ព្រឹកថ្ងៃអាទិត្យ ៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រសួងទេសចរណ៍សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធខ្មែរកីឡាទោចក្រយាន្ត និងរដ្ឋបាលខេត្តព្រះសីហនុ ដែលជាព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរ “ជិះកង់នៃក្តីស្រឡាញ់” Sport Tourism Valentine’s Race in Preah Sihanouk Province នៅតាមបណ្តោយឆ្នេរ សមុទ្រក្រុងព្រះសីហនុ ដើម្បីបង្ហាញសក្តានុពលថ្មី នៃហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងសណ្តាប់ធ្នាប់ អនាម័យ ជាពិសេសផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍តំបន់ឆ្នេរនៃខេត្តព្រះសីហនុដល់ទេសចរក្នុងស្រុក និងទេសចរបរទេសមកកាន់ខេត្តព្រះសីហនុកាន់តែច្រើនឡើងនៅពេលខាងមុខ។ នៅក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ ជិះកង់នៃក្តីស្រឡាញ់ នេះមានអ្នកចុះឈ្មោះចូលរួមប្រកួតសរុបចំនួនន ៣៥១រូប ក្នុងខេត្តព្រះសីហនុ និងមកពីតាមបណ្តារាជធានី-ខេត្តមួយចំនួននៃប្រទេសកម្ពុជា រួមទាំងភ្ញៀវទេសចរបរទេសផងដែរ។
ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ការបង្កើតព្រឹត្តិការណ៍ជិះកង់ក្នុងថ្ងៃនេះ គឺដើម្បីធ្វើឱ្យតំបន់ឆ្នេរសមុទ្រ ក្លាយជាកន្លែងទាក់ទាញថ្មីមួយទៀត ក្នុងការស្តាមុខមាត់ឡើងវិញ ក្រោយពីជំងឺកូវីដ-១៩ មានការធូរស្រាល និងជាការស្តាធុរកិច្ចទេសចរណ៍ផងដែរ ។ ស្របពេលដែលខេត្តព្រះសីហនុកំពុងធ្វើការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ សណ្តាប់ធ្នាប់តាមឆ្នេរសមុទ្រ និងការត្រៀមបង្ហាញសក្តានុពលថ្មីនៃតំបន់ ដែលមានបរិយាកាសថ្មី ល្អស្អាត មានហេដ្ឋារចនាសម្ព័ន្ធថ្មី ឲ្យលេចត្រដែតឡើង ។ កីឡាជិះកង់ គឺជាការបំផុសចលនាឱ្យប្រជាពលរដ្ឋលេងកីឡា ដើម្បីពង្រឹងសមត្ថភាពផ្លូវកាយ ផ្លូវចិត្ត ដែលការជិះកង់ធ្វើឱ្យសរសៃសាច់ដុំ ផ្លូវដង្ហើមមានភាពរឹងមាំ និងសុខភាពល្អ ។ ព្រឹត្តិការណ៍ជិះកង់នេះ មិនមែនជាការអភិវឌ្ឍជំនាញកម្រិតខ្ពស់នោះទេ ប៉ុន្តែវាជាការបំផុសចលនាកីឡាមួយ ដែលស្របគ្នាទៅនឹងយុទ្ធនាការប្រជាជនម្នាក់លេងកីឡាមួយមុខ ដែលគណៈកម្មាធិការជាតិរៀបចំប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ បានដាក់ចេញ ។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋ មន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ “ជិះកង់នៃក្តីស្រឡាញ់” ក្រោមការដឹកនាំប្រកបដោយឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ទោះបីកម្ពុជាធ្វើការទប់ស្កាត់ការឆ្លងរាលដាល Covid-19 ក្នុងសហគមន៍បាន ក៏ប៉ុន្តែការអនុវត្តបីកុំ បីការពារនៅតែជាអាទិភាពចាំបាច់ ដូច្នេះកីឡាករត្រូវបន្តចូលរួមតាមការណែនាំរបស់នក្រសួងសុខាភិបាល ជាពិសេសរក្សាគម្លាតសុវត្ថិភាពឱ្យបាន ១,៥០ម៉ែត្រ។ យើងមិនទាន់រៀបចំព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងបានទេ ព្រោះវាមានការប្រមូលផ្ដុំគ្នា និងមានហានីយភ័យខ្ពស់ ។ ឯកឧត្តម សង្ឃឹមថា រាជរដ្ឋាភិបាលកំពុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដជាបណ្តើរៗហើយថ្ងៃនេះកីឡាករ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសមានមោទនភាពចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ក្រុងព្រះសីហនុ ជាទីក្រុងចម្បងនៃឆ្នេរសមុទ្រកម្ពុជា និងជាតារារះនាទិសនិរតី។ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍ៗយ៉ាងច្រើនបង្កើនការទាក់ទាញវិនិយោគ និងទេសចរណ៍មកកាន់ខេត្តព្រះសីហនុ។ ឯកឧត្តម ជឿជាក់ថា ព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ បង្ហាញការចាប់ផ្តើមនៃការបង្កើតព្រឹត្តិការណ៍ទេសចរណ៍តូចៗដែលយើងបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងបង្ហាញការផ្សព្វផ្សាយគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ដើម្បីអបអរសាទរដំណើរឆ្ពោះទៅកាន់ស៊ីហ្គេម២០២៣។ ឯកឧត្តមបណ្ឌិតបន្តថា ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោបានអនុញ្ញាតឱ្យនាវាទេសចរណ៍ធុនធំ Westerdam ចូលចតដោយសុវត្ថិភាពនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីសង្គ្រោះភ្ញៀវទេសចរអន្តរជាតិច្រើនជាតិសាសន៍ មានជាង ៤០សញ្ជាតិ មានភ្ញៀវទេសចរ ១,៥៥៥ នាក់ កាយវិការមនុស្ស ធម៌របស់សម្ដេចតេជោត្រូវបានពិភពលោកអរគុណ និងផ្ដល់នូវគុណតម្លៃដ៏ឧត្តុង្គឧត្តមសម្រាប់កម្ពុជា ដែលប្រសិទ្ធនាមថា “កម្ពុជាជាប្រទេសតូច តែមានបេះដូងធំ” នេះគឺជាប្រសាសន៍ដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅរបស់សម្ដេចតេជោ។ យើងនឹងបង្កើតព្រឹត្តិការណ៍នៅឆ្នាំ ២០២២ បន្តទៀត ។ ថ្ងៃនេះមានកីឡាករ កីឡាការិនីចូលរួមប្រណាំងមកពីខេត្តកំពង់ចាម កំពង់ស្ពឺ កណ្តាល ភ្នំពេញ សៀមរាប ខេត្តព្រះសីហនុ និងមានកីឡាករជាជនបរទេសដូចជា ចិន ឥណ្ឌា ថៃ អង់គ្លេស និងហ្វីលីពីន ។
សូមបញ្ជាក់ថា វិញ្ញាសារកីឡាជិះកង់រួមមាន ៖
១. ប្រណាំងកង់ភ្នំ ៤០គីឡូម៉ែត្រ ពីឆ្នេរអូឈើទាល-ទៅឆ្នេររាម រួចត្រឡប់មកឆ្នេរអូរឈើទាលវិញ។
២. “Fun Ride” ជិះកង់កម្សាន្តឆ្នេរសមុទ្រថ្មី ២៥គីឡូម៉ែត្រ ពីឆ្នេរអូរឈើទាល-ទៅឆ្នេរអូរត្រេះ រួចត្រឡប់កមឆ្នេរអូរឈើទាលវិញ។
៣. “Family Couple Ride” ជិះកង់ក្រុមគ្រួសារ និងគូរស្នេហ៍ ១៥គីឡូម៉ែត្រ តាមផ្លូវក្នុងទីក្រុងថ្មី និងឆ្នេរសមុទ្រ។
ចំពោះលទ្ធផលជិះកង់ភ្នំ ចម្ងាយ៤០គីឡូម៉ែត្រផ្នែកនារី លេខ១បានទៅកីឡាការីនី ខេន ម៉ាឡៃ , លេខ២បានទៅលើកីឡាការីនី យត កន្និកា និងលេខ៣បានទៅលើកីឡាការីនី សូត្រ ស្រីណុច ។
ផ្នែកបុរស លេខ១ បានទៅកីឡករ កែវ រដ្ឋា លេខ២បានទៅលើ កីឡាករសាន ណាម៉ៅ និងលេខ ៣បានទៅលើកីឡាករ ស៊ាំង សីហា ៕