណៈឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។
-ខិតខំរក្សាប្រពៃណីសាមគ្គីភាពមន្ត្រីរាជការក្នុងមន្ទីរផែនការល្អប្រសើរលើកកម្ពស់កិច្ចសហប្រតិបត្តិការសាមគ្គីភាពជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងអង្គភាពជំនាញជុំវិញខេត្ត ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មាន ប្រសាសន៍អបអរសារទរប្រធានមន្ទីរផែនការថ្មី ដែលថ្នាក់ ដឹកនាំក្រសួងបានផ្ដល់សេចក្តីទុកចិត្តតែងតាំងជាប្រធានមន្ទីរផែនការខេត្ត ដើម្បីបន្តនិរន្តភាពដឹកនាំមន្ត្រីផែនការខេត្តឱ្យទទួលបានជោគជ័យសម្រេចសមិទ្ធផលថ្មីបន្ថែមទៀត ស្របតាមគោលការណ៍ច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវអភិក្រមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់” និងបាវច្ចនាពីរគឺ “កែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ” ដោយស្មារតីឯករាជ្យ ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដល់អនុសាសន៍មួយចំនួនដូចជា ១.ត្រូវប្រើប្រាស់ទិន្នន័យជំរឿន ជាទិន្នន័យមានគុណភាពល្អជឿទុកចិត្តបានឱ្យបានទូលំទូលាយក្នុងការរៀបចំគោលនយោបាយ ការសម្រេចនានាដើម្បីគាំទ្រ និងការអភិវឌ្ឍប្រកបដោយចីរភាព ការវាស់វែងការអនុវត្តសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ និងកម្មវិធីផ្សេងៗទៀត។ ២.ត្រូវខិតខំយកចិត្តទុកដាក់វិភាគទិន្នន័យជំរឿនឱ្យបានគ្រប់ជ្រុងជ្រោយសម្បូរបែបធានាឆ្លើយតបតាមសេចក្តីត្រូវការប្រើប្រាស់ទិន្នន័យគ្រប់ប្រភេទព្រមទាំងការសិក្សាស្រាវជ្រាវតម្រូវការ និងញែកទិន្នន័យសម្រាប់រដ្ឋបាលក្រុងស្រុក ឃុំ សង្កាត់តាមដែលអាចធ្វើបាន។ ៣.ត្រូវខិតខំបន្តប្រមែប្រមូលធនធានពីដៃគូរអភិវឌ្ឍន៍សម្រាប់ធ្វើជំរឿនឱ្យបានក្នុងពេលខាងមុខ មានជំរឿនសេដ្ឋកិច្ច ជំរឿនកសិកម្មដែលសុទ្ធសឹងជាអត្ថប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍។ ៤.ត្រូវយកចិត្តទុកដាក់ក្នុងការបណ្ដុះបណ្ដាលកសាងសមត្ថភាព និងអភិវឌ្ឍន៍ធនធានមនុស្សពីព្រោះការងារស្ថិតិជាការងារលំបាកស្មុគស្មាញពាក់ព័ន្ធ និងគ្រប់វិស័យទាមទារការបណ្ដុះបណ្ដាល និងបទពិសោធន៍អនុវត្តជាក់ស្តែងក្នុងការធ្វើជំរឿនអង្កេតដែលជាការបណ្ដុះបណ្ដាលក្នុងការងារ ។ ការផ្សព្វផ្សាយទិន្នន័យជំរឿនឱ្យបានទូលំទូលាយដល់អ្នកប្រើប្រាស់ទិន្នន័យទាំងឡាយទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិក៏ជាភារកិច្ចសំខាន់ដើម្បីបង្កើនការយល់ដឹងពីសារៈសំខាន់ស្ថិតិក្នុងកម្មវិធីអភិវឌ្ឍន៍ ក៏ដូចជាការចេះប្រើប្រាស់ស្ថិតិឱ្យបានត្រឹមត្រូវ ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ធ្វើការផ្តាំផ្ញើប្រធានមន្ទីរផែនការត្រូវបានប្រកាសតែងតាំងនាពេលនេះ ត្រូវបន្តខិតខំបំពេញការងារឱ្យបានល្អប្រសើរមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងក្នុងមន្ទីរ ក៏ដូចជាបណ្ដាអង្គភាពដែលស្ថិតនៅក្រោមឱវាទរបស់រដ្ឋបាលខេត្តព្រះសីហនុ ឱ្យបានទូលំទូលាយ និងទទួលបានជោគជ័យរាល់ភារកិច្ច និងកាតព្វកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូនជាពិសេសលើវិស័យផែនការនិងស្ថិតិ ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បន្តថាកម្ពុជាទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នូវតំណក់ប្រេងលើកដំបូង ស្របពេលខួបលើកទី ២២ឆ្នាំ នៃនយោបាយឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំមាតុភូមិកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព ការអភិវឌ្ឍ ភាពរីកចម្រើនរុងរឿង និង ឯកភាពជាតិទាំងមូល ៕