Home / ព័ត៌មានទូទៅ / កិច្ចប្រជុំស្តីពីការបង្ការ ការពារ និងវិធានការទប់ស្កាត់ ការនាំចូលវីរុសកូវីដ-១៩ ក្នុងសហគមន៍

កិច្ចប្រជុំស្តីពីការបង្ការ ការពារ និងវិធានការទប់ស្កាត់ ការនាំចូលវីរុសកូវីដ-១៩ ក្នុងសហគមន៍

ព្រឹកថ្ងៃសៅរ៍ ៩រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំស្តីពីការបង្ការ ការពារ និងវិធានការទប់ស្កាត់ ការនាំចូលវីរុសកូវីដ-១៩ ក្នុងសហគមន៍ ដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធាន មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ និងតំណាងសមាគមន៍ទូកដឹកភ្ញៀវទេសចរណ៍ផងដែរ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានការព្រួយបារម្មណ៍ចំពោះពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសជិតខាងមានដូចជាប្រទេសថៃ និងប្រទេសវៀតណាម។ ដោយសារតែប៉ុន្មានថ្ងៃចុងក្រោយនេះ មានការរាតត្បាតជំងឺកូវីដ-១៩ នៅប្រទេសថៃ និងវៀតណាម ជាប្រទេសមានព្រំប្រទល់គោក និងព្រំប្រទល់ទឹកជាប់ប្រទេសកម្ពុជា ក៍ប៉ុន្តែសម្រាប់ខេត្តព្រះសីហនុមិនមានព្រំដែនគោកជាប់ព្រំដែនប្រទេសទាំងពីរនេះទេ ក៍ប៉ុន្តែអាចមានប្រជាពលរដ្ឋខ្មែវិលត្រឡប់មកកម្ពុជា តាមច្រកកំពង់ផែរបស់ខេត្តព្រះសីហនុ ដូច្នេះសូមឱ្យកម្លាំងសមត្ថកិច្ចមានដូចជា កងទ័ពជើងទឹក នគរបាលព្រំដែនទឹក និងកម្លាំងពាក់ព័ន្ធមួយចំនួនទៀតចូលរួមសហការគ្រប់គ្រងផ្លូវទឹកឱ្យមានប្រសិទ្ធភាព ដើម្បីបង្ការការពារទប់ស្កាត់ការនាំចូលវីរុសកូវីដ-១៩ ចូលក្នុងសហគមន៍របស់យើង ។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា យើងអនុញ្ញាតឱ្យប្រជាពលរដ្ឋមកពីប្រទេសជិតខាងឆ្លងកាត់តាមច្រកសមុទ្រ (ផែ) ក៍ប៉ុន្ដែតម្រូវឱ្យពួកគាត់ធ្វើចក្តាឡីស័ក១៤ថ្ងៃ គោរពតាមគោលការណែនាំរបស់ក្រសួងសុខាភិបាលជាមុនសិន និងធ្វើការយកសំណាកចំនួនពីរដង ។ ដូច្នេះយើងត្រូវពង្រាយកម្លាំងតាមគោលដៅក្នុងការគ្រប់គ្រងតាមផ្លូវទឹកឱ្យបានល្អ និងរៀបចំមណ្ឌលចក្តាឡីស័ក សម្រាប់ដាក់ប្រជាពលរដ្ឋដែលវិលមកកម្ពុជា តាមច្រកកំពង់ផែនេសាទក្នុងខេត្តព្រះសីហនុ។
ក្នុងឱកាសនោះឯកឧត្ដម គួច ចំរើន បានឧបត្ថម្ភថវិកាដល់អង្គភាពចំនួន៩ ក្នុងខេត្តព្រះសីហនុ មានដូចជាៈ
-អង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ
-វរការពារព្រំដែនទឹកលេខ២៤០
-អង្គភាពកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ
-ទីបញ្ជារការជួរមុខគណៈកម្មការជាតិសន្តិសុខលម្ហសមុទ្រ
-កងទ័ពជើងទឹក បញ្ជាការដ្ឋានការពារកោះឆ្នេរ
-ស្នងការនគរបាលខេត្ត
-កងរាជអាវុធហត្ថខេត្ត
-តំបន់ប្រតិបត្តិការសឹករងខេត្ត
និងរដ្ឋបាលជលផលខេត្ត ក្នុងមួយអង្គភាពថវិកាចំនួន ១០លានរៀល