ព្រឹកថ្ងៃអង្គារ ៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវ ប្រាក់ ច័ន្ទសុខា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ និងឯកឧត្ដម ឆេង សុភ័្រក អនុប្រធាន គ.ក.ស.ក និងជាសមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការចូលរួមពីប្រធាន អនុប្រធានមន្ទីរ អង្គភាពក្នុងខេត្តព្រះសីហនុ ។
កិច្ចប្រជុំសាមញ្ញលើកទី១៤ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ របស់គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តព្រះសីហនុ មានរបៀបវារៈចំនួន៧ លើកយកមកពិភាក្សា មានដូចជា ÷
១.មតិបើកកិច្ចប្រជុំ ពិនិត្យកូរ៉ុម និងអនុម័តសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំ។
២.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំ និងលទ្ធផលការងារខែតុលា។
៣.រាយការណ៍ និងពិភាក្សាស្ថានភាពអប់រំ និងមត្តេយ្យសហគមន៍។
៤.របាយការណ៍ និងពិភាក្សាស្ថានភាពសុខភាពស្ត្រី និងកុមារ។
៥.រាយការណ៍ និងពិភាក្សាស្ថានភាពកុមារ។
៦.រាយការណ៍ និងពិភាក្សាស្ថានភាពស្ត្រី និងយេនឌ័រ។
៧.ផ្សេងៗ ។
លោកជំទាវ ប្រាក់ ច័ន្ទសុខា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តព្រះសីហនុ មានប្រសាសន៍បើកកិច្ចប្រជុំជម្រាបជូនពីសកម្មភាពថ្មីរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រិត្តិការណ៍ ៣វិច្ឆិកា ទទួលបានលទ្ធផលល្អព្រមទាំងផ្តល់អនុសាសន៍ដល់មន្ទីរ អង្គភាពទាំងអស់ត្រូវសហការជាមួយមណ្ឌលបុរីកុមារកំព្រាខេត្ត និងអង្គការម្លប់តាប៉ាង ប្រឹក្សាជាមួយស្រ្តីជាម្តាយ កុមារីពីរនាក់ បានស្នើសុំកូនទាំងពីរស្នាក់នៅមណ្ឌលបុរីកុមារកំព្រាខេត្ត ។ តាមដានធ្វើបែបបទស្នើសុំតាមនីតិវិធី លើករណីស្រ្តីដែលមានសតិមិនល្អក្នុងខេត្ត ។ ចុះអង្កេតតាមដានអ្នកស្នាក់នៅអាគារប្រៃនីយ៍ចាស់ ជិតសណ្ឋាគារហ្គោដិនស៊ី សង្ស័យករណីពាក់ពន្ធគ្រឿងញៀន ។
លោកជំទាវ បានបន្តថា ទិសដៅបន្តយើងត្រូវកែលម្អបន្ថែម លើការអនុវត្តការងារកិច្ចការស្ត្រី និងកុមារ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដោយចុះសួរសុខទុក្ខកុមារដែលទទួលសេវានៅអង្គការ អេលឃីដស៍ ស្នាក់ការនៅឃុំរាម ស្រុកព្រៃនប់ និងពិនិត្យតាមដានស្ថានភាពគ្រួសារប្រជាពលរដ្ឋមានសមាជិក ៨នាក់ ដោយសមាជិកគ្រួសារមានពិការ ភាពចំនួន ៦នាក់ នៅឃុំតានៃ ស្រុកព្រៃនប់ ។ អនុវត្តយុទ្ធនាការ ១៦ថ្ងៃ ឆ្នាំ២០២០ “ក្រោមប្រធានបទ បង្កើនការវិនិយោគ ដើម្បីទប់ស្កាត់ និងឆ្លើយតបអំពើហឹង្សាលើស្ត្រី ក្នុងបរិបទកូវីដ-១៩” និងការរៀបចំផែនការសកម្មភាព និងផែនការថវិកាសម្រាប់ឆ្នាំ២០២១ ៕