រសៀលថ្ងៃសុក្រ ៣រោជ ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ តំណាងដ៏ខ្ពងខ្ពស់ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ និងមន្ត្រីចូលនិវត្តន៍សរុបចំនួន ១៣៣ គ្រួសារ នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។ ពិធីចែកអំណោយបានរៀបចំនៅសាលាស្រុកកំពង់សីលា ដោយមានការចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការសាខា ប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ។
លោក ចាន់ ពន្លក អភិបាលរងស្រុកកំពង់សីលា បានរាយការណ៍អំពីសកម្មភាពគ្រួសារក្រីក្រក្នុងស្រុកកំពង់សីលាមានប្រជាពលរដ្ឋក្រ១. ចំនួន ៥៤៧គ្រួសារ និងក្រ.២ ចំនួន ៣៩៧គ្រួសារ ។ ហើយថ្ងៃនេះយើងធ្វើការចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមជូនប្រជាពលរដ្ឋងាយរងគ្រោះ និងមន្ត្រីចូលនិវត្តន៍សរុបចំនួន ១៣៣គ្រួសារ មកពីឃុំអូរបាក់រទេះមានចំនួន ៣៨គ្រួសារ ឃុំស្ទឹងឆាយ ៣៣គ្រួសារ ឃុំកំពង់សីលា ២៨គ្រួសារ និងឃុំចំការហ្លួង ៣៤គ្រួសារ ។
លោកស្រី ហៀក ហ៊ីមុល្លី អនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានពាំនាំសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត តែងតែគិតគូអំពីសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស ពិសេសប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ដោយមិនប្រកាន់វណ្ណ: ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ ធ្វើយ៉ាងណាជួយប្រជាពលរដ្ឋបានទាន់ពេលវេលា ។
ក្នុងឱកាសនោះ លោកស្រីអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បន្តថា នេះជាថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ជាថ្ងៃឆ្លងឆ្នាំសកល សូមបួងសួង និងពរជ័យជូនដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ ពិសេសជនរួមជាតិនៅទូទាំងប្រទេសឱ្យមានសុខភាពល្អ រកស៊ីទទួលទានមានបានគ្រប់ៗគ្នា ក្នុងឱកាសឆ្នាំសកល ២០២០-២០២១នេះ ។
លោកស្រី បានបញ្ជាក់ថាក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ជម្រុញការអភិវឌ្ឍធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើនជាបន្តបន្ទាប់ ហើយកម្ពុជាមានឈ្មោះល្បីរន្ទឺ និងទទួលបានដំណក់ប្រេងដំបូងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០កន្លងមក ម្យ៉ាងទៀតប្រជាពលរដ្ឋនៅទូទាំងប្រទេសបានអបអរសាទរយ៉ាងខ្លាំងនូវដំណក់ប្រេងលើកដំបូងនេះ ។ ការខិតខំប្រឹងប្រែងរបស់កម្ពុជា បន្តមកពីសម្តេចបរមរតនកោដ្ឋរហូត មកដល់បច្ចុប្បន្ន ។រាជរដ្ឋាភិបាលមានចក្ខុវិស័យត្រៀមប្រើប្រាស់ថវិកាទៅលើវិស័យអប់រំ វិស័យសុខាភិបាល ក៏ប៉ុន្តែមិនទាន់ឆ្លើយតបតាមតម្រូវការនៃការអភិវឌ្ឍប្រទេសជាតិ ។ តំណក់ប្រេងរបស់កម្ពុជាលើកទីមួយនេះ ជាកំណព្យទ្រព្យដ៍មហាសាលរបស់ជាតិទាំងមូល ។
លោកស្រី ហៀក ហ៊ីមុល្លី បានបន្តទៀតថាជំងឺកូវីដ- ១៩ មិនត្រូវបានបិទបញ្ចប់នូវទូទាំងសកលលោក ហើយខេត្តព្រះសីហនុ បានរកឃើញជំងឺកូវីដមុនគេ ដោយការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលធ្វើការទប់ស្កាត់បានទាន់ពេលវេលាដូចជាព្រឹត្តិការ ៣វិច្ឆិកា ២៨វិច្ឆិកាត្រូវបានបិទបញ្ចប់នាពេលថ្មីនេះ ក៏ប៉ុន្តែកំពុងផ្ទុះនៅប្រទេសថៃ ហើយមានកម្មករខ្មែរវិលត្រឡប់មកពីប្រទេសថៃ រកឃើញមានវីរ៉ុសកូវីដ-១៩ រាជរដ្ឋាភិបាលក៍បានធ្វើការរិតបណ្តឹងនៅតាមច្រករបៀង ចំពោះប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃ ត្រូវធ្វើចក្តាឡីស័ក ១៤ថ្ងៃ ជាមុនសិននៅតាមច្រករបៀង ទើបអនុញ្ញាតឱ្យចូលមកស្រុកកំណើតវិញ ។ ម្យ៉ាងទៀតកម្ពុជាមិនមានអ្នកជំងឺកូវីដណាម្នាក់បានស្លាប់នោះទេ ។ ព្រមទាំងធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយផ្លាស់ប្ដូរទម្លាប់អនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលត្រូវលាងសម្អាតដៃជាមួយសាប៊ូ ជែល អាល់កុលឱ្យបានញឹកញាប់ បើចេញទៅទីសាធា រណៈត្រូវពាក់ម៉ាស់ ឬកន្សែង ដើម្បីធានាថាសហគមន៍របស់យើងមិនមានការឆ្លងជំងឺកូវីដ-១៩ ។
អំណោយរបស់សាខាកាកបាទក្រហមខេត្តព្រះសីហនុ ផ្តល់ជូនប្រជាពលរដ្ឋមកពីរឃុំទាំង៤ ចំនួន ១៣៣គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខកំប៉ុង ១យួរ និងថវិកា ៥០,០០០រៀល ៕