ព្រឹកថ្ងៃពុធ ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីសុខាភិបាលមកពីមណ្ឌល សុខភាព និងប៉ុស្តិ៍សុខភាព នៅក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្តព្រះសីហនុ លោកស្រីប្រធានមន្ទីរសុខាភិបាលខេត្ត ។
លោកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានរាយការណ៍ពីសកម្មភាពការងារសុខាភិបាលនៅខេត្តព្រះសីហនុ មានមណ្ឌលសុខភាពចំនួន ១៦កន្លែង នៅតាមក្រុង ស្រុក ក្នុងខេត្តព្រះសីហនុ ដោយសារតែស្ថានភាពមណ្ឌលសុខភាពខ្លះនៅមិនទាន់មានរបងព័ទ្ធជុំវិញនៅឡើយ ហើយមណ្ឌលសុខភាពខ្លះមានទីធ្លាទាបតម្រូវចាក់ដីបំពេញ ប្រព័ន្ធលូ និងផ្ទះរង់ចាំជាដើម ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា រដ្ឋបាលខេត្តមានគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅតាមមណ្ឌលសុខភាព ដើម្បីកែលម្អសោភ័ណភាព បរិស្ថាននៅតាមមណ្ឌលសុខភាពនានាក្នុងខេត្តព្រះសីហនុ និងត្រូវសាងសង់មណ្ឌលសុខភាពណាដែលមានប្រជាពលរដ្ឋរស់នៅច្រើន ដើម្បីងាយស្រួលឱ្យប្រជាពលរដ្ឋមកទទួលសេវានៅមណ្ឌលសុខភាពដែលនៅជិតផ្ទះពួកគាត់ដើម្បីភាពងាយស្រួល ។
ឯកឧត្តមបន្តថា យើងបានសាងសង់មន្ទីរពិសោធន៍វិជ្ជសាស្រ្ដនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ សម្រេចបាន ៩០ ភាគរយ សម្រាប់ធ្វើការវិភាគសំណាករកមេរោគកូវីដ-១៩ និងប្រភេទជំងឺឆ្លងផ្សេងៗទៀត ដែលកន្លងមកយើងយកសំណាកភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋដែលមានការសង្ស័យមានជំងឺកូវីដទៅកាន់វិទ្យាស្ថានប៉ាស្ទ័រនៅរាជធានីភ្នំពេញ វាជួបហានីភ័យច្រើន និងមានការយឺតយ៉ាវ ។ នៅពេលមន្ទីរពិសោធន៍របស់យើងសាងសង់ និងបំពាក់ឧបករណ៍រួចរាល់នឹងមានភាពងាយស្រួលក្នុងការវិភាគរកមេរោគកូវីដ-១៩នៅទីនេះ ។
ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា យើងមានថវិកាមួយចំនួនបំរើឱ្យវិស័យសុខាភិបាលនៅខេត្តព្រះសីហនុ កាន់តែល្អប្រសើរឡើងថែមទៀត ជំហានដំបូងយើងរៀបចំសាងសង់របងនៅតាមមណ្ឌលសុខភាព ដើម្បីធានាសុវត្ថិភាពជូនក្រុមគ្រូពេទ្យរបស់យើង និងបង្កើនសោភ័ណភាព បរិស្ថាន និងជំនឿទុកចិត្តពីប្រជាពលរដ្ឋនៅមូលដ្ឋាន ។
ក្នុងឱកាសនោះឯកឧត្ដម អភិបាលខេត្តបានជម្រុញឱ្យក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាពទាំងអស់បញ្ជូនមន្ត្រីរបស់ខ្លួនចូលរួមហ្វឹកហ្វឺនយកសំណាក និងព្យាបាលជំងឺកូវីដ-១៩ ដើម្បីត្រៀមបង្ការទុកជាមុន ប្រសិនបើមានករណីកូវីដ-១៩ ផ្ទុះក្នុងសហគមន៍ យើងមានមន្ត្រីសុខាភិបាលដែលមានជំនាញវិជ្ជាជីវៈត្រឹមត្រូវក្នុងការចូលរួមបំពេញការងារបានល្អ ធានាបាននូវភាពម្ចាស់ការ ក្នុងការយកសំណាក និងព្យាបាលបានទាន់ពេលវេលា ព្រោះជំងឺកូវីដនៅតែជាប្រធានបទក្តៅ មិនទាន់មានប្រទេសណាមួយធានាថា មិនមានការឆ្លងជំងឺនេះនៅឡើយ មានតែត្រៀមបង្ការកុំឱ្យឆ្លងចូលសហគមន៍របស់ពួកគេតែប៉ុណ្ណោះ ខេត្តព្រះសីហនុរបស់យើង ក៏ត្រូវត្រៀមបង្ការទុកជាមុន ៕