ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្រះទឹក និងផ្ទះ១ខ្នង ជាអំណោយរបស់សម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពជា ផ្ដល់ជូនប្រជាពលរដ្ឋ នៅឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្រះទឹកមួយកន្លែង ដែលជា សំណង់អាងស្តុកទឹក សំរាប់ស្តុកទឹកបំរើ ផលប្រយោជន៍ ជូនប្រជាពលរដ្ឋប្រើប្រាស់ នៅឃុំទឹកល្អក់ ស្រុកព្រៃនប់ និងផ្ទះ១ខ្នង ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានសម្ពោធជូនប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ តាមរយៈ ឯកឧត្ដម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វ័យតក្រុងព្រះសីហនុ និង ជាប្រធានសាខាកាកបាទក្រហម កម្ពុជា ខេត្ត និងកិច្ចគាំទ្រសហការពីអាជ្ញាធរមូលដ្ឋាន ឃុំ ស្រុក រួម និងប្រជាពលរដ្ឋក្នុងឃុំទឹកល្អក់ ។
លោកប្រធានក្រុមប្រឹក្សាឃុំទឹកល្អក់ បានឡើងធ្វើរបាយការណ៍ដឹងថា ឃុំទឹកល្អក់មានភូមិ ចំនួន ៤ភូមិ (ភូមិកំពង់ស្មាច់តូច ភូមិព្រែកផ្អាវ ភូមិជ្រលង និងភូមិទួល) មានផ្ទៃដីសរុប១,២៩៦.៧០ហិកតា ក្នុងនោះដីកសិកម្មចំនួន៧០០ហិកតា
ដីព្រៃ៤៨០ហិកតា ដីលំនៅដ្ឋាន១១៦.៧០ហិកតា មានប្រជាពលរដ្ឋសរុប ៩៣៣គ្រួសារ មនុស្សសរុប៤,៧៨៧នាក់ ស្រី២,៥៣៩នាក់ លោកប្រធានក្រុមប្រឹក្សាឃុំទឹកល្អក់បានបញ្ជាក់ថាស្រះទឹក ដែលបានស្ដារឡើងវិញរួចរាល់ ជាស្ថាពរនេះ មានប្រវែង១៥៥ម៉ែត្រ និង ទទឹង៨៥ម៉ែត្រ ជំរៅបាតប្រវែង៣ម៉ែត្រ ចំណាយថវិកាអស់១២.០០០ដុល្លាអាមេរិក
ស្រះទឹកនេះអាចស្តុកទឹកបានប្រម៉ាណ១០,០៧៣ម៉ែត្រគូប ។
ដោយឡែកផ្ទះ១ខ្នង ដែលទើបសាងសង់រួចជាស្ថាពរ មានទំហំ៤គុណ និង៥ម៉ែត្រ សង់អំពីឈើប្រក់ស័ង្កសី ចំណាយ ថវិកាអស់ចំនួន១.០០០ដុល្លាអាមេរិកជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជាក៏ត្រូវបានធ្វើពិធីប្រគល់ទទួលផ្ដល់ជូនគ្រួសារប្រជាពលរដ្ឋ ១គ្រួសារ គឺលោក ចាន់ សាវី ជាប្រជាជនក្រីក្រ ជួបការលំបាក រស់នៅភូមិជ្រលង ឃុំទឹកល្អក់នេះផងដែរ។
ឯកឧត្ដម យន្ត មីន អភិបាលខេត្ត ដែលបានអញ្ជើញជាអធិបតីក្នុងពិធីនេះ បានចាត់ទុកសំណង់ស្រះទឹកមួយកន្លែងនៅ
ឃុំទឹកល្អក់ ស្រុកព្រៃនប់នេះ គឺជាសមិទ្ធិផលថ្មីមួយទៀតដែលខេត្តព្រះសីហនុ សំរេចបានហើយស្រះទឹកនេះ នឹងផ្ដល់ ផលប្រយោជន៍ជូនប្រជាពលរដ្ឋទូទៅ បានប្រើប្រាស់ ជាពិសេសប្រជាពលរដ្ឋនៅក្នុងឃុំទឹកល្អក់ ក្រោមការឧបត្ថម្ភពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជាភរិយាដ៏ឧត្ដុងឧត្តម សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចំណាយថវិការហូតដល់ ១២.០០០ ដុល្លាអាមេរិក ។ ឯកឧត្ដមអភិបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាស្រះទឹកនេះ អោយបានល្អគង់វង្ស និងបានហាមឃាត់ពីការរំលោភបំពានណាមួយ ពីសំណាក់ជនខិលខូចបំផ្លាញប្រព័ន្ធសំណង់ ស្រះទឹក ដើម្បីផលប្រយោជន៍បុគ្គលត្រូវហាមឃាត់ជាដាច់ខាត ៕ TR
អត្ថបទ លោក ខេង សីហា ទទក
Hello
Hi