រសៀលថ្ងៃអង្គារ ៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសស្តីពីប្រព័ន្ធអំពូលសូឡាបំភ្លឺផ្លូវសូឡា PV និងម៉ូតូអាគុយ ក្រោមអធិបតីភាពឯកឧត្តម សុខ គាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងពត៌មានបរិស្ថាន និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ដោយមានការចូលពីមន្ត្រីបច្ចេកទេសក្រុង ស្រុកទាំង៥ ខេត្តព្រះសីហនុ ។
ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងពត៌មានបរិស្ថាន មានប្រសាសន៍ថា ក្រសួងអេកូឡូស៊ី និងបរិស្ថានប្រទេសចិន បានផ្តល់អំពូលសូឡាចំនួន ២,៨០០អំពូល ផ្ទាំងសូឡា ២០០កំប្លេ ម៉ូតូអាគុយចំនួន ២០០គ្រឿង និងឧបករណ៍វាស់ខ្យល់ ១០ស្ថានីយ ជូនក្រសួងបរិស្ថានកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការត្បូង ត្បូង ក្នុងការចូលរួមអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការអភិវឌ្ឍបញ្ចេញកាបូនទាប ។
លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អបអសាទរដល់ក្រសួងបរិស្ថាន បានបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសដល់ក្រុមបច្ចេកទេសក្រុង ស្រុកទាំង ៥ របស់ខេត្តព្រះសីហនុ ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ បានយកចិត្តទុកដាក់ និងចូលរួមអភិវឌ្ឍខេត្តព្រះសីហនុ មានការរីកចម្រើន។ រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យបង្កើនកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០៣០ ប្រជាជនមានចំណូលមធ្យមកម្រិតខ្ពស់ជាផ្នែកមួយនៃការជំរុញកំណើនសេដ្ឋកិច្ចជាតិ ។ រាជរដ្ឋាភិបាលជំរុញឱ្យខេត្តព្រះសីហនុ ជាទីផ្សារហិរញ្ញវត្ថុ ហើយកត្តាសំខាន់យើងត្រូវមានធនធានមនុស្ស និងកត្តាសន្តិភាព ។ ការអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងយុទ្ធសាស្ត្រចតុកោណពង្រឹងគុណភាពវិស័យអប់រំ បង្កើនធនធានមនុស្សនៅកម្ពុជា ជាពិសេសធនធានមនុស្សនៅខេត្តព្រះសីហនុ។ ម្យ៉ាងទៀតវគ្គបណ្តុះបណ្តាលបច្ចេកទេសស្តីពីប្រព័ន្ធអំពូលសូឡាបំភ្លឺផ្លូវ សូឡា PV និងម៉ូតូអាគុយ ដើម្បីយកទៅបំពាក់នៅតាមសាលារៀននានា ដូចជាការបង្រៀន ការលេងកីឡា និងបណ្ណាល័យជាដើម។ដូចនេះក្រុមការងារបច្ចេកទេសក្រុង ស្រុកទាំង៥ ត្រូវយកចិត្តទុកដាក់រៀនសូត្រពីគ្រូបង្គោលមកពីប្រទេសចិន ដើម្បីទទួលបានចំណេះដឹងក្នុងការថែទាំការជួសជុលនៅពេលខាងមុខ ។
ឯកឧត្តម សុខ គាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ទទួលបន្ទុកវិស័យអប់រំខេត្តព្រះសីហនុ មានប្រសាសន៍ថា ប្រតិភូប្រទេសចិននាំមកនូវចំណេះដឹង និងបង្ហាត់បង្ហាញនូវបច្ចេកទេស ស្តីពីការតំឡើងប្រព័ន្ធអំពូលសូឡាបំភ្លឺផ្លូវ សូឡា PV ម៉ូតូអាគុយ និងឧបករណ៍ជាច្រើនទៀត។ ស្ថិតក្នុងស្ថានភាពជំងឺកូវីដ-១៩ កំពុងរាតត្បាតពេញសកលលោក យើងក៍បានចុះស្រង់សាលានានាក្នុងខេត្តព្រះសីហនុ ដើម្បីធ្វើការតំឡើងអំពូលសូឡាធានាការប្រើប្រាស់បានយូរ ។
ឯកឧត្តម សុខ គាង បានបន្តថាខេត្តព្រះសីហនុ ជាប៉ូលមួយក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំង៣ មានរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានចង់ឱ្យខេត្តព្រះសីហនុ មានធនធានមនុស្សក្នុងការគ្រប់គ្រងសេដ្ឋកិច្ចខ្លួនឯង។ សង្ឃឹមថាសិក្ខាកាមទាំង៥ ក្រុង ស្រុក ទទួលបានចំណេះដឹងថ្មីបន្ថែមទៀតយកទៅធ្វើការតំឡើង ថែរក្សាជួសជុលប្រព័ន្ធសូឡាឱ្យមានប្រសិទ្ធភាពការប្រើប្រាស់បានយូរ ៕