ព្រឹកថ្ងៃសុក្រ ៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមករា ឆ្នាំ២០២០១ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ និងមន្ត្រីចូលនិវត្តន៍សរុបចំនួន ១៣៩គ្រួសារ ។ ពិធីចែកអំណោយបានរៀបចំនៅសាលាស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការសាខា លោកប្រធានក្រុមប្រឹក្សាស្រុកលោកអភិបាលនៃគណៈអភិបាលស្រុកស្ទឹងហាវ និងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត។
លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវ បានរាយការណ៍ថា ស្រុកស្ទឹងហាវ មានប្រជាពលរដ្ឋក្រ១. ចំនួន ២០៣គ្រួសារ ក្រ.២ ចំនួន ៣៣៩គ្រួសារ ក្នុងនោះឃុំអូត្រេះមាន ១២៦គ្រួសារ ឃុំកំពេញ ៥៩គ្រួសារ ឃុំទំនប់រលក ២៧២គ្រួសារ និងឃុំកែវផុស ៨៥គ្រួសារ។ ក្នុងថ្ងៃនេះយើងធ្វើការចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះ និងមន្ត្រីចូលនិវត្តន៍សរុបចំនួន ១៣៩គ្រួសារ មកពីឃុំទំនប់រលក ២៨គ្រួសារ ឃុំអូរត្រេះ ៤០គ្រួសារ ឃុំកំពេញ ២៧គ្រួសារ និងឃុំកែវផុស ៤៤គ្រួសារ ។
ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានពាំនាំការសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ពីសំណាកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះ សីហនុ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ដែលតែងតែគិតគូពីសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនមានប្រកាន់វណ្ណ: ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ ធ្វើយ៉ាងណាជួយប្រជាពលរដ្ឋបានទាន់ពេលវេលា។
ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បន្តថា នេះជាថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ជាថ្ងៃឆ្លងឆ្នាំសកល សូមបួង សួង និងពរជ័យជូនដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ពិសេសជនរួមជាតិនៅទូទាំងប្រទេសឱ្យ មានសុខភាពល្អ រកស៊ីទទួល ទានមានបានគ្រប់ៗគ្នា ក្នុងឱកាសឆ្នាំសកល ២០២០- ២០២១។
ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ជម្រុញការអភិវឌ្ឍធ្វើឱ្យសេដ្ឋកិច្ចជាតិ មានការកើនឡើង កម្ពុជាមានឈ្មោះល្បីរន្ទឺ និងទទួលបានតំណក់ប្រេងដំបូងកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កន្លងមក ប្រជាពលរដ្ឋនៅទូទាំងប្រទេសបានអប អរសាទរយ៉ាងខ្លាំង។ សកម្មភាព និងការខិតខំប្រឹងប្រែងរបស់កម្ពុជា បន្តមកពីសម្តេចបរមរតនកោដ្ឋិរហូតមកដល់បច្ចុប្បន្ន។ រាជរដ្ឋាភិបាលបានត្រៀមប្រើប្រាស់ថវិកានេះទៅលើវិស័យអប់រំ និងសុខាភិបាលនៅកម្ពុជា ក៍ប៉ុន្តែមិនទាន់ឆ្លើយតបតាមតម្រូវការអភិវឌ្ឍ ។ តំណក់ប្រេងរបស់កម្ពុជា ជាកំណប់ទ្រព្យដ៍មហាសាលរបស់ជាតិយើង។
ឯកឧត្តម គួច ចំរើន បានសំណូមពរប្រជាពលរដ្ឋ កុំឱ្យជឿឃោសនារបស់ក្រុមក្រៅច្បាប់ ដែលបានឃោសនាឱ្យប្រជាពលរដ្ឋត្រៀមទទួលនៅថ្ងៃទី៤ ខែមករា ឆ្នាំ ២០២១ខាងមុខ ដែលសកម្មភាពនេះជាការបោកប្រាស់ ព្រោះអ្នកទាំងនោះ ជាអ្នកមានទោសតាមសាលដីការតុលាការ រាជធានី ខេត្ត ប្រសិនបើពួកគាត់ចូលមកកម្ពុជា គឺត្រូវជួបបញ្ហាប្រឈមពីរ៖
ទី១.គឺត្រូវធ្វើចក្តាឡីស័ករយ:ពេល ១៤ថ្ងៃ ជាមុនសិន
ទី២.អនុវត្តវិធានការច្បាប់ (ជនមានទោស) ពីបទញុះញង់ចង់ផ្តួលរំលំរាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាលប្តេជ្ញាការពាសន្តិភាព ព្រោះកម្ពុជាមានការឈឺចាប់ដោយសារសង្គ្រាម និងការបំផ្លិចបំផ្លាញខឿនសេដ្ឋកិច្ចជាតិជាយូរឆ្នាំមកហើយ។
ឯកឧត្តម គួច ចំរើន ក៏បានធ្វើការអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋត្រូវចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងត្រូវផ្លាស់ប្ដូរទម្លាប់អនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវលាងសម្អាតដៃជាមួយសាប៊ូ ជែល អាល់កុលឱ្យបានញឹកញាប់ បើចេញទៅទីសាធារណៈត្រូវពាក់ម៉ាស់ ឬកន្សែង ដើម្បីធានាថាសហគមន៍យើងមិនមានការឆ្លងជំងឺកូវីដ-១៩។
ក្នុងនោះអំណោយរបស់សាខាកាកបាទក្រហមខេត្តព្រះសីហនុ ផ្តល់ជូនប្រជាពលរដ្ឋមកពីរឃុំទាំង៤ ចំនួន ១៣៩គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខកំប៉ុង ១យួរ និងថវិកា ៥០,០០០រៀល៕