នៅរសៀលថ្ងៃអាទិត្យ ១៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម និងមន្ត្រីបច្ចេកទេសកម្រិតមូលដ្ឋានកីឡាម៉ូតូទឹក ឆ្នាំ ២០២០ និងចែកវិញ្ញាបនប័ត្រ ដល់សិក្ខាកាមចូលរួមសរុបចំនួន១៩នាក់ ស្រី៤នាក់។
ឯកឧត្តម ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថាក្នុងនាមថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា មានសេចក្តីសោមនស្សរីករាយ និងចូលរួមអបអរសាទរចំពោះសមាជិក សមាជិកាវគ្គទាំងអស់ដែលបានចូលរៀនបញ្ចប់ដោយជោគជ័យនូវវគ្គបណ្ដុះបណ្ដាល អាជ្ញាកណ្ដាល ចៅក្រម និងមន្ត្រីបច្ចេកទេសកម្រិតមូលដ្ឋានកីឡាម៉ូតូទឹកកម្ពុជានិងសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរៀបចំរបស់គណៈកម្មការរៀបចំវគ្គ និងតំណាងក្លឹបកីឡានានា ជាពិសេសកិច្ចសហការល្អរបស់មន្ទីរអប់រំ យុវជន និងកីឡា និងមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ដែលបានចូលរួមសហការរៀបចំវគ្គបណ្ដុះបណ្ដាលដំណើរការដោយរលូន។ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការការពារទប់ស្កាត់ការឆ្លងជំងឺ Covid-19 គណៈកម្មការរៀបចំវគ្គបានអនុវត្តយ៉ាងម៉ឺងម៉ាត់តាមគោល ការណ៍សុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាបានយ៉ាងត្រឹមត្រូវ។ កីឡាម៉ូតូទឹក( jet ski) ជាប្រភេទកីឡាទំនើប ដែលកំពុងពេញនិយមក្នុងចំណោមយុវវ័យ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ក្នុងការជិៈលេងកម្សាន្ត និងហ្វឹកហាត់ជាកីឡាករអាជីព ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតនានា។ កីឡាប្រភេទនេះមានការលេងយ៉ាងផុសផុលក្នុងចំណោមប្រទេសនានាដែលមានសុខសន្តិភាព និងមានជីវភាពធូរធារីកចម្រើន។ បច្ចុប្បន្ននៅកម្ពុជាកំពុងមានកំណើន និងសន្ទុះនៃការចាប់ អារម្មណ៍លេងកីឡាប្រភេទនេះយ៉ាងច្រើនផុលផុសផងដែរ ដែលនេះសបញ្ជាក់ឲ្យឃើញច្បាស់ថា កម្ពុជាជាប្រទេសមានសុខសន្តិភាពពេញលេញ និងមានជីវភាពរីកចម្រើន ប្រជាពលរដ្ឋស្វែងរកសេវា និងការកំសាន្តសប្បាយតាមបែបកីឡា ពិសេសកីឡាលើទឹកដែលកំពុងពេញនិយម។
ឯកឧត្តមបានបន្តថា សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៧ និងបានបង្កើតស្នាដៃល្បីល្បាញជូនកម្ពុជានៅលើឆាកអន្តរជាតិ តាមរយៈការបញ្ជូនកីឡាករឆ្នើមរបស់កម្ពុជាទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតទាំងកម្រិតតំបន់ និងពិភពលោក ក្នុងនោះវីរៈកីឡាករ សាលី អ៊ូមើត បានទទួលមេដាយ មាស១ និងសំរិទ្ធ១ ពីការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីលើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ីឆ្នាំ ២០១៨ នឹងបានប្រកួតឈ្នះមេដៃជាបន្តបន្ទាប់ជូនជាតិផងដែរ។
ជាមួយនឹងសមិទ្ធផលនានា ដែលសហព័ន្ធបានទទួល និងទទួលបានការឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសពីក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងទេសចរណ៍ វាជាការលើកទឹក ចិត្តយ៉ាងខ្លាំង និងបានផ្តល់ភាពកក់ក្តៅដល់កីឡាករ និងសហព័ន្ធទាំងមូល។ ដើម្បីរក្សានិរន្តភាព និងពង្រឹងបន្ថែមនូវសក្តានុពលរបស់កីឡាម៉ូតូទឹកកម្ពុជា ត្រៀមឲ្យបានរួចរាល់សម្រាប់ចូល រួមប្រកួតដណ្ដើមមេដាយ និងធ្វើជាម្ចាស់ ផ្ទះរៀប ចំកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា សហព័ន្ធត្រូវបន្តខិតខំបន្ថែមទៀតលើការហ្វឹក ហាត់កីឡាករ ដែលមានទេពកោសល្យសមស្របថ្មីៗ ឲ្យបានច្រើន និងមានតម្រូវការបណ្តុះ បណ្តាលធនធានមនុស្សឲ្យបានគ្រប់គ្រាន់។ ដូច្នេះវគ្គបណ្តុះបណ្តាលពេលនេះ ត្រូវបានកំណត់យ៉ាងជាក់លាក់នៅក្នុងផែនការមេ ជាយុទ្ធសាស្រ្តរបស់សហព័ន្ធ។