នៅព្រឹកថ្ងៃចន្ទ ៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំព្រឹត្តិការណ៍ជិះកង់នៃក្តីស្រឡាញ់ Valentine’s Bike Race ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២១ ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត អភិបាលស្រុកព្រៃនប់ ប្រធាន អនុប្រធានមន្ទីរ អង្គភាពក្នុងខេត្តព្រះសីហនុ និងប្រតិភូក្រសួងទេសចរណ៍ ។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងទេសចរណ៍សហការជាមួយសហព័ន្ធខ្មែរកីឡាទោចក្រយានរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរ ជិះកង់នៃក្តីស្រឡាញ់នៅតាមឆ្នេរសមុទ្រក្រុងព្រះសីហនុ ដើម្បីបង្ហាញពីសក្តានុពលថ្មីនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងសណ្តាប់ធ្នាប់ អនាម័យថ្មីរបស់ក្រុងគោលដៅទេសចរណ៍តំបន់ឆ្នេរ ខេត្តព្រះសីហនុ ដែលមានវិញ្ញាសាកីឡាជិះកង់
១. ប្រណាំងកង់ភ្នំ ៤០គីឡូម៉ែត្រ ពីឆ្នេរអូរឈើទាល ទៅឆ្នេររាម រួចត្រឡប់មកឆ្នេរអូរឈើទាលវិញ ។
២. Fun Ride ជិះកង់កម្យាន្ត ឆ្នេរសមុទ្រថ្មី ២៥គីឡូម៉ែត្រ ពីឆ្នេរអូរឈើទាល ទៅឆ្នេរអូរត្រេះ រួចត្រឡប់មកឆ្នេរអូរឈើទាលវិញ ។
៣. Famlly Couple Ride ជិះកង់ក្រុមគ្រួសារ និងគូរសេ្នហ៏ ១៥គីឡូម៉ែត្រ តាមផ្លូវក្នុងទីក្រុងថ្មី និងឆ្នេរសមុទ្រ ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសម្តែងការរីករាយស្វាគមន៍ចំពោះក្រសួងទេសចរណ៍ដែលបានបង្កើតព្រឹត្តិការណ៍ជិះកង់នៃក្តីស្រឡាញ់ Valentin’s Bike Race នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ ស្របពេលដែលរដ្ឋបាលខេត្តចង់បង្កើតព្រឹត្តិការណ៍ស្ទូចត្រីនៅខេត្តព្រះសីហនុផងដែរ។ ម្យ៉ាងទៀតការរៀបចំព្រឹត្តិការណ៍ជិះកង់នេះជាលើកទីមួយនៅខេត្តព្រះសីហនុ និងឈានទៅបង្កើតព្រឹត្តិការណ៍ថ្មីៗថែមទៀត ដើម្បីផ្សព្វផ្សាយសក្តានុភាពទេសចរណ៍តំបន់ឆ្នេរឱ្យកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរមកលេងកម្យាន្តខេត្តព្រះសីហនុកាន់តែច្រើនបន្ថែមទៀត ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ក្រសួងទេសចរណ៍បង្កើតព្រឹត្តិការណ៍ចលនាទេសចរណ៍ក្នុងស្រុក ហើយយើងត្រៀមរៀបចំព្រឹត្តិការណ៍នេះឡើងវិញនៅតាមខេត្តគោលដៅទេសចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា ។ មកដល់ពេលនេះ មានអ្នកចុះឈ្មោះចូលរួមជិះកង់នៃក្តីស្រឡាញ់ ១៤ កុម្ភ: ជិត ១០០នាក់ មកពីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដែលមានចំងាយផ្លូវ ៤០គីឡូ ២៥គីឡូ និង១៥គីឡូម៉ែត្រ ក្នុងនោះកីឡាករជិះកង់ ៤០គីឡូម៉ែត្រ ស្វែងរកកំរិតបច្ចេកទេស ។ ជិះ ២៥គីឡូ ជិះកំសាន្ត ដើម្បីសុខភាព បង្កើនសាមគ្គីភាព មិត្តភាពនិងបង្ហាញឆន្ទៈនៃការចូលរួមកីឡា ។ និងជិះ ១៥គីឡូម៉ែត្រ កម្សាន្តជាលក្ខណៈគ្រួសារ ឬគូស្នេហ៍ យើងសង្ឃឹមថា មានកីឡាករចូលរួម ពី៣០០ ទៅ ៥០០នាក់ ។
ក្នុងឱកាសនោះឯកឧត្ដម វ៉ាត់ ចំរើន ក៏បានសំណូមពររដ្ឋបាលខេត្តរកទីតាំងឱ្យក្រុមកីឡាករបោះតង់ស្នាក់នៅឆ្នេរក្នុងខេត្តព្រះសីហនុ ទន្ទឹមនោះសុំជួយអន្តរាគមន៍ពីសមត្ថកិច្ច និងរថយន្តសង្គ្រោះដើម្បីត្រៀមបង្ការក្រែងមានឧបទ្ទវហេតុកើតឡើងណាមួយ ។ ខេត្តព្រះសីហនុមានសក្តានុពលក្នុងការទាក់ទាញភ្ញៀវទេសចរ អ្នកវិនិយោគ ក្រោយពីបញ្ចប់កូវីដ-១៩ ក្រសួងនឹងបង្កើតព្រឹត្តិការណ៍នៅខេត្តព្រះសីហនុ ឱ្យកាន់តែច្រើនបន្ថែមទៀត មានដូចជារត់ប្រណាំងម៉ារ៉ាតុងជាដើម ៕