Home / ព័ត៌មានទូទៅ / ពិធីបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់

ពិធីបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់

នៅព្រឹកថ្ងៃពុធ ៨ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ រៀបចំពិធីបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក លៀម សុដា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុកព្រៃនប់ លោកអភិបាលស្រុកព្រៃនប់ តំណាងមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចូលរួម នៅក្នុងបរិវេណសាលាឃុំអូរឧកញ្ញ៉ាហេង ។

ក្នុងពិធីនោះដែរ លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ បានមានប្រសាសន៍ថា ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធជូនដល់ប្រជាពលរដ្ឋ ដោយបានធ្វើការវាស់វែងក្បាលដីសរុបបានចំនួន ១៧,៤៩៦ ក្បាលដី បំពេញទំរង់បែបបទនៃការប្រមូល ទិន្នន័យក្បាលដីចំនួន ១៥,២៥៥ និងបញ្ចូលទិន្នន័យទៅក្នុងកុំព្យូទ័របានចំនួន ១៤,៤៥៨ ទំរង់បែបបទ បានចែកប័ណ្ណកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋចំនួន ២,៩០១ប័ណ្ណ ក្នុងនោះនៅស្រុកស្ទឹងហាវ ក្រុមទី១ ចុះវាស់វែងក្បាលដីបានចំនួន៥,២៩២ បំពេញ ទំរង់បែបបទនៃការប្រមូលទិន្នន័យក្បាលដីចំនួន ៣,៩៤៦ បានចែកប័ណ្ណកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋភូមិ១ ឃុំទំនប់រលកបានចំនួន ១៨៤ ប័ណ្ណ ចំណែកក្រុមទី ២ ធ្វើការចុះបញ្ជីដីធ្លីនៅក្នុង ស្រុកព្រៃនប់ ឃុំជើងគោ និងឃុំឧកញ៉ាហេង ចុះវាស់វែងក្បាលដីសរុបបានចំនួន ៦,៥៨៥ បំពេញទំរង់បែបបទនៃការប្រមូលទិន្នន័យក្បាលដីបានចំនួន ៦,២១៥ បានបិទផ្សាយ ទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចប់ក្នុង ឃុំជើងគោ និងបានចែកប័ណ្ណកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋសរុបបានចំនួន ៧៧២ ប័ណ្ណ និងក្រុមទី ៣​ធ្វើការចុះបញ្ជីដីនៅក្នុងស្រុកកំពង់សិលាឃុំកំពង់សិលា ចុះវាស់វែងក្បាលដីសរុបបានចំនួន ៥,៥២៧ បានចែកប័ណ្ណកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋ ភូមិថ្មី និងភូមិវាល បានចំនួន ១,៩៤៥ ។
លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ពិតជាអនុវត្ថទៅតាមនីតិវិធី និងបច្ចេកទេសវិទ្យាទំនើប មានតម្លាភាព និងការទទួលខុសត្រូវ ដែលប្រទេសជឿនលឿនលើពិភពលោកកំពុងអនុវត្ត ហើយនឹងមានប្រសិទ្ធិភាពលើការគ្រប់គ្រងដីធ្លី ។ នេះជាប្រការសមស្របបំផុត ដែលបានកំណត់នៅក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ និងទំនាស់ ដីធ្លីនៅក្នុងសង្គមជាតិយើង ។
លោកបានបន្តទៀតថា ដើម្បីសម្រេចបានដល់ការចេញវិញ្ញាបនប័ត្រសំគាល់អចលវត្ថុ (ប័ណ្ណកម្មសិទ្ធិ) នីមួយៗ គឺមានការងារច្រើនណាស់ ដែលទាមទារនូវការខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញ និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋជាម្ចាស់ដី ឫអ្នកកាន់កាប់ដីទាំអអស់រួមទាំងមន្ទីរ និងស្ថាប័ន្ធ ហើយពិសេសគឺអាជ្ញាធរមូលដ្ឋានត្រូវមានកិច្ចសហការល្អជាមួយមន្ត្រីជំនាញដោយជួយធ្វើការបញ្ជាក់ឯកសារមួយចំនួនដែលពាក់ព័ន្ធនឹងអត្តសញ្ញាណម្ចាស់ដី អត្តសញ្ញាណក្បាលដី និងជួយធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ
ដល់ប្រជាពលរដ្ឋដែលជាម្ចាស់ ឫអ្នកកាន់កាប់ដី មកចូលរួមក្នុងការពិនិត្យ ផ្ទៀងផ្ទាត់ក្បាលដីរបស់ខ្លួន ឲ្យបានគ្រប់គ្នាក្នុងកំឡុងពេលបិទផ្សាយនេះ ដើម្បីធានានូវភាពសុក្រឹតត្រឹមត្រូវក្នុងការចេញប័ណ្ណកម្មសិទ្ធិជូនពួកគាត់ ៕