នៅថ្ងៃពុធ ៩រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរដោយលោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំមន្រ្តីជំនាញ ទីប្រឹក្សាAspire និងភ្នាក់ងារផ្សព្វផ្សាយឃុំ ចុះបំពេញការងារនៅស្រុកព្រៃនប់ដែលមានសកម្មភាពនិងលទ្ធផលដូចខាងក្រោម÷
១. ពិនិត្យការច្រូតកាត់ដំណាំស្រូវ:
គិតត្រឹមថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ក្នុងស្រុកព្រៃនប់ទាំងមូល ច្រូតកាត់បានចំនួន ១.៨៥៧ហិកតា ស្មើនឹង ២០.៣៩% ទិន្នផលបឋម ៣.៣តោនក្នុងមួយហិកតា។ ស្រូវដែលឈ្មួញ នាំចេញពីស្រុកព្រៃនប់ទៅខេត្តតាកែវ និងកំពត ប្រមាណ ១៣០តោនក្នុងមួយថ្ងៃ ។ តម្លៃស្រូវចំណីដែលកសិករលក់ទៅឈ្មួញចន្លោះពី ៩៥០រៀលទៅ ១ ០០០រៀលក្នុងមួយគីឡូក្រាម។
២. ពិនិត្យបណ្តុំអាជីវកម្មចិញ្ចឹមត្រីឃុំសាមគ្គី: បណ្តុំអាជីវកម្មចិញ្ចឹមត្រីអណ្តែងមាន ៦៣គ្រួសារ ក្នុងនោះ ៦គ្រួសារបានប្រមូលផលវគ្គទី១ និងបានដាក់កូនត្រីសារជាថ្មី ចំណែកឯកសិករចំនួន ៥៧គ្រួសារទៀត ប្រមូលផលបានប្រមាណ ៥០ភាគរយ។ កសិករលក់បានក្នុងតម្លៃ ពី ៧.០០០រៀល ទៅ ៨ ០០០រៀលក្នុងមួយគីឡូក្រាម។
៣. ពិនិត្យបណ្តុំអាជីវកម្មបកក្តាម និងប្រមូលទិញសាច់ក្តាមនៅឃុំទឹកថ្លា: មានចំនួន ៤៥គ្រួសារ បកសាច់ក្តាម ដែលជាមធ្យមបានចន្លោះពី ៧០ទៅ ៨០គីឡូក្រាម។ សាច់ក្តាមត្រូវបានលក់ឲ្យទៅឈ្មួញនៅខេត្តកោះកុង ក្នុងនោះ ប្រភេទលេខ១ តម្លៃ ១០ម៉ឺនរៀល និងលេខ២តម្លៃ ២ម៉ឺនរៀល។
ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម គួច ចំរើន ជូនកសិករចំនួន ៥០ គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបានក្រមា ០១ និងថវិកា ១ម៉ឺនរៀល។