ព្រឹកថ្ងៃចន្ទ ៦រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ជាម ហ៊ីម អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងអ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហមស្រុកព្រៃនប់ សរុបចំនួន ៣៥៧គ្រួសារ។ ពិធីចែកអំណោយបានរៀបចំនៅក្នុងបរិវេណវត្តទឹកល្អក់ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការសាខា លោកអភិបាលស្រុក និងមន្ត្រីអាជ្ញាធរមូលដ្ឋានផងដែរ។
លោក ស កក្កដា អភិបាលស្រុកព្រៃនប់ បានរាយការណ៍ពីសកម្មភាពប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៣ឃុំ ក្នុងនោះមាន ឃុំជើងគោ ១ខ្នងផ្ទះ ឃុំទឹកល្អក់ ៧០ខ្នងផ្ទះ និងឃុំទឹកថ្លា ១៥២ខ្នងផ្ទះ។ ដោយសារតែតំបន់នេះនៅតាមបណ្តោយផ្លូវជាតិលេខ៣ តែងតែទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ជារៀងរាល់ឆ្នាំ គ្រាន់តែរងគ្រោះតិច ឬច្រើនតាមស្ថានភាពអាកាសធាតុ។
ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានចូលរួមរំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីចុងខែធ្នូ និងដើមខែមករា ២០២១នេះ ព្រមទាំងបានពាំនាំការសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ ដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនមានប្រកាន់វណ្ណ: ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ ធ្វើយ៉ាងណាជួយប្រជាពលរដ្ឋបានទាន់ពេលវេលា។
ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា រាជរដ្ឋាភិបាល និងកាកបាទក្រហមក្រោមបានធ្វើសកម្មភាពជួយប្រជាពលរដ្ឋរងគ្រោះធម្មជាតិដោយខ្យល់កន្ត្រាក់ មានការខូចខាតតិច អ្នកខ្លះខូចខាតច្រើន រដ្ឋបាលខេត្តនឹងបន្តដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
ឯកឧត្តម គួច ចំរើន បន្តទៀតថា មានប្រទេសប្រមាណជា ២៩ប្រទេស បានចាប់ផ្តើមចាកវ៉ាក់សាំងកាពារជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋរៀងៗខ្លួន ហើយថ្មីនេះជំងឺកូវីដប្រភេទថ្មីបានកើតនៅប្រទេសអង់គ្លេស។ កន្លងមក រាជរដ្ឋាភិបាលកម្ពុជារបស់យើង បានធ្វើគ្រប់គ្រងព្រឹត្តិការណ៍៣វិច្ឆិកា និង២៨វិច្ឆិកាបានយ៉ាងល្អ តែថ្មីៗនេះក៏មានការផ្ទុះឡើងនូវការឆ្លងនៅក្នុងសហគមន៍នៅក្នុងខេត្តសមុទ្រ សាខន ប្រទេសថៃ ដែលជាការព្រួយបារម្ភសម្រាប់ពលករកម្ពុជាដែលធ្វើការនៅទីនោះ ទន្ទឹមនេះរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃដោយរៀបចំដឹកជញ្ជូន និងធ្វើចត្តាឡីស័ករយ:ពេល ១៤ថ្ងៃផងដែរ។
ឯកឧត្តម គួច ចំរើន ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងត្រូវផ្លាស់ប្ដូរទម្លាប់អនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវលាងសម្អាតដៃជាមួយសាប៊ូ ជែល អាល់ កុលឱ្យបានញឹកញាប់ បើចេញទៅទីសាធារណៈត្រូវពាក់ម៉ាស់ ឬកន្សែង ដើម្បីធានាថា សហគមន៍យើងមិនមានការឆ្លងជំងឺកូវីដ-១៩។
ឯកឧត្តម គួច ចំរើន បានសំណូមពរប្រជាពលរដ្ឋកុំឱ្យជឿឃោសនារបស់ក្រុមក្រៅច្បាប់ ដែលបានឃោសនាឱ្យប្រជាពលរដ្ឋត្រៀមទទួលពួកគេដែលវិលត្រឡប់មកប្រទេសកម្ពុជា នេះជាសកម្មភាពបោកប្រាស់ប្រជាពលរដ្ឋ ព្រោះអ្នកទាំងនោះ ជាអ្នកមានទោសតាមសាលដីការតុលាការរាជធានី ខេត្ត ប្រសិនបើពួកគាត់ចូលមកកម្ពុជា ត្រូវជួបបញ្ហាប្រឈមពីរ÷
ទី១.គឺត្រូវធ្វើចត្តាឡីស័ករយ:ពេល ១៤ថ្ងៃ ជាមុនសិន
ទី២.អនុវត្តវិធានការច្បាប់ (ជនមានទោស) ពីបទញុះញង់ចង់ផ្តួលរំលំរាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាលប្តេជ្ញាការពាសន្តិភាព ព្រោះកម្ពុជាមានការឈឺចាប់ដោយសារសង្គ្រាម និងការបំផ្លិចបំផ្លាញខឿនសេដ្ឋកិច្ចជាតិជាយូរឆ្នាំមកហើយ ។
ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានសំណូមពរប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិសូមជួយវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ និងក៏បានថ្លែងអំណរគុណភ្ញៀវទេសចរដែលមកលេងកម្សាន្តខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលកន្លងមក បានចូលរួមវេចខ្ចប់សំរាមបានល្អ ងាយស្រួលដល់ក្រុមការងារសំអាតតាមឆ្នេរប្រមូលបានលឿន និងបានណែនាំឱ្យរៀបចំពាក្យស្លោកលើខ្នងអាវ 《”អ្នកបោះខ្ញុំរើស អ្នកសប្បាយខ្ញុំវេទនា”》នេះជាសារក្រើនរំលឹកដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមសំអាត និងវេចខ្ចប់សំរាមឱ្យបានល្អ ដើម្បីលើកកម្ពស់អនាម័យបរិស្ថាន និងសោភ័ណ្ឌភាពទីក្រុង។
អំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះខ្យល់កន្ត្រាក់ ២២៣គ្រួសារ មកពី៣ឃុំ និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមស្រុកព្រៃនប់ ចំនួន ១៣៣នាក់ សរុប ៣៥៧គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខកំប៉ុង ១យួរ ទឹកត្រី ០១យួរ តង់មួយ កន្ទេល០១ ទឹកសិទ្ធ ០១កេស ឃិតមួយកញ្ចប់ (ក្រមា១ មុង១ ភួយ១ សារុង១) និងថវិកា ៥០,០០០រៀល ដោយឡែកក្រុមអ្នកស្ម័គ្រចិត្តកាកបាទ ក្រហម ១៣៣មិនបានទទួលតង់ទេ ៕