សំណង់អគារមន្ទីរពិសោធន៍វេជ្ជសាស្រ្ត ដែលកំពុងដំណើរការសាងសង់ មានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ មន្ទីរពិសោធន៍វេជ្ជសាស្រ្តនេះ ត្រូវបានបំពាក់ដោយម៉ាស៊ីនពិនិត្យវិភាគ និងបរិក្ខារវេជ្ជសាស្ត្រទំនើបៗ ជួយសម្រួលក្នុងការពិនិត្យ វិភាគជំងឺទូទៅ ពិសេសជំងឺឆ្លងដូចជាជំងឺកូវីដ-១៩ ជាដើម។
ទន្ទឹមនេះរាជរដ្ឋាភិបាល បាន និងកំពុងសិក្សាគម្រោងស្ថាបនាអគារមន្ទីរពេទ្យធំ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីបំពេញសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត និងស្របតាមការរីកចម្រើនរបស់ខេត្តព្រះសីហនុផងដែរ។
ការអភិវឌ្ឍន៍មន្ទីរពេទ្យរបស់យើង ចាំបាច់ត្រូវមានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវធំទូលាយ បរិយាកាសស្ងប់ស្ងាត់គ្មានការរំខាន អនាម័យបរិស្ថាន បរិយាកាសល្អខ្យល់បរិសុទ្ធ មានសម្ភារៈបរិក្ខារទំនើបទាន់សម័យ និងក្រុមគ្រូពេទ្យដែលមានជំនាញ និងបទពិសោធន៍ច្បាស់លាស់។ល។
ដូច្នេះសូមបងប្អូនមួយចំនួនដែលបានសាងសង់សំណង់មិនរៀបរយនៅជាប់នឹងរបងមន្ទីរពេទ្យបង្អែកខេត្តដែលជាដីចំណីផ្លូវសាធារណៈ(ផ្លូវលេខ២០០) និងជាដីត្រៀមបម្រុងសម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញមន្ទីរពេទ្យបង្អែកខេត្តនេះ ចូលរួមសហការធ្វើការរុះរើ និងប្រគល់ទីតាំងខាងលើជូនរដ្ឋបាលខេត្ត ធ្វើការអភិវឌ្ឍន៍ដើម្បីទុកជាប្រយោជន៍សាធារណៈ ជាពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុយើងទាំងមូល។