រសៀលថ្ងៃសុក្រ ២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំប្រមូល និងគ្រប់គ្រងថវិកា ដែលទទួលបានពីភ្ញៀវទេសចរទៅកម្សាន្តតាមកោះ សម្រាប់ទ្រទ្រង់ដល់ការគ្រប់គ្រង និងអភិរក្សធនធានតំបន់ឆ្នេរ ក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត នាយករងរដ្ឋបាលសាលាខេត្ត អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ប្រធានសមាគមន៍ទូកទេសចរណ៍ និងម្ចាស់ក្រុមហ៊ុនទូកដឹកភ្ញៀវទេសចរណ៍។
តំណាងក្រុមហ៊ុនទូកដឹកភ្ញៀវទេសចរណ៍ បានលើកឡើងពីផលពិបាកនៃការអាក់ខានបង់ថ្លៃសំបុត្រ ជូនរដ្ឋបាលខេត្តព្រះសីហនុ ដោយសារតែផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ គ្មានភ្ញៀវទេសចរទៅលេងកម្សាន្តតាមកោះក្នុងខេត្តព្រះសីហនុ ។
លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមន៍ទូកទេសចរណ៍ប្រចាំខេត្តព្រះសីហនុ ទទួលយកសំណើររបស់រដ្ឋបាលខេត្ត និងធ្វើការប្រជុំពិភាក្សាជាមួយម្ចាស់ក្រុមហ៊ុនទូកដឹកភ្ញៀវទេសចរ ដើម្បីពន្លឿនការប្រមូលថវិកាសម្រាប់ទ្រទ្រង់ដល់ការគ្រប់គ្រង និងអភិធនធានតំបន់ឆ្នេរក្នុងខេត្តព្រះសីហនុ ។
លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ ថាក្រុមហ៊ុនត្រូវមានឆន្ទះការទទួលខុសត្រូវសហការចូលរួមជាមួយរដ្ឋបាលខេត្ត ក្នុងការប្រមូលថវិកាចំនួន ២ដុល្លា ពីលើតម្លៃសំបុត្ររបស់ភ្ញៀវទេសចរក្នុងម្នាក់ៗ។ ហើយការប្រមូលថវិកានេះ គឺបានការឯកភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីស្ថានភាពគ្រប់គ្រង និងការធ្វើអាជីវកម្មទូកទេសចរណ៍នៅខេត្តព្រះសីហនុ ទន្ទឹមនោះស្នើរសុំឱ្យលោកប្រធានសមាគមន៍ រៀបចំបោះសំបុត្រទូកឯកភាពមួយ ដោយមានឡូហ្គោក្រុមហ៊ុន និងឡូហ្គោប្រធានសមាគមន៍ ដើម្បីយើងមានភាពងាយស្រួលក្នុងការគ្រប់គ្រងប្រមូលថវិកាជូនរដ្ឋ បាលខេត្តព្រះសីហនុ ។
លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកែលម្អឆ្នេរសមុទ្រ ជាលំហរសាធារណៈដ៍វែង ក្នុងការទាក់ទាញប្រជាពលរដ្ឋនៅទូទាំងប្រទេសមកទស្សនាកម្សន្តនៅខេត្តព្រះសីហនុ និងបន្តទៅលេងកម្សាន្តតាមបណ្តាកោះនានាក្នុងខេត្តព្រះសីហនុ ។
លោក ម៉ាង ស៊ីណេត ក៏បានធ្វើការណែនាំឱ្យម្ចាស់ក្រុមហ៊ុនទូកទេសចរណ៍ទាំងអស់ត្រូវមានអាវពោងសុវត្ថិភាព ក្នុងការដឹកជញ្ជូនភ្ញៀវប្រកបដោយផាសុខភាព ធានានូវសុវត្ថិភាពជូនភ្ញៀវទេសចរ ។ ព្រមទាំងឱ្យក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវទេសចរត្រូវទូទាត់ថវិកាថ្លៃសំបុត្រប្រចាំឆ្នាំ២០២០ ជូនរដ្ឋបាលខេត្តព្រះសីហនុ និងបានថ្លែងអំណរគុណក្រុមហ៊ុនទូកទេសចរណ៍របស់លោកឧកញ៉ា ទៀ វិចិត្រ ដែលបានចូលរួមជាមួយរដ្ឋបាលខេត្ត ប្រមូលថវិកា ២ដុល្លា បង់ជូនសាលាខេត្តបានទាន់ពេលវេលា សូមឱ្យក្រុមហ៊ុនផ្សេងទៀត ត្រូវពន្លឿនការបង់ថវិកាមករដ្ឋបាលខេត្ត យោងតាមលិខិតលេខ ៦៨៦៤សហវ- អទច ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីស្ថានភាពគ្រប់គ្រង និងការធ្វើអាជីវកម្មទូកទេសចរណ៍នៅខេត្តព្រះសីហនុ ។
តាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឱ្យដឹងថាខេត្តព្រះសីហនុ មានក្រុមហ៊ុនទូកដឹកភ្ញៀវទេសចរចំនួន១០ក្រុមហ៊ុន ក្នុងនោះចំនួន ០៦ បានស្នើរសុំអាជ្ញាបណ្ណពីក្រសួងទេសចរណ៍ និង ០៤ សុំអាជ្ញាបណ្ណនៅសាលាខេត្តព្រះសីហនុ ៕