Home / ព័ត៌មានទូទៅ / ដំណើរទស្សនកិច្ចសុច្ឆន្ទៈរបស់កងទ័ពជើងទឹកឥណ្ឌា តំបន់អាស៊ីអាគ្នេយ៍ក្រោមបេសកកម្ម SAGAR-៣ របស់នាវាកងទ័ពជើងទឹកឥណ្ឌា“ INS KILTAN”

ដំណើរទស្សនកិច្ចសុច្ឆន្ទៈរបស់កងទ័ពជើងទឹកឥណ្ឌា តំបន់អាស៊ីអាគ្នេយ៍ក្រោមបេសកកម្ម SAGAR-៣ របស់នាវាកងទ័ពជើងទឹកឥណ្ឌា“ INS KILTAN”

កាលពីព្រឹកថ្ងៃពុធ ១រោជ ខែបុស្ស ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២០ ឯកឧត្តម ហង្ស សាមឿន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តំណាងឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ និងអគ្គមេបញ្ជាការរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ បានទទួលដំណើរទស្សនកិច្ចសុច្ឆន្ទៈរបស់កងទ័ពជើងទឹកឥណ្ឌា តំបន់អាស៊ីអាគ្នេយ៍ក្រោមបេសកកម្ម SAGAR-៣ របស់នាវាកងទ័ពជើងទឹកឥណ្ឌា“ INS KILTAN” ដឹកនាំដោយមេបញ្ជាការ BK Ponnappa បាននាំយកសម្ភារៈសង្គ្រោះគ្រោះទឹកជំនន់ចំនួន ១៥តោន ប្រមាណ ៧០០កេសធំ ដែលក្នុងនោះមានសម្ភារៈគ្រោះទឹកជំនន់ចំនួន ៣,០០០ឃិត បានមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី២៩ ខែធ្នូឆ្នាំ២០២០ នាវាកងទ័ពជើងទឹកឥណ្ឌាគ្រោងចាកចេញពីដែនទឹកកម្ពុជានៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ។

ឯកឧត្តម B. Subba Rao លេខាទី២ តំណាងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានរំលឹកនូវការគាំទ្ររបស់រដ្ឋាភិបាលឥណ្ឌា ចំពោះប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្នប៉ុណ្ណោះទេ ការបរិច្ចាគសម្ភារៈជំនួយទឹកជំនន់ តាមរយ:ស្ថានទូតឥណ្ឌាប្រចាំនៅរាជធានីភ្នំពេញ បានសហការជាមួយសហគមន៍ឥណ្ឌា និងធុរ:កិច្ចឥណ្ឌា បានចូលរួមបរិច្ចាគសម្ភារៈស្បៀង និងថ្នាំពេទ្យដល់ប្រជាជនរងគ្រោះដោយទឹកជំនន់នៅខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង កាលពីខែវិច្ឆិកា ឆ្នាំ២០២០ កន្លងមកគឺជាការបង្ហាញពីចំណងមិត្តភាព សាមគ្គីភាពដ៏ស្ថិតស្ថេររវាងប្រទេសទាំងពីរ។
ឯកឧត្តមបានបញ្ជាក់ទៀតថាជំនួយដែលផ្តល់ដោយរដ្ឋាភិបាលឥណ្ឌា និងសហគមន៍ឥណ្ឌានៅកម្ពុជា បានបង្ហាញនូវសារដ៏កក់ក្តៅដល់ប្រជាជនកម្ពុជាថារដ្ឋាភិបាលឥណ្ឌា និងសហគមន៍ឥណ្ឌានៅកម្ពុជា ជួយផ្តល់ជំនួយក្នុងគ្រាលំបាក និងបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។
ឯកឧត្តម ហង្ស សាមឿន តំណាងឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ក៏ដូចជួសមុខឱ្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលឥណ្ឌាដែលបានបរិច្ចាកជំនួយសង្គ្រោះមកប្រទេសកម្ពុជាគឺជាកាយវិការប្រកបដោយទឹកចិត្តមនុស្សធម៌ជួយដល់ប្រជាជនរងគ្រោះដោយទឹកជំនន់នៅកម្ពុជាបង្ហាញសារដ៏សំខាន់ដែលឥណ្ឌាយកចិត្តទុកដាក់ចំពោះប្រទេសកម្ពុជា និងប្រទេសជិតខាងសមុទ្រដទៃទៀត។
ដំណើរទស្សនៈកិច្ចដើម្បីការយកសម្ភារៈ HADR ក្នុងគ្រាលំបាកត្រូវបានគេរំពឹងថាមិនត្រឹមតែបានបង្កើនកិច្ចសហប្រតិបត្តិការតាមសមុទ្ររវាងកងទ័ពជើងទឹកឥណ្ឌា និងកងទ័ពជើងទឹកកម្ពុជាប៉ុណ្ណោះទេថែមទាំងរួមចំណែកជាវិជ្ជមានដល់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។
ឯកឧត្តមសង្ឃឹមថា ទោះបីមានបទប្បញ្ញត្តិស្តីពីជំងឺរាតត្បាតកូវីដ-១៩ និងបទដ្ឋានគំលាតសង្គម និងសកម្មភាពផ្សេងទៀតត្រូវបានរឹតបណ្តឹង ក៏ដោយដំណើរទស្សនកិច្ចសុឆន្ទៈបង្កើនទំនាក់ទំនងទ្វេរភាគីរវាងប្រទេសទាំងពីរកាន់តែមានភាពស្និតស្នាលបន្ថែមទៀតរវាងរាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ៕